ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អប្សរា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួលជុល​ផ្ទះ​ អំឡុង​ពេល​បោះឆ្នោត​


កុមារនៅ​ក្នុង​ភូមិមួយ​ក្នុង​ខេត្ត​សៀមរាប
កុមារនៅ​ក្នុង​ភូមិមួយ​ក្នុង​ខេត្ត​សៀមរាប

ទីតាំង​តំបន់១ ​និង​ទីតាំង​តំបន់២ ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​នៃ​ខេត្តសៀមរាប​ នៅ​រដូវ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អណត្តិ​ទី​៣​នេះ​ ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ចាប់ផ្តើម​ជួសជុល​ផ្ទះ​របស់​ខ្លួន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តល់​បទសម្ភាស៍​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។​

ការអនុញ្ញាត​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​១ ​និង​តំបន់២​ ធ្វើ​ការជួសជុល​ផ្ទះ​របស់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​បន្ទាប់​ពី​ការ​បញ្ចប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​ដោយ​ចាប់​ផ្តើម​ថ្ងៃ៣ ​ខែ​មិថុនា​ទៅ​ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជួសជុល​ផ្ទះ​សម្បែង​របស់​ពួក​ខ្លួន​ទេ។​

លោក​អន ​ជ័យ ​រស់នៅ​ភូមិវាល ​សង្កាត់គោកចក​ ដែល​កំពុង​ចាក់​បេតុង​នៅ​ខាង​មុន​ផ្ទះ​ បាន​មាន​ប្រសាសន៍​ថា ​ពី​មុន​អាជ្ញាធរ​អប្សរា​បាន​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ជួសជុល​ផ្ទះ​សម្បែង​របស់​ខ្លួន​ទេ​ ដោយ​បាន​អះអាង​ថា​ ជា​តំបន់​ហាមឃាត់។​ លោក​បាន​បញ្ជាក់​ថា​ ការអនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​សម្បែង​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​សុំច្បាប់​ជួសជុល​ពី​អាជ្ញាធរ​ភូមិឃុំ ​ក៏មាន​លក្ខណៈ​ងាយស្រួល​ជាង​ធម្មតា​ដែរ។​

«អារម្មណ៍​របស់​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ផ្ទះ​នៅ​ ដើម្បី​មាន​បន្ទប់​ឲ្យ​កូន​ស្នាក់នៅ។​ ដល់​ពេល​លើក​មុន​ ឥតមាន​បន្ទប់​នៅ ​ភ្លៀង​ក៏​វា​សាច​ចូល​ក្នុង​ផ្ទះ​សម្បែង»។​

កំពុង​តែ​ប្រក់​ស័ង្កសី​នៅ​ខាង​ក្រោយ​ផ្ទះ​ នៅ​ភូមិ​ត្រពាំងស្រែ ​សង្កាត់​គោកចក ​អ្នកស្រី​សេង ​សុធី ​បាន​និយាយ​ថា ​ពី​មុន​សូម្បី​តែ​ប្រក់​ស័ង្កសី​មួយ​សន្លឹក​ក៏​អាជ្ញាធរ​អប្សរា​ហាមឃាត់​ដែរ។​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ផ្ទះ​របស់​ស្រី​ទើបតែ​បាន​ជួសជុល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។​ អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ការ​ជួសជុល​ផ្ទះ​នេះ​បាន​ធ្វើឡើង​តាម​ដំណឹង​តៗ​គា្ន​ថា​ អាជ្ញាធរ​អប្សរា​ឲ្យ​ពួកគេ​ជួសជុល​ផ្ទះ​នៅ​ពេល​បោះឆ្នោត។​

«ជិត​បោះឆ្នោត​ហ្នឹង​ គេ​ឲ្យ​យើង​ធ្វើ​ទៅ។ ​បើ​ឥត​បោះឆ្នោត ​គេ​ឥត​ឲ្យ​ដែរ​ហ្នឹង។​ និយាយ​ឲ្យ​ត្រង់ៗ​អញ្ចឹង​ម្តង។ ​ពីមុនៗ​មក​ឥត​ឲ្យ​ធ្វើ​ទេ ​សូម្បីតែ​ដាក់​ស័ង្កសី​តែ​មួយ​សន្លឹក​ក៏​ឥត​បាន​ដែរ»។​

មិនត្រឹម​តែ​ផ្ទះ​របស់​លោក​អន ​ជ័យ ​និង​អ្នកស្រី​សេង ​សុធី​ទេ​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេងទៀត​ដែល​រស់​នៅ​តំបន់១ ​និង​តំបន់២ ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​ក៏​បាន​នាំគ្នា​ជួសជុល​ផ្ទះ​គ្រប់​ៗ​គ្នា​ផងដែរ។​

លោក​សេង ​សុទ្ធ​ ចៅសង្កាត់​គោកចក​ បាន​និយាយ​ថា​ ការ​សម្រេច​ឲ្យ​ជួសជុល​ផ្ទះ​នេះ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ​កន្លង​ទៅ​នេះ។​ ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជួសជុល​ឲ្យ​បាន​ចប់​សព្វ​គ្រប់​មុន​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​តែ​ប៉ុណ្ណោះ។​

«ឲ្យ​ធ្វើ​តែ​មុន​ថ្ងៃ​៣ ​ហើយ​ទើប​ឈប់ ​ដល់​ពេលក្រោយ​ថ្ងៃ​ហ្នឹង​នណារ​ធ្វើ​មិន​បាន»។​

លោក​ស៊ូ ​ភីរិន្ធ​ អភិបាល​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា ​តាម​គោលការណ៍​ ​អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អំឡុង​តាំង​ពី​ឆ្នាំ​២០០០​ អាច​ជួសជុល​ផ្ទះ​របស់​ពួក​គេ​បាន។​ ក៏ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ផ្ទះ​ថ្មី​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ការអនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​នេះ​មិនមែន​ធ្វើ​ឡើង​ដើម្បី​សន្លឹកឆ្នោត​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ទេ។​

លោក​សុន ​ឆ័យ ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គឺគណបក្សសម រង្ស៊ីបាន​បាត់បង់​ដីធ្លី​ប្រមាណ​ជាង​ ៣​ហិចតា ​ដោយសារ​តែ​ដី​នេះ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ។ ​លោក​បាន​រិះគន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​បាត់បង់​សន្លឹក​ឆ្នោត​ ដោយសារ​តែ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អាជ្ញាធរ​អប្សរា​បាន​ខឹង​សម្បា​ជាមួយ​អាជ្ញាធរ​នេះ​ ដោយសារ​តែ​ពួក​គេ​មិន​អាច​សាងសង់​អ្វី​បាន​ទាំង​អស់។​

«ជឿជាក់​ថា ​នេះ​គឺ​ជា​ល្បិចកល់​សម្រាប់​ប្រើ​ដើម្បី​រក​ចំណេញ​សន្លឹកឆ្នោត​តែ​ក្នុង​រយៈកាល​បោះ​ឆ្នោត។ ​រួច​ទៅ​ គេ​អាច​ហ្នឹង​ធ្វើ​ការ​រុះរើ​បំបែក​ពលរដ្ឋ​វិញ​បាន»។​

នៅ​ពី​មុន​ការ​បោះឆ្នោតអាជ្ញាធរអប្សរា ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួសជុល​ផ្ទះ​នៅ​តំបន់១ ​និង​តំបន់២​ ដែល​ខ្លួនគ្រប់គ្រង​ទេ​ សូម្បី​តែ​មាន​ដំបូល​លិច​ទឹក​នៅ​រដូវ​ភ្លៀងធ្លាក់​ក៏​មិន​អនុញ្ញាត​ឲ្យ​ជួស​ជុល​ដែរ។​

លោក​សុន ​ឆ័យ​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលដ្ឋ​មិន​អនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​ទេ។​ ក៏ប៉ុន្តែ​មាន​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន​អាច​សាងសង់​ភូមិគ្រឹះ ​និង​ផ្ទះ​សម្បែង​របស់​ខ្លួន​យ៉ាង​ធំ​ស្កឹមស្កៃ​នៅ​ក្នុង​តំបន់​ហាមឃាត់​របស់​អាជ្ញាធរ​អប្សរា​ក្នុង​ខេត្ត​សៀមរាប៕

XS
SM
MD
LG