ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​បឹងកក់​១៣​នាក់​ត្រូវ​បានដោះលែង


ក្រុម​អ្នក​ភូមិ​បឹងកក់​ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល​ ដែល​បាន​ចូលរួម​នៅ​ក្នុង​អង្គសវនាការ​សាលា​ឧទ្ធរណ៍ ​បាន​ស្រែក​ដោយ​ក្តី​រំភើប​រីករាយ​ព្រមៗ​គ្នា​ ខណៈពេល​ដែល​ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​ អ្នក​ភូមិ​បឹងកក់​ចំនួន​១៣​នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក សេង ស៊ីវុត្ថា​ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលដីកា​នៃ​សាលា​ដំបូង​ចំពោះ​ករណី​អ្នក​ភូមិ​បឹងកក់​ចំនួន​១៣​នាក់។ ​ក៏ប៉ុន្តែ​លោក​បានសម្រេច​បន្ធូរ​បន្ថយ​ទោស​អ្នក​ភូមិ​បឹងកក់​ទាំង​១៣​នាក់​ ពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​ប្រាំមួយ​ខែ​មក​នៅ​ត្រឹមមួយខែ បី​ថ្ងៃ​វិញ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ដោយ​ផ្អែក​លើ​អាយុកាល​នៃ​ការ​ចាប់​ឃុំខ្លួន​ រយៈពេល​មួយ​ខែ​ នឹង​បី​ថ្ងៃ​ ជន​ជាប់​ចោទ​ទាំង​ ១៣​នាក់​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ​ចាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ​ត​ទៅ។

អ្នក​ភូមិ​បឹងកក់​ទាំង​ ១៣​នាក់​ នៅ​ក្នុង​សម្លៀក​បំពាក់​ជា​អ្នកទោស​បាន​អង្គុយ​ព្រម​ៗ​គ្នា​ ក្រាប​សំពះ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​ និង​បាន​និយាយ​ថា​សាលាឧទ្ធរណ៍​ពិត​ជា​បាន​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ​ ដើម្បី​ឲ្យ​ទៅ​ជួបជុំ​ប្រពន្ធកូន​ឡើងវិញ។

«ខ្ញុំ​អរ​មែនទែន។ វា​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​។ ​ចាប់​ពី​ថ្ងៃ​នេះ​ ខ្ញុំ​បាន​ទៅ​ជួប​កូន​ខ្ញុំ​វិញ​ហើយ»។

អ្នកស្រី ​ទេព វន្នី ​តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ ក្រោយពេល​ដែល​អ្នកស្រី​ និង​អ្នក​ភូមិ​បឹងកក់​ចំនួន​ ១៣​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ជា​ផ្លូវការ។

អ្នកស្រី​មាន​ប្រសាសន៍​ដោយ​ក្តី​រំភើប​រីករាយ ​លាយឡំ​ជាមួយ​នឹង​ទឹកភ្នែក​ ដែល​ហូរ​នៅ​ជាប់​ថ្ពល់​ថា​ សេចក្តី​សម្រេច​នេះ ​ពិត​ជា​ត្រឹមត្រូវ។

«ខ្ញុំ​ចង់​បញ្ជាក់​ថា​ សាលាឧទ្ធរណ៍​គាត់​កាត់​ក្តី​នេះ​ បង្ហាញ​ពី​ភាព​ស្អាតស្អំ​ដល់​ពួកខ្ញុំ​ពិត​ប្រាកដ​តែ​ម្តង»។

អ្នកស្រី ពុង ឈាវហ្គិច ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ស្វាគមន៍​ចំពោះ​សាលាឧទ្ធរណ៍​ដែល​បាន​សម្រេច​ដោះលែង​អ្នក​ភូមិ​បឹង​កក់​ចំនួន​ ១៣នាក់។

«ខ្ញុំ​មាន​ការរីករាយ ​សូម​អរគុណ​តុលាការ​។ ​នេះ​គឺ​ជា​សេចក្តីសម្រេច​មួយ​គួរ​ឲ្យ​ទទួល​យក​បាន​ ខ្ញុំ​ពេញ​ចិត្ត​។ ​ក៏ប៉ុន្តែ​ខ្ញុំ​សោកស្តាយ​មួយ​ទៀត​ ដែល​សប្បាយ​ចិត្ត​អ្នក​ទាំង​អស់​គ្នា ​នឹង​រួច​ខ្លួន​ថ្ងៃ​ហ្នឹង​។​ ក៏ប៉ុន្តែ​ខ្ញុំ​មាន​ការឆ្ងល់​មួយ​ថា​ អ្នក​ទាំង​អស់​គ្នា​ ឥត​បាន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​សោះ»។

តុលាការ​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា ​កន្លង​ទៅ​នេះ​ បានកាត់ទោស​អ្នក​ភូមិបឹងកក់​ចំនួន​ ១៣​នាក់​ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ ​រយៈពេល​ពីរ​ឆ្នាំ ​និង​ប្រាំមួយខែ​ពី​បទ​ជេរប្រមាថ​ និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ។

អាជ្ញាធរ​ដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​ឧសភា​កន្លង​ទៅ​នេះ ​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ចំនួន​ ១៥​នាក់​ ដាក់​ពន្ធនាគារ​ដោយសារ​តែ​ពួកគេ​បាន​ចូលរួម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ចំនួន​ ១៨​គ្រួសារ​ផ្សេង​ទៀត​នៅ​ភូមិ​មួយ ​ដើម្បី​ប៉ុនប៉ង​សាងសង់​ផ្ទះ​នៅ​លើ​ដី​ដែល​បាន​បូម​ពន្លិច។

ថ្លែងប្រាប់​នៅ​ក្នុង​អង្គសវនាការ ​អ្នកភូមិ​បឹង​កក់​ទាំង​ ១៣​នាក់​ បាន​ប្រាប់​តុលាការ​ដូច​ៗ​គ្នា​ថា​ ពួក​គេ​ពិត​ជា​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះមែន​។ ​ក៏ប៉ុន្តែ​មិន​បាន​ប្រឆាំង ​និង​ជេរប្រមាថ​សមត្ថកិច្ច​ទេ​។ ពួកគេ​ទាំង​នោះ​ បាន​និយាយ​ថា​ឧបករណ៍​សាងសង់​ផ្ទះ ​ដូច​ជា​កាំបិទ ​ញញួរ ​រណា ​និង​ដំបង​ មិន​មែន​ជា​របស់​ពួក​គេ​ទេ។ ​ហើយ​ក្នុង​ពេល​ហេតុការណ៍​នោះ ​មាន​មនុស្ស​មួយ​ក្រុម​ ដែល​ជា​មិនមែន​អ្នក​ភូមិ​បឹងកក់ ​បាន​កាន់​ញញួរ ​ដំបង​ និង​ពូថៅ​ ដើម្បី​មក​បង្កហេតុ​ក្នុង​គោលបំណង មក​លើ​អ្នក​ភូមិ​បឹងកក់។

ក្នុង​ខណៈពេល​ដែល​សាលាឧទ្ធរណ៍​កំពុង​បើក​សវនាការ​ ក្រុម​អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជាង​ ២០០​នាក់ ​ដោយ​មាន​ការចូលរួម​ពី​កុមារ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​ប្រដាប់​ដោយ​អាវុធ ​ខែល​ និង​ដំបងឆក់​ ជា​ច្រើន​រាប់រយ​នាក់​ បាន​រាំងខ្ទប់​ មិន​ឲ្យ​មក​តវ៉ា​នៅ​ក្នុង​បរិវេណ​របស់​តុលាការ។

ក្នុង​ការប៉ះទង្គិច​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​ យ៉ាងតិច​មាន​មនុស្ស​ប្រមាណ​បួន​នាក់​ បាន​ទទួលរង​របួស​ស្រាល ​នឹង​មាន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ចំនួន​ពីរ​ខែ​ បាន​រលូតកូន​ចេញ​ពី​ផ្ទៃ ​ដោយសារ​តែ​សមត្ថកិច្ច​បាន​វាយ​ចំ​ពោះ៕

XS
SM
MD
LG