ក្រុមប្រឹក្សាគណៈមេធារីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រនេះ បានយកករណីលោកមេធាវីគណបក្សជំទាស់ ជួង ជូងី មកពិនិត្យ ក៏ប៉ុន្តែមិនធ្វើការដាក់ពិន័យណាមួយនោះទេ។
លោកជួង ជូងីត្រូវសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទផ្តល់មធ្យោបាយឲ្យជំទប់ឃុំគណបក្សសម រង្ស៊ីគឺលោកមាស ប៉េងលួចរត់ បន្ទាប់ពីរូបលោកបានប្រឆាំងទៅនឹងការឃុំខ្លួនលោកមាស ប៉េង ដោយពុំមានដីកាពីតុលាការ។
លោកមេធាវី ពុធ ធាវី សមាជិកក្រុមប្រឹក្សានៃគណៈមេធាវី និងជាប្រធានក្រុមការងារការពារករណីលោកមេធាវីលោកជួង ជូងី បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកនៅថ្ងៃនេះថា គណៈមេធាវីបានសម្រេចកាលពីព្រឹកថ្ងៃសុក្រ ដោយធ្វើការការពារលោកជួង ជូងីនៅក្នុងការចោទប្រកាន់ដោយតុលាការខេត្តកណ្តាល ហើយនឹងត្រូវយកមកពិចារណា នូវការដាក់ពិន័យនៅលើកក្រោយ។
«ខ្ញុំពីព្រឹកមិញ យើងបានសម្រេចឲ្យក្រុមការងាររបស់ខ្ញុំ ដែលនៅក្នុងការងារការពារមេធាវីហ្នឹង បន្តការងារការពារក្តីនៅខេត្តកណ្តាលបន្តទៅទៀត។ មិនទាន់សម្រេចទេរឿងខាងផ្នែកវិជ្ជាជីវៈ។ អញ្ចឹងពួកខ្ញុំ ធ្វើការបន្តរឿងហ្នឹងសិន បានគិតពីរឿងពិន័យជាក្រោយ»។
មេធាវី ដែលជាសមាជិកក្រុមប្រឹក្សានៃគណៈមេធាវីជាច្រើន បានបដិសេធមិនផ្តល់ព័ត៌មានស្តីពីការប្រជុំ កាលពីព្រឹកមិញនេះ ឬទូរស័ព្ទមិនអាចទាក់ទងបាន។ ប្រភពព័ត៌មានដោយឡែកមួយទៀតបានបង្ហាញថា ក្រុមប្រឹក្សារបស់គណៈមេធាវីបានលើកយកមកពិចារណាអំពីការអនុវត្តនៅក្រមសីលធម៌វិជ្ជាជីវៈរបស់លោកជួង ជូងី នៅត្រង់មាត្រាទី១៥ ដែលនិយាយយោងទៅដល់ការមិនអនុញ្ញាតឲ្យមេធាវីណាម្នាក់ផ្តល់ព័ត៌មានដោយគ្មានការអនុញ្ញាតពីគណៈមេធាវីនោះទេ ជាពិសេសការលើកឡើងអំពីការវិវត្តថ្មីៗ នៅជុំវិញករណីលោកជួង ជូងី ទាក់ទងទៅនឹងការធ្វើសន្និសីទកាសែត និងការកោរសក់ ស្លៀកស ពាក់ស ធ្វើសមាធិ ដើម្បីទាមទារយុត្តិធម៌ដោយលោកជួង ជូងី។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកជួង ជូងីបានស្លៀកស ពាក់ស ធ្វើសមាធិរយៈពេល១២ថ្ងៃ ដើម្បីធ្វើការទាមទារការគោរពនូវគោលការណ៍យុត្តិធម៌។ មេធាវីរូបនេះនឹងធ្វើការស្មឹងស្មាធ នៅគណបក្សសម រង្ស៊ី នៅពីមុខសាលាដំបូងខេត្តកណ្តាល ក្រសួងយុត្តិធម៌ តុលាការកំពូល និងនៅពីមុខគណៈមេធាវី។
លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា គណៈមេធាវីកម្ពុជានៅតែបង្ហាញជំហរគាំទ្រលោកមេធាវីជំទាស់នៅឡើយ។
«ខ្ញុំមើលឃើញថា គណៈមេធាវីមិនទាន់ចាត់ទុកសកម្មភាពរបស់មេធាវីជួង ជូងីដើម្បីដោះលែងកូនក្តីគាត់នោះថា ជាការខុសច្បាប់ទេ»។
កាលពីថ្ងៃទី២៩ ខែធ្នូគឺបន្ទាប់ពីមានការចោទប្រកាន់ពីសាលាដំបូងខេត្តកណ្តាលលោកជួង ជូងីបានបាត់ខ្លួនប្រកបទៅដោយភាពឆោឡោ ខណៈពេលដែលគាត់កំពុងធ្វើដំណើរនៅក្នុងខេត្តកំពង់ឆ្នាំ ហើយត្រូវគេអះអាងថា គាត់ត្រូវបានចាប់ខ្លួនមួយរយៈ ក៏ប៉ុន្តែនៅក្នុងសន្និសីទកាសែត មួយថ្ងៃក្រោយមក លោកជួង ជូងីបានបកស្រាយថា លោកបានរត់គេចខ្លួនដោយសុវត្ថិភាពពីការតាមចាប់ខ្លួន៕