ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់ទោស​បុរស​អង់គ្លេស​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន


របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​បញ្ជាក់​ថា​មាន​ជនបរទេស​ចំនួន​១០៦នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​អំពី​បទ​រួមភេទ​ជាមួយ​កូនក្មេង​ជាង​៣៤០នាក់​រវាង​ពី​ឆ្នាំ២០០៣ ​ដល់​ឆ្នាំ២០១០។
របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​បញ្ជាក់​ថា​មាន​ជនបរទេស​ចំនួន​១០៦នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​អំពី​បទ​រួមភេទ​ជាមួយ​កូនក្មេង​ជាង​៣៤០នាក់​រវាង​ពី​ឆ្នាំ២០០៣ ​ដល់​ឆ្នាំ២០១០។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​វិស្វករ​កំព្យូទ័រ​ជនជាតិ​អង់គ្លេស​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំពីរ​ឆ្នាំ​ពី​បទ​ចំណាយ​ប្រាក់​ទិញ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ចំនួន​២នាក់​យក​មក​រួមភេទ​ដែល​ច្បាប់​របស់​ប្រទេស​កម្ពុជា​បាន​ហាមឃាត់​ដាច់​ខាត។

ប៉ូលីស​បាន​ចាប់ខ្លួន​លោក​ម៉ាធ្យូ ហាឡែន(Matthew Harland) ​អាយុ៣៨ឆ្នាំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​ឧសភា​បន្ទាប់ពី​ទិញ​ក្មេងស្រី​ពីរនាក់​អាយុ​១១ឆ្នាំ​និង​អាយុ១២​ឆ្នាំ​សម្រាប់​រួមភេទ​នៅក្នុង​ឆ្នាំ២០០៦។

លោក​ចៅក្រម​កោ វណ្ណឌី ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​បាន​អាន​សាលក្រម​ថា​តុលាការ​បាន​សម្រេច​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​ម៉ាធ្យូ ហាឡែន​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំពីរ​ឆ្នាំ​អំពី​បទទិញ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​យកមក​រួមភេទ​និង​បាន​បញ្ជា​ឱ្យ​ជន​ជាប់ចោទ​បង់ប្រាក់​សំណង​ដល់​ជនរងគ្រោះ​ម្នាក់ៗ​ចំនួន​មួយលានរៀល​ស្មើនឹង​២៥០​ដុល្លារ​អាមេរិក។

លោក​គង់ រ៉ានី ​មេធាវី​ជនជាប់ចោទ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«យើង​ថា​វា​អយុត្តិធម៌ ​ឬ ​យុត្តិធម៌​យើង​មិនហ៊ាន​ថា​ពីព្រោះ​តុលាការ​សម្រេច​សេចក្តី​ដោយ​មាន​ការយល់​ឃើញ​និងសំអាង​លើ​ភស្តុតាង​របស់​គាត់។ ប៉ុន្តែ​អ្វី​ដែល​កូនក្តី​របស់​ខ្ញុំ​មិនអស់​ចិត្ត​ហ្នឹង​ដោយសារ​ភស្តុតាង​ចោទប្រកាន់​មកលើ​គាត់​តិច​ពេក»។

លោក​នួន ផានីត ​មេធាវី​ជនរងគ្រោះ​បាន​ថ្លែងថា​សេចក្តី​សម្រេច​នេះ​បាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក​ហើយ​ប៉ុន្តែ​លោក​មិនពេញ​ចិត្ត​ចំពោះ​តុលាការ​ដែល​មិនបាន​សម្រេច​បណ្តេញជនជាប់ចោទ​ចេញពី​កម្ពុជា។

«ខ្ញុំ​អាច​ទទួល​យក​សេចក្តី​សម្រេច​នេះ​បាន។ ខ្ញុំ​ពេញចិត្ត​ចំនួន​នៃ​ការកាត់ទោស​រយៈពេល​ប្រាំពីរ​ឆ្នាំ​នេះ។ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅនឹង​ទោស​បន្ថែម​ដែល​គាត់​ (ចៅក្រម) មិនបាន​ប្រើ​ឆន្ទា​នុសិទ្ធិ​របស់​គាត់​តាម​បញ្ញត្តិ​ច្បាប់​ចែង​ស្តីពី​ការដាក់ទោស​បន្ថែម​បណ្តេញ​គាត់​ (ជនជាប់ចោទ) ចេញ​ពី​កម្ពុជា។ ខ្ញុំ​មិនយល់​ស្រប​លើ​ចំណុច​ហ្នឹង។ការមិនបាន​បណ្តេញ​គាត់​ចេញពី​កម្ពុជា​ហ្នឹង​ខ្ញុំ​យល់​ថា​វា​ធ្វើឱ្យ​កំណើន​របស់​ជនល្មើស​កាន់តែ​មាន​វត្តមាន​ច្រើន​នៅ​កម្ពុជា​ដែល​ជា​ហេតុ​ធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ជនរងគ្រោះ​ហើយ​យើង​មានការបារម្ភ​មួយទៀត​ខ្លាច​ជនល្មើស​ហ្នឹង​មាន​ការគុំគួន​និង​អាច​ប្រព្រឹត្ត​បទល្មើស​បន្ថែម​ទៀត»។

របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​បញ្ជាក់​ថា​មាន​ជនបរទេស​ចំនួន​១០៦នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​អំពី​បទ​រួមភេទ​ជាមួយ​កូនក្មេង​ជាង​៣៤០នាក់​រវាង​ពី​ឆ្នាំ២០០៣ ​ដល់​ឆ្នាំ២០១០។ នៅក្នុង​ឆ្នាំ២០១០ ​មាន​ជនបរទេស​ចំនួន​១៨នាក់​និង​នៅដើម​ឆ្នាំ២០១១​នេះ​មាន​ជនបរទេស​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​ជាប់ទោស​ពី​ការរួមភេទ​ជាមួយ​កូនក្មេង។

លោក​សំនៀង សីលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បានថ្លែង​ថា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ូលីស​បាន​ខិតខំ​ធ្វើការ​ស៊ើបអង្កេត​និង​ចាប់​ជនល្មើស​ផ្លូវភេទ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស។

«អង្គការ​ក៏​នៅតែ​មាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​ទេសចរណ៍​ផ្លូវភេទ​នេះដែរ។ យើង​ត្រូវតែ​បង្កើន​ការស៊ើប​អង្កេត​និង​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង​ដើម្បី​នាំ​ជនប្រព្រឹត្ត​ល្មើស​ទាំងអស់​នោះ​ទៅ​ផ្តន្ទាទោស»។

ប្រទេស​កម្ពុជា​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរួមភេទ​ជាមួយ​កូនក្មេង​នៅក្នុង​ឆ្នាំ២០០៣​ដើម្បី​ព្យាយាម​លុបលាង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ថា​ជា​ជម្រក​របស់​ពួក​មនុស្ស​ស្រេកឃ្លាន​ខាង​ផ្លូវភេទ។ ចាប់តាំង​ពីពេល​នោះមក​ ជនបរទេស​ច្រើន​រាប់សិបនាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ចំពោះ​ការប្រព្រឹត្តិ​ ឧក្រិដ្ឋកម្ម​ផ្លូវភេទ​ជាមួយ​ក្មេង​មិនទាន់​គ្រប់​អាយុ​ឬក៏​បាន​បណ្តេញចេញ​ឱ្យ​ទៅ​ប្រឈមនឹង​ការកាត់ទោស​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ៕

XS
SM
MD
LG