សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះបានសម្រេចដម្កល់ទុកសាលក្រមដាក់ទោសជាប់ពន្ធនាគារលើជនជាតិថៃពីររូបដែលលួចចូលមកបរបាញ់សត្វនៅប្រទេសកម្ពុជាដោយខុសច្បាប់និងបានតម្រូវឲ្យបណ្តេញចេញពីប្រទេសកម្ពុជាភ្លាមៗបន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់។
ជនជាតិថៃទាំងពីររូបដែលមានឈ្មោះ ភិត អនណា អាយុ៤៨ឆ្នាំ និងលោក ថង ដែនយ៉ាក់ឡា អាយុ៥២ឆ្នាំ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ កាត់ទោសកាលពីខែសីហា ឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេលប្រាំឆ្នាំពីបទឆ្លងដែនដោយខុសច្បាប់ និងឆ្លងដែនដោយខុសច្បាប់ មកធ្វើការបរបាញ់សត្វនៅក្នុងទឹកដីប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា និងប្រទេសថៃ កំពុងមានជម្លោះព្រំដែនប្រដាប់អាវុធ។
លោក ឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានបញ្ជាក់នៅក្នុងអង្គសវនាការ ដោយយល់ឃើញថាជនជាប់ចោទបានទទួលសារភាពកំហុស តុលាការបានសម្រេចដម្កល់សាលដីការបស់សាលាដំបូងខេត្តព្រះវិហារទុកជាបានការណ៍។
ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍បានធ្វើឡើងដោយកំបាំងមុខពីជនជាតិថៃទាំងពីររូប ហើយមេធាវីការពារក្តីពុំមានវត្តមាននៅក្នុងអង្គសវនាការទេ។
លោក ភាវ ខាំសុធី មន្ត្រីតំណាងស្ថានទូតថៃ ដែលបានអង្គុយស្តាប់ការប្រកាសសាលដីកាមិនបានធ្វើអត្ថាធិប្បាយពិស្តាចំពោះអ្នកសារព័ត៌មានទេដោយលោកគ្រាន់តែបញ្ជាក់ថា៖
«ខ្ញុំឥតដឹងដែរ រឿងនេះស៊ីសងលើស្ថានទូតទេ។ ខ្ញុំគ្រាន់តែមកស្តាប់ជំនួសស្ថានទូតទេ»។
លោក កៅ ស៊ូផា មេធាវីការពារក្តីជនជាតិថៃទាំងពីររូប បានប្រាប់វីអូអេតាមរយៈទូរស័ព្ទមកថា ការសម្រេចរបស់សាលាឧទ្ធរណ៍វាអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។ លោកបានមានប្រសាសន៍ថា លោកនឹងពិចារណាជាមួយនឹងកូនក្តីដើម្បីប្តឹងសារទុកទៅតុលាការកំពូល។
«ការសម្រេចហ្នឹង វាហាក់បីដូចជាមិនយល់ការរស់នៅភូមិផងជាជនជាតិតែមួយ។ ជនជាតិភូមិផងរបងជាមួយហ្នឹង គ្មានការយោគយល់ទេ។ ពីព្រោះអីក្នុងច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះហ្នឹង គឺគេសំដៅទៅលើការប្រើប្រាស់អាវុធហ្នឹង គឺសម្រាប់ធ្វើសង្គ្រាម»។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០ អាជ្ញាធរការពារព្រំដែនខាងភាគីកម្ពុជា បានចាប់ខ្លួនជនជាតិថៃទាំងពីររូបដោយបានរឹបអូសអាវុធវែងមួយដើមគ្រាប់សំណជាច្រើនរយគ្រាប់ អង្រឹងមួយ និងតង់ស្នាក់នៅមួយបន្ទាប់ពីពួកគេបានឆ្លងដែនចូលជ្រៅក្នុងទឹកដីនៃខេត្តព្រះវិហារចម្ងាយប្រាំគីឡូម៉ែត្រ។
ឆ្លើយប្រាប់នៅក្នុងអង្គសវនាការ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ជនជាតិថៃទាំងពីរនាក់ បាននិយាយថាលោកគ្មានបំណងចូលក្នុងទឹកដីប្រទេសកម្ពុជាទេ គឺដោយសារតែវង្វេងផ្លូវ៕