ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១២


អាគារ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា
អាគារ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា

ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១២ ចំនួន​ជាង​១០​លាន​លាន​រៀល ​គឺ​ស្មើ​នឹង​ប្រមាណ​ជាង​ ២.៦២៦​លាន​ដុល្លារ​អាមេរិក។

ការ​អនុម័ត​ថវិកា​សម្រាប់​ឆ្នាំ​២០១២​នេះ​គឺ​បាន​កើន​ឡើង​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​ឆ្នាំ​២០១១។

លោក​ ជាម ​យៀប ​ប្រធាន​គណៈកម្មធិការ​ហរិញ្ញវត្ថុ​ និង​ធានាគារ​របស់​រដ្ឋសភា​បាន​មាន​ប្រសាសន៍ ថា​ ការ​កើន​ឡើង​ថវិកា​ក្នុង​ឆ្នាំ​២០១២​នេះ ​ដោយសារ​តែ​កម្ពុជា​ជួប​ប្រទះ​នឹង​ទឹក​ជំនន់ ​ហើយ​កម្ពុជា​ត្រូវ​ការ​ថវិកា​បន្ថែម​ទៀតសម្រាប់​វិស័យ​ការពារ​ជាតិ។

«ដោយ​ឈរ​លើ​មូលដ្ឋាន​ទី​១ យើង​កំពុង​ទទួល​នូវ​គ្រោះ​ទឹក​ជំនន់​នេះ​ផង ហើយ​មួយ​រយៈ​ធ្ងន់ធ្ងរ​ដែល​អាច​រហូត​ដល់​មាន​ការ​ខូចខាត​រាប់រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ហើយ​ទី​២ ​ដោយសារ​ការការពារ​ជាតិ​ ក៏​យើង​ត្រូវ​គិត​គូរ​ពិចារណា​ដែរ ​នៃ​ការ​ការពារ​បូរណភាព​ទឹក​ដី»។

សេចក្តី​ប្រកាស​របស់​ទីស្តីការ​គណរដ្ឋ​មន្រ្តី​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​នេះ ​គឺ​ដើម្បី​ធានា​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​អត្រា​ប្រមាណ​ប្រាំពីរ​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ ​និង​ការ​ធានា​សម្រេច​ឲ្យ​មាន​ការ​កាត់​បន្ថយ​អត្រា​នៃ​ភាព​ក្រីក្រ​ឲ្យ​បាន​លើស​ពី​មួយ​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

លោក ​ ជាម ​យៀប ​បាន​មាន​ប្រសាសន៍​ថា ​ថវិកា​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ ​ផ្តល់​ជូន​ក្រសួង​ចំនួន ប្រាំពីរ​ជា​អតិភាព​ចំបង​គឺ​ក្រសួង​អប់រំ​ ក្រសួង​សុខាភិបាល​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រសួង​កសិកម្ម ក្រសួង​សង្គមកិច្ច ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​នគរដែនដី​រូបនីយកម្ម និង​សំណង់។ លោក​ ជាម ​យៀប ​មិន​បាន​បញ្ជាក់​ថា​ តើ​ក្រសួង​អទិភាព​ទាំង​ប្រាំពីរ​នេះនឹង​មាន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​ទេ ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​សុខាភិបាល ​និង​ក្រសួង​អប់រំ ​អាច​កើន​ឡើង​ប្រមាណ​ពី​១៨ ​ភាគរយ​ ទៅ​២០ភាគរយ ​និង​ក្រសួង​កសិកម្ម​អាច​ឡើង​ដល់​ប្រមាណ​សាមសិប​ភាពរយ។

«ការ​កើន​ឡើង​នេះ​គឺ​ថា​ផែនកា​ជាតិ​សហសវត្សន៍​ថ្មី ​២០០៨​-​២០១៣ ​របស់​រាជរដ្ឋាភិបាល។​ លោក បាន​បង្កើន​រាល់​ការងារ​ទាំង​ឡាយ ​ពី​សេស​យក​ចិត្ត​ទុក​ដាក់​សុខមាលភាព​របស់​ប្រជាពលរដ្ឋទូទាំង​ប្រទេស»។

លោក ​យឹម ​សុវណ្ណ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​បាន មាន​ប្រសាសន៍​ថា ​លោក​មិន​ទាន់​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ។

«សេចក្តី​ព្រាង​ច្បាប់​មក​ដល់​ដៃ​សិន ​បាន​យើង​ធ្វើ​អត្ថាធិប្បាយ​លំអិត​តែ​ម្តង»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ទៀត​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ​រដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​ផលិកម្ម​ស្រូវ ​ការ​នាំ​ចេញ​អង្ករ​ ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ​ដែល​ខូចខាត​ដោយ​ទឹក​ជំនន់ បន្ត​ពង្រីក ​និង​ពង្រឹង​ឧស្សាហកម្ម​កាត់ដេរ​ និង​ផ្នែក​សេវាកម្មទេសចរណ៍៕

XS
SM
MD
LG