ភ្នំពេញ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានប្រមើលមើលថា វិស័យកសិកម្មនៅកម្ពុជានឹងមានសន្ទុះកើនឡើងថែមទៀតនៅក្នុងឆ្នាំ២០១១ខាងមុខនេះ ដោយសារវិស័យនេះនៅអាចឈរជើងបានយ៉ាងរឹងមាំនៅក្នុងពេលនៃវិបត្តិសេដ្ឋកិច្ចសកលលោក។ វិបត្តិសេដ្ឋកិច្ចសកលលោកបានធ្វើឲ្យវិស័យចម្បងៗ ឬសសរទ្រូងសេដ្ឋកិច្ចចំនួនបីទៀតគឺ ទេសចរណ៍ សំណង់និងវិស័យកាត់ដេរដែលជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជានោះបានដាំក្បាលចុះយ៉ាងខ្លាំង។
លោក Peter Brimble អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍នៅក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះថា ដោយសារសក្តានុពលដ៏ខ្លាំងក្លាក្នុងវិស័យកសិកម្មនេះទើបវិស័យនេះបានក្លាយជាចំណុចដែលគួរឲ្យយកចិត្តទុកដាក់ខ្លាំងសម្រាប់អ្នកធ្វើគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជានោះ។
«សសរទ្រូងទាំងបីនៃសេដ្ឋកិច្ចកម្ពុជាបានដួលរលំភ្លាមៗ។ ខ្ញុំគិតថា ប្រការនេះពិតជាបានបង្កើតឲ្យមានការយល់ដឹងក្នុងចំណោមអ្នកធ្វើគោលនយោបាយជាច្រើន ហើយជាការពិតណាស់ ការផ្តោតសំខាន់ និងការយកចិត្តទុកដាក់របស់អ្នកយ៉ាងហោចណាស់ក៏ចាំបាច់ត្រូវប្តូរទៅរកវិស័យកសិកម្មនេះដែរ»។
ក្នុងចំណោមវិស័យចម្បងៗទាំងបួនដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជានោះ វិស័យកសិកម្មបានរួមចំណែកជាង៣០%នៃផលិតផលសរុបក្នុងស្រុក ឬ GDPរបស់កម្ពុជា។ GDP ដែលគិតជាទឹកប្រាក់មានចំនួនជាង១០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០០៩។
ការរីកចម្រើនវិស័យកសិកម្មនេះ នៅតែបន្តកើនឡើងប្រមាណជាង៥%ក្នុងមួយឆ្នាំ បើទោះជាវិស័យចម្បងៗទាំងបីទៀតនោះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០០៨នោះក៏ដោយ។
លោក ភីតធឺរ ព្រីមបល (Peter Brimble) មានប្រសាសន៍ថា វិស័យកសិកម្មដែលនឹងបន្តរីកចម្រើនថែមទៀតនោះ គឺដោយសារការជំរុញការអនុវត្តគោលនយោបាយនាំអង្ករចេញបន្ថែមទៀតរបស់រដ្ឋាភិបាល។
«ខ្ញុំគិតថា អ្វីដែលអ្នកនឹងឃើញដូចដែលអ្នកឃើញនៅតាមបណ្តាប្រទេសជឿនលឿនដែរគឺថា អ្នកនឹងមានកសិដ្ឋានធំៗជាងនេះ។ កសិដ្ឋានដែលផ្តល់ផលល្អជាងនេះ និងប្រហែលជាកសិដ្ឋានដែលប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីនច្រើនជាងនេះ»។
ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះជាង២លាន៧សែនហិកតា ហើយអាចផលិតស្រូវបានប្រមាណ៧លានតោនក្នុងមួយឆ្នាំ ដោយនៅសល់ទិន្នផលស្រូវលើសពីតម្រូវការក្នុងស្រុកចំនួន៣លានតោនសម្រាប់នាំចេញ។
នៅឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការជំរុញផលិតកម្មស្រូវបន្ថែមទៀត និងគ្រោងនាំចេញអង្ករឲ្យបានចំនួន១លានតោនត្រឹមឆ្នាំ២០១៥ ដើម្បីជួយរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចរបស់ប្រទេសឲ្យបានចន្លោះពី៦% ទៅ៧%ក្នុងរយៈពេល៣ឆ្នាំខាងមុខចាប់ពីឆ្នាំ២០១១ទៅ។
លោក នៅ សីហា អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានព្យាករណ៍ថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ៦,៥%នៅឆ្នាំក្រោយ ដោយមានការរួមចំណែកយ៉ាងសំខាន់ពីវិស័យកសិកម្មនេះ។
លោក នៅ សីហា មានប្រសាសន៍ថា ដោយសារសក្តានុពលដ៏ទូលំទូលាយនៃវិស័យនេះ អ្នកវិនិយោគទុនបរទេសនឹងចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត ជាពិសេសគឺផ្នែករោងម៉ាស៊ីនកិនស្រូវធំៗជាដើម។
«សន្ទុះនៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ យើងឃើញមាន(អ្នកវិនិយោគ)ធំៗមក អញ្ចឹងខ្ញុំexpect ថាវានៅតែមកទៀត ព្រោះយើងនៅសល់surplus ស្រូវ ឬpaddy ហ្នឹងច្រើន អញ្ចឹងពួកគេនឹងមកច្រើន»។
ដូចគ្នានេះដែរ លោក បណ្ឌិតសេដ្ឋកិច្ច កង ច័ន្ទតារារ័ត្ន នាយកវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាការអភិវឌ្ឍ មានប្រសាសន៍ថា វិស័យកសិកម្មនឹងឃើញសន្ទុះកើនឡើងនៅឆ្នាំក្រោយ ដោយសារគោលនយោបាយបង្កើនការនាំចេញផលិតផលកសិកម្មរបស់រដ្ឋាភិបាល។
លោក បណ្ឌិត កង ច័ន្ទតារារ័ត្ន មានប្រសាសន៍បន្ថែមថា វិស័យកសិកម្មនេះ ក៏នឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់កំណើនវិស័យផ្សេងៗទៀតនៅឆ្នាំក្រោយផងដែរ។
«វិស័យកសិកម្មក៏ផ្តល់មូលដ្ឋានច្រើនសម្រាប់ឧស្សាហកម្មកែច្នៃម្ហូបអាហារនិងចំណីសត្វ ហើយយើងឃើញថានៅក្នុងឆ្នាំ២០១០ហ្នឹងវាមានដំណើរវិវត្តដែលជាមូលដ្ឋានដល់ឆ្នាំ២០១១»។
មានប្រជាពលរដ្ឋកម្ពុជាប្រមាណ៨០% គឺជាកសិករដែលពឹងផ្អែកទៅលើរបរកសិកម្មសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។
ប៉ុន្តែ ពួកគេភាគច្រើនធ្វើស្រែជាលក្ខណៈគ្រួសារតាមបែបប្រពៃណីដោយពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង ដោយសារតែកង្វះប្រព័ន្ធទឹកស្រោចស្រពស្រែចម្ការរបស់ពួកគេ។ ចំណែកឯវិធីសាស្ត្រក្នុងការដាំដុះផលដំណាំទៀតសោត ក៏ពុំទាន់ស្របតាមស្តង់ដាបច្ចេកទេសទំនើបដែលអាចបង្កើនគុណភាពនិងទិន្នផលឲ្យបានច្រើននៅឡើយដែរ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា កត្តាកង្វះខាតទាំងនេះអាចនឹងធ្វើឲ្យរាំងស្ទះដល់សន្ទុះកើនឡើងខាងវិស័យកសិកម្មនៅឆ្នាំក្រោយនេះ។
លោក ភីតធឺរ ព្រីមបល បានមានប្រសាសន៍ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់មួយចំនួន ដូចជាប្រព័ន្ធធារាសាស្រ្តនិងបណ្តាញផ្លូវគមនាគមន៍ជនបទជាដើម ចាំបាច់ត្រូវតែធ្វើដើម្បីធានាដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១១នោះ។
«មួយផ្នែកទៀតនោះគឺការដាក់ឲ្យមានជាស្រេចនូវបរិយាកាសដែលគាំទ្រដល់កម្មវិធីនានាដើម្បីជួយសហគ្រិននិងអ្នកជំនួញថ្មីៗដែលចូលមកបោះទុនក្នុងវិស័យនេះ»។
លោក នៅ សីហា មានប្រសាសន៍ថា នីតិវិធីក្នុងការនាំអង្ករចេញទៅក្រៅប្រទេសក៏គួរតែធ្វើឲ្យបានល្អប្រសើរជាងនេះ ដោយទប់ស្កាត់កុំឲ្យមានការចំណាយក្រៅផ្លូវការ ដើម្បីសម្រួលដល់ការនាំចេញដែលប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក នៅ សីហា មានប្រសាសន៍បន្ថែមថា ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ដែលអាចផ្តល់ទិន្នផលខ្ពស់ដល់ប្រជាកសិករ ក៏ជាការចាំបាច់ ដើម្បីធានាដល់កំណើនទិន្នផលកសិកម្មផងដែរ។
«នៅមានខ្វះបច្ចេកទេសច្រើន ហ្នឹងក៏វាអាចជាការរាំងស្ទះមួយដែរ។ ប្រសិនបើយើងចង់ឲ្យទីផ្សារយើងអាចនាំចេញអង្ករបានកាន់តែខ្ពស់ទាល់តែយើងជំនះឧបសគ្គហ្នឹងដែរ»។
លោក ភួ ពុយ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា មានប្រសាសន៍ថា ក្រៅពីតម្រូវការបណ្តុះបណ្តាលប្រជាកសិករអំពីបច្ចេកទេសដាំដុះប្រភេទស្រូវដែលអាចផ្តល់ទិន្នផលនិងគុណភាពខ្ពស់ហើយនោះ កម្ពុជាក៏ត្រូវការទុនបន្ថែមទៀតដើម្បីប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់ស្តុកទុកកិនជាអង្ករដើម្បីនាំចេញផងដែរ៕