ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នាដៃ​ កំណែទម្រង់​ ទណ្ឌកម្ម​អន្តរជាតិ និង​សមាជិក​ថ្មី​ របស់​អាស៊ាន


នៅ​សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជួប​ប្រជុំ​នៅ​ទី​ក្រុង​ភ្នំពេញ​។
នៅ​សប្តាហ៍​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជួប​ប្រជុំ​នៅ​ទី​ក្រុង​ភ្នំពេញ​។

រដ្ឋ​មន្ត្រី​ការ​បរទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជួប​ប្រជុំ​នៅ​ទី​ក្រុង​ភ្នំពេញ​សប្តាហ៍​នេះដើម្បី​ពិភាក្សា​ថ្នាក់​ខ្ពស់​។ លោក​ Surin Pitsuwan ​អគ្គ​លេខា​ធិការ​អាស៊ាន ដែលនឹង​ត្រូវ​ចប់​អាណត្តិនៅ​ឆ្នាំនេះ​ និយាយ​ជាមួយ​វីអូអេនៅ​ក្នុង​ព្រឹត្តការណ៍​ដោយ​ឡែក​មួយ។ លោក​បាន​ចែក​រំលែកទស្សនៈ​របស់​លោកស្តី​អំពី​ស្នាដៃ​ដែល​អាស៊ាន​ទទួល​បាន​ក្នុង​អាណតិ្ត​របស់​លោកក្នុង​នាម​ជា​អគ្គ​លេខា​ធិការអាស៊ាន​ ជំហាន​នៃ​កំណែ​ទម្រង់ ការ​បញ្ចប់ទណ្ឌកម្ម​អន្តរជាតិប្រឆាំងនឹងភូមា និង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិកថ្មី​របស់​ប្លុក​អាស៊ាន។

សំណួរ៖ តើ​លោក​មាន​ស្នាដៃ​អ្វី​ខ្លះ​ក្នុង​អាណត្តិ​របស់​លោក​ជា​អគ្គ​លេខា​ធិការ​អាស៊ាន?​

ចម្លើយ៖ សំខាន់​បំផុត​គឺ​អាស៊ាន​បាន​កើន​មុខ​មាត់​ថ្មី​ និង​ខ្ពស់​ត្រដែត​របស់​ខ្លួន​។ មិន​មែន​ដោយ​សារ​តែ​ខ្ញុំ​ទេ ប៉ុន្តែ​ពី​ព្រោះ​តែ​មេដឹក​នាំ​បាន​សម្រេច​ថា យើង​នឹង​ចាប់ផ្តើម​កសាង​សហគមន៍។ យើង​មាន​ធម្មនុញ្ញ​ ហើយ​យើង​មាន​រចនា​សម្ព័ន្ធ​ ដើម្បី​ជំរុញ​គ្រប់​វិស័យ​ក្នុង​កម្រិត​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​សហគមន៍​មួយ​ត្រឹម​ឆ្នាំ ២០១៥។ ដូច្នេះ​យើង​មាន​ប្រទេស​ចំនួន​៦៤ឬ​៦៥ ដែល​បាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​មក​ធ្វើ​ការ​ជាមួយ​យើង​នៅអគ្គ​លេខា​ធិការដ្ឋាន។ យើង​មាន​អង្គ​ការ​អន្តរជាតិ និង​ផ្នែកឯកជន​ដែល​បាន​ដឹង​អំពី​ផ្លែផ្កា​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​យើង។ ទី​ផ្សារ​នឹង​ត្រូវ​ធ្វើ​សមារណកម្ម ហើយបើ​អ្នកវិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​ក្នុង​តំបន់​ អ្នកអាច​ទាញ​យក​ប្រយោជន៍​ពី​តំបន់ទាំង​មូល​។ ពាណិជ្ជកម្ម​មាន​ការ​រីកចម្រើន។ ពេល​នេះ​ពាណិជ្ជកម្ម​មាន​តម្លៃ​២លាន៦​សែន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ប្រសិន​បើ​យើ​ង​ជា​ប្រទេស​មួយ យើង​នឹង​ឈរ​នៅ​លេខ​៩ គឺ​លេខ​៩​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប ឬ​GDP ខ្ពស់​ជាង​គេ។ ដូច្នេះ​ខ្ញុំ​គិត​ថា វា​មិន​គា្រន់​តែ​ជា​មុខ​មាត់​នោះ​ទេ តែ​ជា​ការ​ពិត។ វា​មិន​គ្រាន់តែ​ជា​ការ​រំពឹង​ទុក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​ទទួល​បាន ដែល​យើង​កំពុង​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្ពោះ​ទៅ​រកការ​បង្កើតសហគមន៍​ថ្មី​មួយ​នៅ​ក្នុង​តំបន់។ ហើយ​ប្រទេ​ស​ដ៏ទៃអាច​មកចាប់​យក​ប្រយោជន៍​ពី​តំបន់​ដែល​កំពុង​ធ្វើ​សមាហរណកម្ម​បន្ថែម​ទៀត បង្កើន​ចំនួនប្រជាពលរដ្ឋ​ថ្នាក់​កណ្តាល និង​លើក​កម្ពស់​អំណាច​ទិញ។ ដូច្នេះ​មិន​មែន​ខ្ញុំ​ទេ​ដែល​ទទួល​បាន​ស្នាដៃ​នេះ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​នាំពាក្យ​ដែល​ពាំនាំ​ព័ត៌មាន​ចេញ​ទៅក្រៅ ព្យាយាម​ផ្សព្វផ្សាយ ហើយ​ពិភពលោក​ទទួល​យក​វា។

សំណួរ៖ តើ​លោក​អាច​បរិយាយ​ពី​កំណែទម្រង់​ដែលត្រូវ​បាន​ធ្វើ​នៅ​ភូមា​យ៉ាង​ដូច​ម្តេច? ហើយ​តើ​អាស៊ាន​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការ​លើកទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​នេះ?

ចម្លើយ៖ វា​ជា​គំនិត​របស់​យើង​ និង​ការ​លើក​ទឹក​ចិត្ត​របស់​យើង​ដែល​ថា គេ​គួរ​បើក​ចំហរ​ និង​អញ្ជើញ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ពី​ក្រៅ​ ប្រព័ន្ធផ្សព្វផ្សាយពី​ក្រៅដើម្បី​ពិនិត្យ​ស្ថាន​ភាព ហើយ​វា​ជា​ការ​លើក​ទឹក​ចិត្ត​របស់​យើង ដែល​ថា ប្រសិន​បើ​អ្នក​ចង់​ធ្វើជា​ប្រធាន​អាស៊ាន ដែល​មាន​ទាំង​ការ​ទទួល​ខុសត្រូវ កិត្យានុភាព និង​កិត្តិយស អ្នក​ត្រូវ​តែធ្វើ​កិច្ច​ការ​ជាច្រើន។ មិន​គ្រាន់តែ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងរចនាសម័ន្ធ​ផ្នែក​ច្បាប់​ទំលាប់​ទៀតផង។ ច្បាប់​វិនិយោគ និង​ច្បាប់​ប្រព័ន្ធផ្សព្វផ្សាយ​ ត្រូវ​តែ​រៀប​ចំឡើង ហើយ​រៀប​ចំឡើងឲ្យ​បាន​ឆាប់​។ ខ្ញុំគិត​ថា អាស៊ានមាន​តួនាទី​សំខាន់​ណាស់។ ពេល​នេះ​យើង​កំពុង​ជួយ​គេ។ យើង​ផ្តល់​ឱកាស​ឲ្យ​គេ។ គេ​មក​សង្កេត​កិច្ច​ប្រជុំ​បែប​នេះ។ កិច្ច​ប្រជុំ​ដូចជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ គេ​ធ្វើ​កិច្ច​ការ​ដើម្បី​ឆ្ពោះ​ទៅ​រក​ឆ្នាំ ២០១៤។ ដូច្នេះ​អ្វីៗ​កំពុង​មាន​ដំណើរ​ទៅ​រក​ទិសដៅ​ត្រឹម​ត្រូវ។ ហើយ​យើង​ត្រេកអរដែល​ការ​ផ្សះផ្សារ​កំពុង​ដំណើរ​ការ​។ វា​ដំណើរ​ការ​ក្នុង​កម្រិត​ពីរ​។ ទី​១ គឺ​ក្នុង​កម្រិត​ជាតិ​ក្នុង​រង្វង់​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​និង​រដ្ឋា​ភិបាលភូមា។ ហើយ​មួយ​ទៀត​គឺ​ការ​ផ្សះផ្សារ​រវាង​ជាតិ​និង​ជាតិ។ ខ្ញុំគិត​ថា វា​មាន​ដំណើរ​ការ​ទៅ​មុខ។ មាន​ចន្លោះ​ប្រហោង​មួយ​ចំនួន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​ដំណើរ​ការ​ទៅ​ល្អ។ នៅ​ពេល​ដែល​គេ​អាច​ផ្សះផ្សារ​ក្នុង​កម្រិត​ទាំង​ពីរ​នេះបាន ខ្ញុំ​គិត​ថា ភូមា​នឹង​អាច​ចេញ​ដំណើរ​បាន​ហើយ។

សំណួរ៖ មាន​បញ្ហា​ជាក់​លាក់​មួយ​ចំនួន​ទាក់​ទង​នឹង​ជម្លោះជាតិពន្ធ។ តើ​អាស៊ាន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​ ហើយអាស៊ាន​និយាយ​ទៅ​កាន់​ភូមា​ដូច​ម្តេច​ទៅ?

ចម្លើយ៖ ភូមា​គឺ​ជា​សមា​ជិក​អាស៊ាន សមាជិក​សហគមន៍​អន្តរជាតិ ហើយ​អាស៊ាន​បាន​សម្តែង​ការ​ចាប់​អារម្មណ៍​យ៉ាង​ប្រាកដ​ប្រជា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ប៉ុន្តែ​នោះ គឺ​ជា​អ្វី​ដែល​ភូមា​កំពុង​ធ្វើ​ដែល​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​ជា​មូលហេតុ​ ​និង​អ្វី​ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ជៀស​វាង​បញ្ហា​ដដែលៗ។ អាស៊ាន​បាន​ចាត់​វិធាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ ជា​ពិសេស​ករណី​ជន​ជាតិរ៉ូហ៊ីងីយ៉ា (​Rohingyas) នៅ​រដ្ឋ​ រ៉ាកហ៊ីន (Rakhine) តាំង​ពី​ឆ្នាំ​២០១០។ យើង​ចង់​ទទួល​បាន​ព័ត៌មាន​ពិត​ និង​មាន​ជំហរ​រួម​ស្តី​ពី​បញ្ហា​នេះ។ ពេល​នេះ​សហគមន៍​អន្តរ​ជាតិ​ផុស​ផុល​ឡើង​ ហើយ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជា​ជាតិ​កំពុង​ពិនិត្យ​មើល​បញ្ហានេះ។ យើង​សង្ឃឹម​ថា ប្រទេស​ភូមា​នឹង​មាន​ចម្លើ​យ​សម្រាប់​អាស៊ាន និង​ពិភពលោក។

សំណួរ៖ ទាក់​ទង​នឹ​ង​ទណ្ឌកម្ម​ អាស៊ានបាន​រិះ​គន់​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​ភូមាជា​យូរ​មក​ហើយ។ ពេល​នេះ​យើង​ឃើញ​ថា សហរដ្ឋ​អាមេរិក​ អូស្រ្តាលី សភាព​អឺរ៉ុប បាន​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​ភូមា។ ប៉ុន​ពួកគេ​មិន​លុប​ចោល​ទេ។ តើ​អាស៊ាន​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​បញ្ហា​នេះ?

ចម្លើយ៖ យើង​ចង់​ឲ្យ​ទណ្ឌកម្ម​ត្រូវបាន​លុបចោល​ទាំង​ស្រុង​។ ប៉ុន្តែ​យើង​ក៏​យល់​ផងដែរ​ថា ក្នុង​ករណី​មួយ​ចំនួន រដ្ឋាភិបាល​ខ្លះ​ចង់​ឃើញមាន​ការ​វិវត្ត​បន្ទាប់​ពី​ការ​បន្ធូរ​បន្ថយ​មួយ​កម្រិត​នៃ​ការ​រិតត្បិតទណ្ឌកម្ម។ ខ្ញុំគិត​ថា ទាំង​នេះ​គឺ​ជា​គោល​នយោបាយរបស់រដ្ឋាភិបាល​នីមួយៗ។ ខ្ញុំ​គិត​ថាសហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុបបាន​អនុម័តយុទ្ធសាស្រ្ត​ពីរ​ដាច់​ពីគ្នា។ សភាព​អឺរ៉ុប​ព្យូរ​ទណ្ឌកម្ម គឺ​មាន​ន័យ​ថា អាច​ដំណើរ​ការ​ទៅ​បាន ប៉ុន្តែ​ទណ្ឌកម្ម​អាច​ត្រូវ​បាន​ដាក់​ឡើង​វិញ។ សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​មួយ​ជំហាន​ម្តង​មួយ​ជំហាន​ម្តង​។ ដូច្នេះ​មាន​យុទ្ធសាស្ត្រ​ពីរ។ យើង​សូម​សរសើរ។ ប៉ុន្តែ​យើង​សង្ឃឹម​ថា វិធានការ​នេះនឹងត្រូវ​ធ្វើ​ឡើង​បានឆាប់​រហ័ស ហើយ​ការ​វិវត្ត​នៅ​ក្នុង​ប្រទេសភូមា​នឹង​ធានា​ដល់​ការ​ពិចារណា​ដ៏​ជាក់​លាក់​លើវិធានការ​សម្រាប់​ទណ្ឌកម្ម»។

សំណួរ​៖ ក្នុង​ករណី​សមាជិក​ថ្មីរបស់​អាស៊ាន តើពេល​នេះ​ពាក្យសុំ​នោះ​ដល់​ដំណាក់​កាល​ណាហើយ?

ចម្លើយ៖ ប្រទេស​ជា​សមាជិក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ពង្រីកមិន​ត្រឹម​តែ​ប្រទេស​ទីម័រខាងកើត​ប៉ុណ្ណោះ​ទេ​គឺ​ការ​ពង្រីក​ណាមួយ​ក្នុង​កាលទេសៈនេះ នឹង​នាំ​ប្រយោជន៍ដល់​តំបន់​ទាំង​មូល​ជា​ជាង​នំាំ​ការ​គាប​សង្កត់​ និង​បញ្ហា​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បំបែក​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​សហគមន៍។ ដូច្នេះ​គេ​បាន​បង្កើត​ក្រុម​ការ​ងារ​ដើម្បី​ពិនិត្យ​មើល​បញ្ហាបន្ថែមនៃសមាជិកភាព​អាស៊ាន​នេះ។ ប្រទេស​ទីម័រ​ខាង​កើត​បាន​ដាក់​ពាក្យសុំ​ធ្វើ​ជា​សមាជិក ដែលកំពុង​ត្រូវបាន​ពិចារណា។ ហើយ​យើង​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ដំបូង ​ទីម័រខាង​កើត​ត្រូវ​រៀបចំខ្លួន​រួច​រាល់​ក្នុង​ការ​ចូលរួម​គ្រប់​សកម្មភាព​របស់​អាស៊ាន។ វា​ជា​សហគ្រាស​ដែល​ត្រូវ​ការ​ចំណាយ​ច្រើន។ វា​ត្រូវ​ការ​ធន​ធាន​មនុស្ស​ច្រើន។ វា​ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ​ច្រើន។ វា​ត្រូវ​ការ​សហគមន៍ដែល​មានការ​តាំង​ចិត្ត​ផ្នែក​នយោបាយ។ ដូច្នេះ​អាស៊ាន​សូម​ប្រយ័ត្ន​ប្រយែង​លើ​បញ្ហា​នេះ។ រដ្ឋ​ជា​សមាជិក​អាស៊ាន​មួយ​ចំនួនដូច​ជា​ឥណ្ឌូណេស៊ីន ​រៀប​ចំ​ខ្លួន​រួច​ហើយ។ ប៉ុន្តែ​ មាន​សមាជិក​មួយ​ចំនួន​ចង់​ពិនិត្យ​ឡើងវិញ។ ខ្ញុំ​គិតថាវាស្រ័យ​លើពេល​វេលា។

ប្រែសម្រួល​ដោយ​ លោក​អ៊ឹម សុធារិទ្ធ

XS
SM
MD
LG