អ្នកការទូតជាន់ខ្ពស់កម្ពុជានិងវៀតណាមបានសម្តែងការជឿជាក់ថាឯកសារព្រំដែនរវាងប្រទេសទាំងពីរនឹងរៀបចំរួចរាល់នៅឆ្នាំ២០១៩ ដើម្បីទទួលស្គាល់ការងារខ័ណ្ឌសីមាដែនគោកដែលបានបោះបង្គោលរួចរាល់ចំនួន៨៤ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃអាទិត្យ។
សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងក្រោយពីជំនួបរវាងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាមួយនឹងលោកង្វៀន គួកយុង អនុរដ្ឋមន្ត្រីការបរទេសវៀតណាមកាលពីថ្ងៃសុក្រកន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថាកម្ពុជានិងវៀតណាមក៏បាន «ប្តេជ្ញាជាថ្មីខិតខំពន្លឿនការរកដំណោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់១៦ភាគរយមិនទាន់ដោះស្រាយ» ផងដែរ ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនតាមកេរ្តិ៍ដំណែលមិនកែប្រែ។
ប្រទេសកម្ពុជានិងវៀតណាមបានបោះបង្គោលលើព្រំដែនចម្ងាយ ១.០៤២គីឡូម៉ែត្រ លើបន្ទាត់ព្រំដែនដែលមានចម្ងាយ ១.១៣៧គីឡូម៉ែត្រ ហើយបានបោះបង្គោលព្រំដែនចំនួន ៣១៥បង្គោល ក្នុងចំណោមបង្គោលចំនួន ៣៧១។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាមដោយដកស្រង់ប្រភពពីគណៈកម្មាធិការព្រំដែនជាតិរបស់ក្រសួងការបរទេសវៀតណាម។
កម្ពុជាក៏ធ្លាប់បានសម្តែងការមិនយល់ស្របជាចំហរផងដែរកាលពីឆ្នាំមុនក្រោយពីកងទ័ពវៀតណាមបានបោះបង្គោលព្រំដែនជាឯកតោភាគីនៅតាមតំបន់ដែលមិនទាន់ឯកភាពគ្នានៅតំបន់ព្រំដែនសមុទ្រក្បែរកោះសេះដែលជិតនឹងកោះត្រល់ហើយបានទាមទារឱ្យវៀតណាមដកយកបង្គោលនេះវិញ។ នេះបើតាមកំណត់ការទូតចុះថ្ងៃទី២៣កក្កដាឆ្នាំ២០១៨ដែលវីអូអេទទួលបាន៕