ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធការដោះលែងស្ត្រីសកម្មជនទាមទារដីធ្លីនៃសហគមន៍បឹងកក់ និងបូរីកីឡាចំនួនពីរនាក់នៅថ្ងៃពុធនេះស្របពេលដែលតុលាការដដែលនេះគ្រោងនឹងប្រកាសសាលដីកាស្តីពីប៊ន សំណាង និងសុខ សំអឿន នៅបីសប្តាហ៍ខាងមុខ។ បុរសទាំងពីរត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់លោកជា វិជ្ជា អតីតប្រធានសហជីបសេរីកម្មករ។
អ្នកស្រីយ៉ោម បុប្ផា តំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់មួយរូបនិងជាអ្នកតវ៉ាយ៉ាងសកម្មម្នាក់ត្រូវបានចាប់ខ្លួនដោយក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិលកាលពីខែកញ្ញាក្រោមការចោទប្រកាន់ពីការបង្កអំពើហិង្សាដោយចេតនា និងអ្នកស្រី ទឹម សាក់មុន្នី ប្រជាពលរដ្ឋតំបន់បុរីកីឡាត្រូវចាប់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋតាមបណ្តឹងមួយរបស់លោកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច។
ការចាប់ខ្លួនស្ត្រីអ្នកតវ៉ាដ៏សកម្មក្នុងទំនាស់ដីធ្លីទាំងពីរកន្លែងត្រូវបានអង្គការសង្គមស៊ីវិលរិះគន់យ៉ាងខ្លាំង។
ស្ត្រីសកម្មជនដីធ្លីទាំងពីរបានស្នើសុំនៅក្រៅឃុំក៏ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញបានច្រានចោល។
ក្រោយពីសវនាការអសាធារណៈរយៈពេលប្រមាណមួយម៉ោងនៅព្រឹកថ្ងៃនេះសាលាឧទ្ធរណ៍បានតម្កល់ការសម្រេចរបស់សាលាដំបូងហើយបានបដិសេធការស្នើសុំនៅក្រៅឃុំរបស់ស្ត្រីទាំងពីរ។
អ្នកស្រី យ៉ោម បុប្ផា ប្រកាសថាអ្នកស្រីនឹងប្តឹងទាស់ទៅកាន់តុលាការកំពូលបន្តទៀត។
«ខ្ញុំគិតថាមិនមានភាពយុត្តិធម៌ទេពីព្រោះអ្វីដែលខ្ញុំដាក់ធានានោះខ្ញុំដាក់ធានាអស់ហើយ»។
ក្រុមប្រជាពលរដ្ឋនៃសហគមន៍បឹងកក់និងបុរីកីឡាបានព្យាយាមធ្វើការតវ៉ានៅពេលដែលតំណាងរបស់គេកំពុងស្ថិតក្នុងសវនាការក៏ប៉ុន្តែពួកគេត្រូវរារាំងដោយក្រុមប៉ូលីសបង្ក្រាបបាតុកម្ម។
នៅព្រឹកថ្ងៃពុធដដែលនេះ សាលាឧទ្ធរណ៍បើកសវនាការសំណុំរឿងប៊ន សំណាង និងសុខ សំអឿនដែលត្រូវបានចោទថា បានបាញ់សម្លាប់លោកជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤។
សវនាការនេះធ្វើតាមដីកាបង្គាប់របស់តុលាការកំពូលកាលពីឆ្នាំ២០០៨ដែលស្នើឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតឡើងវិញនូវផ្នែកដែលជនជាប់ចោទបានច្រានចោលអំពីអំពើឃាតកម្មនោះ។ ហើយតុលាការកំពូលក៏បានសម្រេចដោះលែងប៊ន សំណាងនិងសុខ សំអឿនជាបណ្តោះអាសន្ននៅក្នុងសាលដីកាឆ្នាំដដែលនោះដែរ។
នៅឯសវនាការ ប៊ន សំណាង និងសុខ សំអឿន បានបដិសេធជាថ្មីថា ខ្លួនមិនមែនជាឃាតករទេ ហើយចម្លើយសារភាពកាលពីពេលមុន គឺជាចម្លើយដែលនគរបាលរៀបចំឲ្យឆ្លើយ។
ក៏ប៉ុន្តែចៅក្រមពីររូបក្នុងចំណោមក្រុមប្រឹក្សាជំនុំជម្រះដែលមានចៅក្រមចំនួនបីរូបបានសួរប្រដេញនិងផ្ទុញចំពោះសេចក្ដីបដិសេធរបស់ពួកគេ។ ហើយចៅក្រមប្រកាសថា សាលដីកានឹងត្រូវប្រកាសនៅថ្ងៃទី២៦វិច្ឆិកាខាងមុខ។
សុខ សំអឿន និយាយទាំងអួលដើមកពេលចប់សនាការដែលមានការដេញដោលតិចតួចនេះ។
«ខ្ញុំសំណូមពរឲ្យតុលាការដុសលាងខ្លួនប្រាណខ្ញុំឲ្យស្អាតដូចពេលដែលខ្ញុំកើតពីដំបូងដូចប្រជាពលរដ្ឋដូចគេដូចឯង កុំឲ្យខ្ញុំនៅមានឈ្មោះថា ពិរុទ្ធជន»។
ប៊ន សំណាង និយាយក្នុងន័យដូចគ្នានេះដែរ។
«ចង់បានភាពស្អាតស្អំរបស់ខ្ញុំមកវិញ។ សុំឲ្យថ្ងៃ២៦ហ្នឹងលទ្ធផលខ្ញុំគ្មានទោសពៃរ៍ទេ។ សុំលោកចៅក្រមលើកលែងការចោទប្រកាន់មកខ្ញុំ»។
ក្រុមមេធាវី និងមន្ដ្រីអង្គការសិទ្ធិមនុស្សក៏បានលើកឡើងដែរថា ប៊ន សំណាង និងសុខ សំអឿន មិនមែនជាឃាតករពិតប្រាកដក្នុងការបាញ់សម្លាប់លោកជា វិជ្ជានោះទេ។ លោកមហាអយ្យការតាន់ សេណារ៉ុង បានសន្និដ្ឋានថា សាលាឧទ្ធរណ៍មិនបានស៊ើបអង្កេតឃើញអ្វីថ្មីលើសពីសវនការលើកមុននោះទេ៕