ដោយ៖ ឃួន ធារ៉ា
សាលាឧទ្ធរណ៍បានកាត់ទោសពីរនាក់ប្តីប្រពន្ធអតីតគ្រូបង្រៀន និងស្ត្រីវ័យចំណាស់ម្នាក់ពីបទធ្វើទារុណកម្ម និងជួញដូរកុមារីអាយុ១០ឆ្នាំម្នាក់កាលពីរសៀលថ្ងៃចន្ទ ក៏ប៉ុន្តែសាលដីកានឹងត្រូវប្រកាសនៅបីសប្តាហ៍ទៀត។
កាលពីខែកុម្ភៈ ឆ្នាំ ២០១០ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកស្រី មាស ណារី ឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ និងប្តីរបស់គាត់ លោក វ៉ា សារឿន ឱ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំពីបទជួញដូរកុមារ ធ្វើទារុណកម្ម និងបង្ករបួសស្នាមលើកុមារីខាងលើ។ ប្តីប្រពន្ធទាំងពីរនាក់គឺជាអតីតគ្រូបង្រៀននៅវិទ្យាល័យសន្ធរម៉ុក។ ក្នុងពេលនោះដែរ សាលាដំបូងរាជធានីភ្នំពេញក៏បានផ្តន្ទាទោសអ្នកស្រី ថឹង សារ៉េត អាយុ ៦៤ ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួនប្រាំឆ្នាំក្រោមការចោទប្រកាន់ថា បានលក់ក្មេងស្រីទៅឲ្យជនជាប់ពិរុទ្ធទាំងពីរនាក់ប្តីប្រពន្ធនេះ។ ក្មេងស្រីនោះដែលជាកូនរបស់ស្ត្រីរកស៊ីផ្លូវភេទម្នាក់យកមកផ្ញើឱ្យគាត់ជួយចិញ្ចឹមហើយគាត់បានលក់ក្មេងស្រីនេះក្នុងតម្លៃ៤០០ដុល្លារអាមេរិក។
ជនជាប់ពិរុទ្ធទាំងបីបានប្តឹងសារទុក្ខប្រឆាំងនឹងការផ្តន្ទាទោសលើពួកខ្លួន។
សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា បុគ្គលទាំងពីរនាក់ប្តីប្រពន្ធដែលជាគ្រូបង្រៀននោះបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើកុមារីរងគ្រោះដូចជាបានទះកំផ្លៀង យកដង្កាប់មូលភ្លៅ ដើមដៃ និងប្រដាប់ភេទ វាយនឹងខ្សែភ្លើង និងបានវាយឲ្យបាក់ឆ្អឹងត្រកៀកជាពីរកំណាត់។
នៅក្នុងសវនាការនៃសាលាឧទ្ធរណ៍ កុមារីរងគ្រោះបានរៀបរាប់ពីទារុណកម្មនេះឡើងវិញដោយឆ្លើយតបទៅនឹងសំណួររបស់ចៅក្រមជំនុំជម្រះទាំងបីរូប។
កុមារី ត្រូវបានរកឃើញថា មានស្លាកស្នាមរងរបួសប្រមាណ២០០ កន្លែងពាសពេញខ្លួន។
មេធាវីការពារជនរងគ្រោះមកពីអង្គការហាហ្គារ (Hagar) អ្នកស្រី សន ស៊ូដាឡែន បានស្នើឱ្យសាលាឧទ្ធរណ៍តម្កល់ទោសតាមការសម្រេចរបស់សាលាដំបូង។
«បើរក្សាការតម្កល់គឺវាយុត្តិធម៌សម្រាប់រឿងក្តី តែបើមានការលើកលែងការចោទប្រកាន់យើងនិយាយគ្នាតទៅទៀត។»
ជាមួយគ្នានេះជនជាប់ចោទ អ្នកស្រី មាស ណារី និងលោក វ៉ា សារឿនដែលជាចុងចោទបានទទួលស្គាល់ថា ពិតជាបានធ្វើទារុណកម្មលើក្មេងស្រីរងគ្រោះនោះមែន ប៉ុន្តែបានអះអាងថា ទង្វើទាំងនោះគឺដើម្បីជាការប្រៀនប្រដៅប៉ុណ្ណោះ។ រីឯអ្នកស្រីថឹង សារ៉េត បានច្រានចោលថា គាត់មិនបានលក់ក្មេងស្រីនោះទេ ប៉ុន្តែប្រាក់៤០០ ដុល្លារដែលអ្នកស្រីទទួលពីពីរនាក់ប្តីប្រពន្ធចុងចោទជាគ្រូបង្រៀននោះគឺជាប្រាក់សាគុណពីពិរុទ្ធជនទាំងពីរសម្រាប់ការបីបាច់ថែរក្សាក្មេងស្រីរងគ្រោះនាពេលកន្លងមក។
មេធាវីចុងចោទ លោក អ៊ឹម ម៉ាច លើកឡើងថា ការដាក់ទោសដោយតុលាការដំបូងមានស្ថានទម្ងន់ធ្ងន់ធ្ងរលើសពីអ្វីដែលកូនក្តីរបស់លោកបានប្រព្រឹត្ត ហើយលោកស្នើសូមឱ្យអង្គចៅក្រមតុលាការឧទ្ធរណ៍សម្រាលទោសជនទាំងបីរូប ក៏ប៉ុន្តែការប្រកាសសាលដីកានៃសាលាឧទ្ធរណ៍នឹងធ្វើឡើងនៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២៕