កាលពីថ្ងៃ១៧មេសាកន្លងទៅនេះប្រជាពលរដ្ឋខ្មែរអាមេរិកនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាបានមកជួបជុំគ្នានៅ មហាវិទ្យាល័យ Long Beach City College ក្នុងពីធីដែលមានឈ្មោះថា Courage to Remember ឬសេចក្តីក្លាហានដើម្បីចងចាំដែលរៀបចំដោយអង្គការសហគមន៍ខ្មែរ។
នៅក្នុងកម្មវិធីនេះ អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានចូលរួមចែករំលែកពីរឿងរ៉ាវបទពិសោធន៍របស់ខ្លួនក៏ដូចជារំលឹកពីសាច់ញាតិដែលបានបាត់បង់ជីវិតក្នុងរបបនោះ។
នេះក៏ជាឱកាសមួយសម្រាប់យុវជនខ្មែរអាមេរិកយល់ដឹងពីរបបខ្មែរក្រហមផងដែរ។
កញ្ញា ប្រិនដា ម៉ន (Brenda Man) ជានិស្សិតនៅសាកលវិទ្យាល័យកាលីហ្វញ៉ាទីក្រុងឡុងប៊ិចនិងជាប្រធានរបស់សមាគមនិស្សិតខ្មែរប្រចាំនៅសាកលវិទ្យាល័យនេះដែរ បានប្រាប់ថាកញ្ញាមកចូលរួមនៅក្នុងពិធីនេះពីព្រោះវាមានសារៈសំខាន់ចំពោះនាង។
«ខ្ញុំមកចូលរួមនៅថ្ងៃនេះដើម្បីចង់ដឹងពីរឿងរ៉ាវរបស់អ្នកដែលគាត់រស់នៅមានជីវិតហើយក៏ចង់ដឹងពីគំនិតរបស់អ្នកដទៃទៀតលើបញ្ហាខ្មែរក្រហមដែរ។ ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការមកចូលរួមពីព្រោះវាជាពេលដែលយើងទាំងអស់គ្នាត្រូវការគ្នាព្រោះវាជាថ្ងៃសំខាន់ហើយវាមានឥទ្ធិពលដល់មនុស្សរាប់លានអ្នក»។
សម្រាប់កញ្ញាប្រិនដា យល់ថាការណ៍ពិតនៃរបបប្រល័យពូជសាសន៍នៅមិនទាន់បានលាតត្រដាងអស់នៅឡើយទេ។
«ខ្ញុំសង្ឃឹមថានឹងបានដឹងពីមូលហេតុនៃរបបនេះហើយតើអ្នកណាខ្លះដឹកនាំរបបនេះក្រៅពីប៉ុលពត ព្រោះយើងនៅមិនទាន់បានដឹងចម្លើយច្បាស់នៅឡើយទេ។ ខ្ញុំដឹងថាយើងចង់បានយុត្តិធម៌ប៉ុន្តែនៅក្នុងអត្តន័យមួយសម្រាប់ខ្ញុំទោះបីជាអ្នកទាំងនោះត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារក៏អ្នកដែលស្លាប់មិនអាចរស់ឡើងវិញហើយអ្នកដែលនៅរស់ នៅតែរស់នៅជាមួយអតីតកាលដែលតាមលងពួកគេដល់សព្វថ្ងៃ។ ហើយសម្រាប់ខ្ញុំជាអ្នកជំនាន់ក្រោយនេះហើយជាស្នាមរបួសដែលនៅជាប់ជានិច្ច។ ឪពុកម្តាយខ្ញុំបានប្រាប់ខ្ញុំនូវរឿងរ៉ាវជាច្រើនប៉ុន្តែវានៅមិនមានចម្លើយគ្រប់គ្រាន់។ ហើយថ្ងៃនេះរំលឹកខ្ញុំថារបបនេះកើតឡើងតែយើងនៅតែមិនមានចម្លើយថាហេតុអ្វីវាកើតឡើង»។
ថ្ងៃទី១៧ខែមេសាឆ្នាំនេះគឺជាខួបទី៣៧ឆ្នាំហើយដែលរបបខ្មែរក្រហមបានឡើងកាន់អំណាចហើយអនុវត្តគោលនយោបាយឃោរឃៅរបស់ពួកគេ និងបានបណ្តាលឱ្យមនុស្សជិតពីរលាននាក់ស្លាប់បាត់បង់ជីវិតដោយការកាប់សម្លាប់ បង្អត់អាហារ ធ្វើការហួសកម្លាំង ធ្វើទារុណកម្មនិងជំងឺដម្កាត់ជាដើម។
លោកស្រី សារ៉ា ផល្លីម ជានាយិការបស់អង្គការសហគមន៍ខ្មែរប្រចាំនៅឡុងប៊ិចសង្ឃឹមថាអ្នកជំនាន់ក្រោយនឹងចងចាំថ្ងៃ១៧ ខែមេសាជារៀងរហូត។
«សង្ឃឹមថាកូនខ្មែរជំនាន់ក្រោយស្គាល់ថាហេតុអ្វីថ្ងៃ១៧មេសាហ្នឹងសំខាន់ ហើយធ្វើឱ្យគេមានកម្លាំងរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅទោះជាបងប្អូនជីដូនជីតាដែលគេមិនដែលបានដឹងក៏គេត្រូវរំលឹកដែរដើម្បីឱ្យវិញ្ញាណក្ខន្ធបានស្ងប់ស្ងៀម។ ហើយឱ្យពួកគេមានចិត្តសង្ឃឹមក្នុងន័យសិទ្ធិមនុស្សជួយយ៉ាងណាកុំឱ្យមានរឿងហ្នឹងកើតឡើងទៀត»។
ជារឿយៗយុវជនខ្មែរអាមេរិកបានឮរឿងរ៉ាវខ្លោចផ្សានៃរបបខ្មែរក្រហមតាមរយៈការនិទានប្រាប់របស់ឱពុកម្តាយពួកគេប៉ុន្តែវាជាការលំបាកក្នុងការស្រមៃឱ្យបានជាក់ច្បាស់ថាហេតុការណ៍នោះ កើតឡើងយ៉ាងណាពិតប្រាកដ និងថាតើឱពុកម្តាយរបស់ពួកគេមានអារម្មណ៍ឈឺចាប់ដល់កម្រិតណា។
លោក រៃមុនដែល មែន (Raimondel Men) ជានិស្សិតនៅ មហាវិទ្យាល័យLong Beach City College ក៏ធ្លាប់បានដឹងពីរឿងរបបប្រល័យពូជសាសន៍តាមរយៈឪពុកម្តាយលោក តែលោកនៅតែចង់ស្តាប់បន្ថែមទៀតពីរឿងរ៉ាវសម័យនោះ។
«ខ្ញុំចង់ស្តាប់រឿងរ៉ាវរបបសម័យនោះបន្តទៀតពីព្រោះខ្ញុំគិតថាអ្នកទាំងនោះនៅមិនទាន់និយាយអស់នៅឡើយ។ ខ្ញុំចង់ឱ្យពួកគាត់ដឹងថាគាត់នៅមានអ្នកយកចិត្តទុកដាក់ចង់ដឹងរឿងរបស់គាត់ដើម្បីឱ្យគាត់បានស្បើយពីអារម្មណ៍ទុក្ខសោក»។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកំពុងកាត់ទោសមេដឹកនាំកំពូលបីរូបនៃរបបប្រល័យពូជសាសន៍ដែលមាននួនជា ខៀវសំផននិង អៀងសារី ហើយការកាត់ទោសនេះនឹងបន្តយ៉ាងហោចណាស់ក៏ជិតពីរឆ្នាំទៀតដែរ។ មានតែមេដឹកនាំម្នាក់គឺកាំង ហ្កេកអ៊ាវហៅឌុចអតីតប្រធានគុកទួលស្លែងត្រូវបានតុលាការកាត់ឱ្យជាប់ទោសមួយជីវិត៕