ឧទ្យាន Botanic Garden របស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គឺជាសារៈមន្ទីររុក្ខជាតិដ៏រស់រវើក ពោរពេញទៅដោយពណ៌ចម្រុះ និងក្លិនក្រអូបនៃរុក្ខជាតិចំនួន៦៥.០០០ដើម។ នៅក្នុងឧទ្យានផ្ទះកញ្ចក់និងនៅខាងក្រៅ មានដើមផ្កាអ័រគីដេ ដើមដំបងយក្ស ប្រទាល រុក្ខជាតិដែលស៊ីសត្វល្អិតជាអាហារ ផ្កា Bromeliads ដើមCycad និងដើមបណ្ណង្គជាតិ (ferns)។ ក្នុងឆ្នាំនេះ ផ្ទាំងគំនូរ រូបថត និងរូបភាពយ៉ាងហោចណាស់៧៥ បង្ហាញពីផ្កាដ៏សំខាន់នានានៅក្នុងឧទ្យានជាតិរបស់អាមេរិក។
ការតាំងពិព័រណ៍ថ្មីមួយត្រូវបានធ្វើឡើងដើម្បីប្រារព្ធខួប១០០ឆ្នាំនៃទីភ្នាក់ងារឧទ្យានជាតិ។ លោក Bob Vogel ដែលជានាយកថ្នាក់តំបន់របស់ទីភ្នាក់ងារនេះបាននិយាយថា៖
«រុក្ខជាតិជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីទាំងមូលនៅក្នុងឧទ្យានជាតិស្ទើរតែទាំងអស់ដែលយើងមាន។ ច្បាស់ណាស់ រុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់បរិស្ថាន និងសម្រាប់ការចូលទស្សនាឧទ្យានជាតិទាំងនោះរបស់យើង»។
ចូលទៅជិតរុក្ខជាតិ
លោកស្រី Susan Pell ដែលជាប្រធានគ្រប់គ្រងគម្រោងវិទ្យាសាស្ត្រនិងសាធារណៈរបស់សួនឧទ្យាននេះបាននិយាយថា៖
«ខ្ញុំចង់ឲ្យមនុស្សម្នាមានការយល់ដឹងកាន់តែច្បាស់និងឲ្យតម្លៃកាន់តែខ្លាំងដល់សម្រស់ និងភាពចម្រុះនៃរុក្ខជាតិដែលត្រូវការការពារនៅក្នុងឧទ្យានជាតិ ហើយដែលជារុក្ខជាតិដើមដែលមាននៅក្នុងសហរដ្ឋអាមេរិកនេះ»។
ស្នាដៃសិល្បៈដែលបានដាក់តាំងបង្ហាញនៅវិចិត្រសាលនេះ មានចាប់ពីសម្រស់ធម្មជាតិដែលគូរដោយប្រើពណ៌ទឹក ដែលមានទទឹង៣០សង់ម៉ែត្រដល់ផ្ទាំងទស្សនីយភាពដែលមានទំហំ២ម៉ែត្រ ដែលយកមកពីឧទ្យានជាតិជាង៤០០។ មានរូបគំនូរផ្កាលីលីដែលមានក្លិនដូចសូកូឡានៅក្នុងឧទ្យានជាតិប្រវត្តិសាស្រ្ត San Juan Islandក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម Joshua នៅក្នុងឧទ្យានជាតិ Joshua Treeក្នុងរដ្ឋ California និងដើម redwoodយក្សក្នុងរដ្ឋ California ដែលជាដើមឈើខ្ពស់បំផុតក្នុងចំណោមដើមឈើខ្ពស់បំផុតនានានៅក្នុងពិភពលោក។
គំនូរពណ៌ទឹកចំនួនពីរមាននៅលើផ្កាអរគីដេខ្មោច ដែលជាការផ្តិតយករូបភាពជិតនៅពេលដែលផ្កានីមួយៗរីក និងគំនូរមួយទៀតបង្ហាញពីជម្រកដែលមានភក់ ទីដែលដើមអរគីដេលូតលាស់។ លោក William McLaughlin ដែលជាអ្នកថែរក្សាឧទ្យានជាតិនោះ បានពន្យល់ថា៖
«វាដុះនៅក្នុងតំបន់តូចមួយក្នុងរដ្ឋ Florida ហើយវាងាយនឹងត្រូវគេដក និងឆាប់ផុតពូជនៅក្នុងព្រៃ ដូច្នេះការអភិរក្សរុក្ខជាតិនានា ដូចជាដើមអរគីដេនេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងឧទ្យានជាតិរបស់យើង»។
អ្នកចូលទស្សនាក៏អាចឃើញរុក្ខជាតិមួយចំនួនដែលមានតាំងបង្ហាញនៅក្នុងស្នាដៃសិល្បៈផងដែរ ដូចជាដើមដំបងយក្សដែលមានរាងសំប៉ែតដែលគេហៅថា prickly pear ជាដើម។ ដើមនេះដុះនៅក្នុងបន្ទប់កញ្ចក់មួយរបស់ឧទ្យាននេះ។ នៅពេលអាកាសធាតុក្តៅ អ្នកមើលថែសួនមានគម្រោងរើរុក្ខជាតិទាំងនេះចូលទៅកន្លែងតាំងពិព័រណ៍ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅជាប់នឹងគំនូររបស់វាដែលព្យួរនៅលើជញ្ជាំង។
អ្នកមើលថែសួននិងបុគ្គលិកឧទ្យានជាតិសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងជំរុញទឹកចិត្តមនុស្សម្នាឲ្យស្វែងរករុក្ខជាតិទាំងនេះនៅក្នុងជម្រកធម្មជាតិរបស់វា ជាពិសេសនៅក្នុងឧទ្យានជាតិតែម្តង៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ