ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ប្រគល់​អភ័យ​ឯកសិទ្ធិ​ដល់​លោក​ស្រី មូរ សុខហួរ វិញ


Mu Sochua said Wednesday the Ministry of Justice had “turned a deaf ear” to her case because she does not belong to the ruling party.
Mu Sochua said Wednesday the Ministry of Justice had “turned a deaf ear” to her case because she does not belong to the ruling party.
សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​ប្រគល់​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​ឲ្យ​លោក​ស្រី​មូរ សុខហួរ​ឡើង​វិញ​បន្ទាប់​ពី​លោក​ស្រី​បាន​ចាញ់​ក្តី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កាល​ពី​ឆ្នាំ​២០០៩​ពី​បទ​បរិហា​កេរ្តិ៍។​

សភា​ព្រហ្ម​ទណ្ឌ​សាលា​ឧ​ទ្ទរណ៍​បាន​បើក​ការ​ពិ​ភាក្សា​ដេញ​ដោល​រយៈពេល​ប្រមាណ​៣០​នាទី​ប៉ុណ្ណោះ​ដោយ​មាន​វត្ត​មាន​លោក​ស្រី​មូរ សុខហួរ​ និង​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​ប៉ុន្តែ​លោក​ស្រី​គ្មាន​មេធាវី​ការពារ​ក្តី​ទេ។​

លោក​ជួន ស៊ុន​ឡេង​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​បាន​និយាយ​ថា​ដោយ​យល់​ឃើញ​ថា លោក​ស្រី​មូរ សុខ​ហួរ​បាន​បំពេញ​កាតព្វ​កិច្ច​បង់​ប្រាក់​ពិន័យ​តាម​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ហើយ​លោក​ស្រី​បាន​ទទួល​ស្គាល់​ថា​កាល​ពី​ថ្ងៃទី​១៨​ខែមករា​បាន​ទៅ​មណ្ឌល​កែ​ប្រែព្រៃ​ស្ពឺ​ដើម្បី​ជំរុញ​ឲ្យ​ស្រី្ត​បូរីកីឡា​ចំនួន​១៨​រត់​ចេញ​ពី​កន្លែង​ឃុំ​ឃាំង។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០៩​បាន​សម្រេច​ឲ្យ​លោក​ស្រី​ចាញ់​ក្តី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ពី​បទ​បរិហា​កេរ្តិ៍។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​លោក​ស្រី​បង់​ប្រាក់​ពិន័យ​និង​សំណង​ជំងឺ​ចិត្ត​សរុប​ចំនួ​ន​១៦​លាន​និង​៥​សែន​រៀល​ប្រហែល​ជាង​៤.០០០ដុល្លារ។​

លោក​ស្រី​មូរ សុខ​ហូរ​មិន​បាន​បង់​ប្រាក់​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ទេ​ទើប​តុលាការ​បាន​សម្រេច​កាត់​ប្រាក់​បៀវត្សរ៍​លោក​ស្រី​នៅ​រដ្ឋ​សភា​ជា​ដំណាក់​កាល​ៗ​រហូត​គ្រប់​ចំនួន​។​

ថ្លែង​ប្រាប់​សភា​ព្រហ្ម​ទណ្ឌ​សាក​សួរ​របស់​សាលា​ឧ​ទ្ធរណ៍​លោក​ស្រី​មូរ​ សុខ​ហួរ​បាន​និយាយ​ថា​លោក​ស្រី​បាន​បង់​បា្រក់​គ្រប់​ចំនួន​ហើយ​ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​យឺត​យ៉ាវ​ក្នុង​ការ​ផ្តល់​អភ័យ​ឯក​សិទ្ឋិ​ជា​អ្នក​តំណាង​រាស្ត្រដោយ​សារ​តែ​លោក​ស្រីត្រូវ​បាន​លោក​សុខ​ រឿន​ ព្រះ​រាជអាជ្ញារង​នៃ​តុលាការ​ក្រុងនិង​លោក​កែប ជុតិមា​អភិបាល​រាជ​ធានី​ភ្នំ​ពេញ​បាន​រាយការណ៍​ប្រាប់​តុលាការ​ថា​លោក​ស្រី​មូរ សុខហួរ​មិន​បាន​គោរព​សីលធម៌​ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​ក្នុង​សង្គម។

លោក​ស្រី​បាន​ប្រាប់​សាលា​ឧទ្ធរណ៍ថា​អ្វី​ដែល​លោក​ស្រី​បាន​ធ្វើ​ក្នុង​នាទីជា​អ្នក​តំណាង​រាស្ត្រនិង​បំ​ពេញ​ភារកិច្ច​ជា​អ្នក​តំណាង​រាស្ត្រ​តែ​ប៉ុណ្ណោះ។​

លោក​ស្រី​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្រោយ​ពី​បញ្ចប់​សវនាការ​ថា លោក​ស្រី​អាច​ទទួល​យក​បាន​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧ​ទ្ធរណ៍​ថា​ជា​ទង្វើ​ត្រឹម​ត្រូវ។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា លោក​ស្រី និង​បាន​បំពេញ​តូនាទី​របស់​លោក​ស្រី​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ។​

«ជាតិ​យើង​កំពុង​តែ​រង​គ្រោះ​រង​គ្រោះ​ធំ​ជាង​គេ​គឺ​ប្រព័ន្ឋ​យុត្តិ​ធម៌​។ ពេល​ខ្លះ​ក៏​ឲ្យ​ទៅ​ពេល​ខ្លះ​ក៏​មិន​ឲ្យ​ទៅ​យុត្តិធម៌​ហ្នឹង​ស្រេច​តែ​តាម​អំពើ​ចិត្ត។ នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ទទួល​មែន​ប៉ុន្តែ​បី​ឆ្នាំ​មុនប្រ​ព័ន្ឋ​យុត្តិ​ធម៌​មិន​បាន​ផ្តល់​យុត្តិ​ធម៌​ឲ្យខ្ញុំ​ទេ។ អញ្ចឹង​យើង​ត្រូវ​សង្គ្រោះ​ប្រព័ន្ឋ​យុត្តិ​ធម៌​នៅ​ប្រទេស​កម្ពុជា​យើង»។​

លោក​រ៉ុង ឈុន​ ប្រធា​ន​ក្រុម​អ្នក​ឈ្លាំ​មើល​កម្ពុជា​បាន​និយាយ​ថា លោក​ស្រី​មូរ សុខហួរ​មិន​បាន​ទទួល​យុត្តិ​ធម៌​ពេញ​លេញ​ទេ​ដោយ​សារ​ករណី​នេះ​ជា​រឿង​នយោ​បាយ។​

«ករណី​នេះ​ជា​រឿង​នយោ​បាយ​ពី​ព្រោះ​គាត់​ជា​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង។​ប្រសិន​បើ​គាត់​ជា​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​កាន់​អំណាច​វិញពី​រ​ បី​ថ្ងៃ​ក្រោយ​មក​គេ​ផ្តល់​ឲ្យ​គាត់​ឡើង​វិញ»។​

កាល​ពី​អំឡុង​ខែ​មេសា​ឆ្នាំ​២០០៩​ពី​តា​កែន​កោះ​ស្លា ស្រុក​ឈូក​ខេត្ត​កំពត​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​និយាយ​ដោយ​មិន​ចំឈ្មោះ​ថា​នៅ​ខេត្ត​កំពត​មាន​ជើង​ខ្លាំង​មួយ​ជា​ស្ត្រី​ ខ្លាំង​ខាង​រក​រឿង​ នៅ​ថ្ងៃ​ឃោស​នា​បោះ​ឆ្នោត​រត់​ទៅ​អោប​គេ​សោះ​ថា​គេ​ដោះ​លេវអាវ​ទៅ​វិញ។​

លោក​ស្រី​មូរ សុខ​ហួរ​បាន​ចាត់​ទុក​សម្តី​របស់​លោក​ហ៊ុន​សែន​ថា​បាន​មាក់​ងាយ​ដល់​ស្រ្តី​ខ្មែរ​ហើយ​លោក​ស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក៏ប៉ុន្តែ​តុលាការ​មិន​ចាត់​ការ​ពាក្យ​បណ្តឹង​នេះ​ទេ។​

ក្រោយ​មក​លោក​ហ៊ុន សែន​បាន​ប្តឹង​បក​លោក​ស្រី​មូរ សុខ​ហួរ​ពី​បទ​បរិហាកេរ្តិ៍ហើយ​តុលាការ​បាន​សម្រេច​ឲ្យ​លោក​ស្រី​ចាញ់​ក្តី​លោក​ហ៊ុន​ សែន៕​
XS
SM
MD
LG