លោក សម រង្ស៊ី ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ចុះចេញពីតំណែង ដោយសារតែលោកអះអាងថា លោកហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយជម្លោះជាមួយប្រទេសជិតខាងដោយសន្តិវិធី និងអាចបណ្តាលឲ្យកម្ពុជាបាត់បង់ទឹកដីភាគខាងកើតនិងខាងលិចរបស់ខ្លួនទៅប្រទេសជិតខាង។
កងទ័ពកម្ពុជា និងថៃបានចាប់ផ្តើមបន្តវាយប្រយុទ្ធគ្នាតាមព្រំដែនអស់រយៈពេលមួយសប្តាហ៍ហើយ។ មេដឹកនាំគណបក្សជំទាស់នៃប្រទេសកម្ពុជា គឺលោក សម រង្ស៉ីដែលកំពុងនិរទេសខ្លួនដោយសារបញ្ហាព្រំដែនកម្ពុជាវៀត ណាម បានថ្លែង ក្នុងលិខិតចំហររបស់លោកមួយកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវតែចុះចេញពីដំណែង ដើម្បីឲ្យកម្ពុជាជៀសផុតពីសង្រ្គាម និងការបាត់បង់ទឹកដីដល់ប្រទេសជិតខាងទាំងខាងកើតនិងខាងលិច។ លោកបានហៅរដ្ឋាភិបាលហ៊ុន សែន ថា អសម្មត្ថភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ លោក សម រង្ស៊ីបានថ្លែងតាមខ្លឹមសារដើមក្នុងលិខិតពីទីក្រុងបារីសមកថា៖
«បើរដ្ឋាភិបាលលោក ហ៊ុន សែនមិនអាចធ្វើបានដូច្នេះទេ ត្រូវតែរដ្ឋាភិបាលនេះ ចុះចេញពីដំណែង ដើម្បីឲ្យប្រទេសកម្ពុជាជៀសវាងសង្រ្គាម និងការបាត់បង់ទឹកដីទាំងខាងលិច ទាំងខាងកើត»។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងនេះ លោកផៃ ស៊ីផានអ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបានបដិសេធការចោទប្រកាន់របស់លោក សម រង្ស៊ី ហើយហៅទង្វើរបស់លោក សម រង្ស៊ីថា ជាការចង់បានការចាប់អារម្មណ៍ និងបង្កើតឱកាសដើម្បីតតាំងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមានការគាំទ្រពីប្រជាពលរដ្ឋខ្ពស់ជាងលោក សម រង្ស៊ី។ លោក ស៊ីផាន បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា៖
«ហើយទោះជាគាត់មិនទទួលបានការគាំទ្រពីមហាជនដែលជាប្រជាពលរដ្ឋខ្មែរយ៉ាងណាក៏ដោយ ក៏គាត់នៅតែរក្សាភាពតតាំងជាមួយសម្តេចតេជោ។ យើងដឹង ហើយថា សម្តេចតេជោយ៉ាងហោចណាស់៧៦ភាគរយនៃប្រជាពលរដ្ឋកម្ពុជា ហ្នឹងដែលទទួលស្គាល់ ហើយទទួលយល់ព្រមថា លោក ដឹកនាំប្រទេសលើផ្លូវត្រូវ»។
លោក ផៃ ស៊ីផានបានពន្យល់ពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលត្រួសៗថា៖ ជាមួយប្រទេសថៃ កម្ពុជានៅតែរក្សាបាន និងគ្រប់គ្រងបាននូវស្ថានភាពសមរភូមិក៏ដូចជាផ្នែកការទូត ដែលលោកអះអាងថា កម្ពុជាទទួលបានការសរសើរពីអន្តរជាតិ។ ចំណែកបញ្ហាព្រំដែន ជាមួយនឹងវៀតណាមវិញ លោក ស៊ីផានអះអាងថា កម្ពុជាដោះស្រាយតាមសហសន្តិវិជ្ជមាន ចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលត្រូវដោះស្រាយតាមច្បាប់ ដែលមិនមែនជាការលើកទ័ពទៅឈ្លានពាននោះទេ។ តែលោក សម រង្ស៉ីថ្លែងដូច្នេះ ដោយយោងថាការមិនព្រមប្រើប្រាស់កិច្ចព្រមព្រៀង ទីក្រុងបារីសឆ្នាំ១៩៩១ ដែលមានបណ្តាប្រទេសមហាអំណាច និងប្រទេសធំៗចំនួន១៨ ជាអ្នកធានាឯករាជ្យភាព អធិតេយ្យភាពកម្ពុជានោះហើយ ដែលនាំឲ្យមានការឈ្លានពានពីប្រទេសជិតខាងទាំងខាងកើតនិងខាងលិច។
លោក សម រង្ស៊ី ចាត់ទុកថា លោកបានបង្កើតជោគជ័យធំមួយដែលដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩ ដើម្បីឲ្យវៀតណាមដកថយពីការរំលោភទឹកដីកម្ពុជា។ មន្ត្រីវៀតណាម ក៏ដូចជាមន្ត្រីថៃធ្លាប់បដិសេធការចោទប្រកាន់នានារបស់កម្ពុជាដែលថាគេរំលោភបំពានទឹកដីកម្ពុជា។ លោក សម រង្ស៊ីពេលនេះកំពុងគេចខ្លួនពីការកាត់ទោសកំបាំងមុខ ពីបទដកតម្រុយបង្គោលព្រំដែន៕