ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង​ធំ​ទីពីរ​ខ្មែរ​ក្រហម​សម្តែង​ការ​មិន​ពេញចិត្ត​ពេល​តុលាការ​ចាប់ផ្តើម​កាត់ទោស


នួន ជា ជា​ប្រធាន​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម​ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​«បងធំ​ទី២» អង្គុយ​ក្នុង​​អំឡុង​សវនាការ​បឋម​ក្នុង​សំណុំ​រឿង​០០២ កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ លោក​បាន​ចាក​ចេញ​ពី​សវនាការ​នៅ​មុន​ម៉ោង​ដោយ​និយាយ​ថា​លោក «មិន​សប្បាយ​ចិត្
នួន ជា ជា​ប្រធាន​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម​ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា​«បងធំ​ទី២» អង្គុយ​ក្នុង​​អំឡុង​សវនាការ​បឋម​ក្នុង​សំណុំ​រឿង​០០២ កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។ លោក​បាន​ចាក​ចេញ​ពី​សវនាការ​នៅ​មុន​ម៉ោង​ដោយ​និយាយ​ថា​លោក «មិន​សប្បាយ​ចិត្

បងធំ​ទីពីរ​នៃ​សម័យ​ខ្មែរក្រហម ​លោក​នួន ជា ​បាន​សម្តែង​ការ​ខឹង​សម្បា​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃច័ន្ទ​នេះ​នៅពេល​ដែល​រូបគាត់​ត្រូវ​នាំខ្លួន​យក​មក​កាត់ទោស។

ថ្លែង​នៅចំ​ពោះ​មុខ​អង្គ​ចៅក្រម​ចំនួន​ប្រាំរូប​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ នួន ជា​ ពាក់មួក​គ្រប​ក្បាល​ និង​វ៉ែនតា​ខ្មៅ ​បាន​អាន​សំណេរ​មួយ​ បា​នសម្តែង​ការ​គោរព​ចំពោះ​មុខ​ប្រជាពលរដ្ឋ​កម្ពុជា។ ក៏ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​អំ​ពីហេតុផល​ ចំពោះ​ការមិន​សប្បាយ​ ចិត្ត​របស់​លោក​នោះ​ទេ។

«ជាបឋម​ ខ្ញុំ​បាទ​សូម​គោរព​លោក​ប្រធាន​តុលាការ ​ពិសេស​លោកស្រី​ បងប្អូន​រួមជាតិ​ក្នុង​ទីនេះ ​បងប្អូន​រួមជាតិ​ទូទាំង​ប្រទេស​និង​ក្រៅ​ប្រទេស​ដោយ​មេត្រី។ ខ្ញុំ ​មិន​សប្បាយ​ចិត្ត ​ចំពោះ​សវនាការ​នេះ ​ហើយ​ខ្ញុំ ​ប្រគល់​ភារៈ​នេះ​ជូន​មេធាវី​របស់​ខ្ញុំ ​ដើម្បី​ពន្យល់​ពី​ហេតុផល»។

អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួននាក់ ​នៅក្នុង​នោះ ​មាន នួន ជា​អតី​ត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ អៀង សារី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​និង​អៀង ធីរិទ្ធ​ ប្រពន្ធ​របស់​គាត់​និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។

ជន​ជាប់ចោទ​ទាំងបួន​នាក់​ នៅក្នុង​សំណុំរឿង​០០២​នេះ​ ត្រូវ​នាំខ្លួន​ចូល​សវនាការ​បឋម​នៅ​ថ្ងៃ​នេះ​ក្រោម​ការចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​បទ​ប្រល័យ​ពូជសាសន៍​ ទាក់ទង​ទៅ​នឹង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរលាន​នាក់ ​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ​និង ​ឆ្នាំ១៩៧៩​ គឺ​ជា​រយៈពេល​ដែល​ពួកគេ​កាន់កាប់​អំណាច។

មេធាវី​បរទេស​របស់​នួន ជា​ គឺ​លោក ​ម៉ាយឃើល ផេសមែន (Michael Pesttman) ​ ថ្លែង​ប្រាប់​តុលាការ​ថា ​កូនក្តី​របស់​ខ្លួន​មិនសប្បាយ​ចិត្តទេ​ដោយសារតែ​ការស៊ើបអង្កេត​របស់​ក្រុម​ចៅក្រម​បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​គាត់។

មួយ​វិញទៀត​ ក្រុម​ចៅក្រម ​មិន​បាន​កោះហៅ ​សាក្សី​ចំនួន​ជាង​៣០០នាក់ ​ដែល​ក្រុម​មេធាវី​បាន​ស្នើឲ្យ​យកមក​បកស្រាយ​នៅក្នុង​សវនាការ​បឋម​នេះ​ទេ។

លោក​ម៉ាយឃើល ផេសមែន ​បាន​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ភាសា​ថា ​កូនក្តី​របស់​លោក​មិនត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ធ្វើការ​បកស្រាយ​នូវ​អ្វី ​ដែល​គាត់​ចង់​និយាយ​នោះ​ទេ។ ​ហើយ​លោក​បាន​ទាមទារ​ឲ្យ​តុលាការ​បោះបង់​ចោល​នូវ​សំណុំរឿង​របស់​លោក​នួន ជា។

«ដូច​ដែល​បាន​លើកឡើង​ ការស៊ើប​អង្កេត​ គឺ​មិនមាន​យុត្តិធម៌។ ដូច្នេះ​ហើយ​សំណុំរឿង​របស់​លោក​ នួន ជា​ មិនគួរ​ត្រូវបាន​គេយក​មក​ជំនុំជម្រះ​នោះ​ទេ»។

សវនាការ​ចំនួន​បួនថ្ងៃ ​នៅពេល​នេះ ​នឹង​ជជែក​អំពី​អញ្ញត្រកម្ម​ផ្សេងៗ ​នៅក្នុង​នោះ​និង​មាន​ការជជែក​ អំពី​ការកាត់ទោស​ពីរដង​ទៅលើ​អៀង សារី​ ការលើកលែង​ទោស​ទៅលើ​អៀង សារី ​និង​ការចូលរួម​របស់​សាក្សី​ជាដើម។

នួន ជា​ បាន​ចាកចេញ​ពី​បន្ទប់​សវនាការ​ដោយ​បញ្ហា​សុខភាព ​ហើយ​បន្ទាប់​មក​អៀង ធីរិទ្ធ ​ក៏បាន​ចាកចេញ​ទៅ​បន្ទប់​ឃុំឃាំង​ដែរ ​ដោយសារ​តែ​មូលហេតុ​ដូចគ្នានេះ។

ផ្ទុយ​ទៅវិញ ​មេធាវី​របស់​ខៀវ សំផន ​បាន​ស្នើឲ្យ​ក្រុម​ចៅក្រម​របស់​អង្គជំនុំ​ជម្រះ​សាលាដំបូង​ដោះលែង​កូន​ក្តី​របស់​ខ្លួន​ទៅកាន់​បន្ទប់​រង់ចាំ​ ឬ​ក៏​ទៅកាន់​បន្ទប់​ឃុំឃាំង។ ក៏ប៉ុន្តែ​ប្រធាន​អង្គ​ជំនុំជម្រះ​លោក​ចៅក្រម​ និល ណុន ​បាន​ទាត់​ចោល​សំណើ​នោះ ​ដោយ​សំអាង​ថា​ លោក​ខៀវ សំផន ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ដែល​គួរ​ត្រូវ​ចាកចេញពីបន្ទប់​សវនាការ​នោះ​ទេ៕

XS
SM
MD
LG