ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធម្មយាត្រា​ទៅ​បូជនីយដ្ឋាន​ជើងឯក​បួងសួង​សុំ​យុត្តិធម៌សម្រាប់​ជនរងគ្រោះ


ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា ​និង​ពុទ្ធបរិស័ទ​​ដង្ហែ​ធម្មយាត្រា​ទៅ​ជើងឯក។
ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា ​និង​ពុទ្ធបរិស័ទ​​ដង្ហែ​ធម្មយាត្រា​ទៅ​ជើងឯក។

ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា ​និង​ពុទ្ធបរិស័ទ​ប្រមាណ​២៥០នាក់​ បាន​ដង្ហែ​ធម្មយាត្រា​ទៅ​កាន់​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​បួងសួង​សុំ​យុត្តិធម៌​ និង​សន្តិភាព​សម្រាប់​ជនរងគ្រោះ ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុង​របប​ខ្មែរ​ក្រហម។

ព្រះសង្ឃ​ប្រមាណ​២០០​អង្គ​ មកពី​ប្រទេស​ជប៉ុន ភូមា ថៃ និង​ពុទ្ធ​បរិស័ទ​ ប្រមាណ​៥០នាក់​បាន​ដង្ហែ​ធម្មយាត្រា​ចេញពីម​ជ្ឈមណ្ឌល​ចតុទិស​សង្គហ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៣គីឡូ​ម៉ែត្រ ​ពី​មជ្ឈមណ្ឌលប្រល័យ​ពូជសាសន៍​ជើង​ឯក។

វាល​ពិឃាត​ជើងឯក​គឺជា​សារមន្ទីរ​ដ៏​ធំ​មួយ​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ភ្នំពេញ។ វាល​ពិឃាតនោះ​ជា​ទី​តាំង​សម្លាប់​បុរស​ ស្ត្រី​ និង​កុមារ​ប្រមាណ១៧.០០០នាក់​ ដែល​ត្រូវបាន​បញ្ចូន​ចេញ​ពី​មន្ទីរ​ស-២១ ដោយ​ពួក​ខ្មែរ​ក្រហម។ មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​គឺ​នៅ​តែ​ជា​កន្លែង​គួរ​ឱ្យ​ស្អប់ខ្ពើម និង​ទុក្ខសោក​ដោយ​មាន​ស្តូប​តម្កល់លលាដ៍​ក្បាល​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ជាង​៨.០០០​នាក់ ដែល​ដាក់​តម្រៀប​តាម​អាយុ និង​ភេទ។ នៅ​ជុំវិញ​ស្តូប​ដែល​ត្រូវ​បាន​សង់​សម្រាប់​សម្តែង​ទុក្ខចំពោះ​អ្នកស្លាប់ ​និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំងនោះ ក៏​មាន​រណ្តៅ​សាសព​ជា​ច្រើន​ផង​ដែរ។

ធម្មយាត្រា​នេះ​បាន​ធ្វើឡើង​ខណៈ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​បឋម​លើ​សំណុំ​រឿង​លេខ​០០២ ដែល​ពាក់ព័ន្ធ​នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​ខ្មែរ​ក្រហម​ ខៀវ ​សំផន ​អតីត​ប្រធាន​រដ្ឋ​ខ្មែរ​ក្រហម អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម ​និង​អៀង ធីរី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​នៅចុង​ខែ​មិថុនា​នេះ។

លោក​សឹង គា​ ប្រធាន​ចតុទិស​សង្គហ​កម្ពុជា​ បាន​ថ្លែង​ថា ធម្មយាត្រា​មក​កាន់បូជនីយដ្ឋាន​ជើង​ឯក​នេះ​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​ គ្រោះ​ធម្មជាតិ​ ការ​សម្លាប់​នៅ​ជុំវិញ​ពិភពលោក។ លោក​សឹង គា​ បាន​បញ្ជាក់ថា ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​បាន​ធ្វើ​សមាធិ​ សូត្រ​ធម៌​ និង​បួងសួង​ ដើម្បី​យុត្តិធម៌ ​និង​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​ធ្វើតាម​ការ​សម្តែង​ព្រះធម៌​ ធ្វើ​យ៉ាង​ណា​ឱ្យ​យើង​មាន​យុត្តិធម៌​ ដើម្បី​ឱ្យ​មាន​ភាព​ស្ងាប់​ស្ងាត់​ ទាំង​អ្នក​រស់​នៅ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​កា​រកាត់ក្តី​ខ្មែរក្រហម និង​សូម​ឱ្យ​អ្នក​ដែល​ស្លាប់​ទៅ​បាន​ស្ងប់​ចិត្ត​ពីការ​កាត់​ទោស​ខ្មែរ​ក្រហម»។

ព្រះតេជ​គុណ ​ប្រាក់ សារ៉េត ​គង់​នៅ​វត្តឧណ្ណា​លោម ​បាន​មាន​សង្ឃដីកា​ថា ការធ្វើ​ធម្មយាត្រា​នេះ​ មាន​គោល​បំណ​ងឧទ្ទិស​ផល្លា​និសង្ឃ​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម។

ព្រះតេជ​គុណ​ ប្រាក់ សារ៉េត ​បាន​បញ្ជាក់ថា ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ តាមរយៈ​តុលាការ​ដែល កំពុង​តែ​ធ្វើ​ការ​វិនិច្ឆ័យ ​ដើម្បី​រក​ឱ្យ​ឃើញ​ស​ ខ្មៅ​ ឬ​ដើម្បី​បញ្ជាក់​ថា​ អ្នក​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​ហើយ មិន​អាច​គេច​រួច​អំពី​ចំណង​នៃ​ច្បាប់​បាន​ឡើយ។

«សម័យ​នោះមនុស្ស​ប្រមាណ​២០.០០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​វាល​ពិឃាត​ជើង​ឯក។ ចំណុច​សំខាន់ ​ដែល​ព្រះសង្ឃ​ធ្វើ​ធម្មយាត្រា​មក​កាន់​កន្លែង​វាល​ជើងឯក​នេះ​សំខាន់​ណាស់​ក្នុង​គោលបំណង​ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ជូន​ដល់​អ្នក ដែល​បាន​ស្លាប់​ទៅ​ក្នុង​ជំនាន់​ប៉ុល ពត ​ទូទាំង​ប្រទេស​កម្ពុជា ​ក៏ដូចជា​ទូទាំង​ពិភពលោក​ដែរ»។

របប​ខ្មែរក្រហម​ ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជិត២.០០០.០០០​នាក់​ រវាង​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ១៩៧៩ ​ដោយ​វិធី​បង្អត់​ចំណី​អាហារ​ ការ​បង្ខំ​ឱ្យ​ធ្វើ​ធ្ងន់​ហួស​កម្លាំង ​ការប្រហារ​ជីវិត​ ដោយ​គ្មាន​ការជំនុំជម្រះ​ និង​ជំងឺ​ជាដើម៕

XS
SM
MD
LG