លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា នៅថ្ងៃសៅរ៍នេះមន្ត្រីសាលាក្រុងភ្នំពេញ បានបង្ខំឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅមណ្ឌលកែប្រែព្រៃស្ពឺឲ្យទទួលយកដីនៅតំបន់ទួលសម្បូរដែលមានទីតាំងនៅក្នុងខណ្ឌដង្កោ និងតំបន់ភ្នំបាតនៅស្រុកពញាឮខេត្តកណ្តាលជាថ្នូរនឹងការដោះលែងប្រជាពលរដ្ឋឲ្យមានសេរីភាពឡើងវិញ។
កាលពីថ្ងៃពុធអាជ្ញាធរនិងមន្ត្រីសន្តិសុខសាលាខណ្ឌដូនពេញបានចាប់ប្រជាពលរដ្ឋអតីតតំបន់បុរីកីឡាប្រមាណ៣០នាក់នៅក្នុងនោះមានកុមារប្រមាណប្រាំមួយនាក់ដាក់នៅក្នុងរថយន្តក្រុង រួចហើយបានយកទៅដាក់នៅមណ្ឌលកែប្រែមិត្តភាពព្រៃស្ពឺដែលមានទីតាំងឋិតនៅតំបន់ចោមចៅ ខណ្ឌដង្កោចម្ងាយប្រមាណជាង១០គីឡូម៉ែតពីទីក្រុងភ្នំពេញ។
ការចាប់ខ្លួនប្រជាពលរដ្ឋនេះបានកើតមានឡើងបន្ទាប់ពីពលរដ្ឋបុរីកីឡាបានប្រមូលផ្តុំគ្នាដាក់ញត្តិនិងធ្វើការតវ៉ាដោយសន្តិវិធីមួយនៅជិតអគារសាលាក្រុងភ្នំពេញកាលពីថ្ងៃពុធដើម្បីស្នើសុំឲ្យដោះលែងប្រជាពលរដ្ឋចំនួនប្រាំបីនាក់ឲ្យមានសេរីភាពនិងផ្តល់ដីជម្រកសមរម្យ បន្ទាប់ពីការបណ្តេញចេញដោយបង្ហូរឈាមមួយកាលពីថ្ងៃទី៣ខែមករាកន្លងទៅនេះ។
អាជ្ញាធរខ្មែរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំបីនាក់យកទៅឃុំឃាំងនៅពន្ធនាគារព្រៃសនិងពន្ធនាគារប៉េហ្ស៊ី (PJ) ក្រោមបទចោទប្រកាន់ថាបានប្រើប្រាស់អំពើហិង្សានិងប្រឆាំងនឹងអ្នករាជការសាធារណៈ។
លោកសៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបាននិយាយថាមន្ត្រីរដ្ឋាភិបាលមិនបានបម្រើប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតទេ បែជាទៅឃុបឃិតជាមួយក្រុមហ៊ុនមកធ្វើការគាបសង្កត់ប្រជាពលរដ្ឋទៅវិញ។
«ការរំលោភសិទ្ធិមនុស្ស ការដែលរំលោភច្បាប់ហើយពួកគាត់គឺជាប្រជាពលរដ្ឋស្លូតត្រង់ដែលគាត់ក្រែងទៅស្វែងរកអ្នកបម្រើរបស់ពួកគាត់ដែលពួកគាត់ខំបោះឆ្នោតឲ្យ ដើម្បីរកដំណោះស្រាយបញ្ហាដីធ្លីបញ្ហាលំនៅដ្ឋានរបស់ពួកគាត់ ហើយបែជាចាប់ពួកគាត់យកទៅដាក់នៅកន្លែងមួយដែលមិនសមរម្យជាមួយនឹងជីវិតថ្លៃថ្នូររបស់ពួកគាត់»។
ប្រជាពលរដ្ឋរស់នៅអតីតតំបន់បុរីកីឡាមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះ ហើយកំពុងរស់នៅមណ្ឌលកែប្រែព្រៃស្ពឺបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថាប្រជាពលរដ្ឋត្រូវបានសាលាក្រុងបង្ខំឲ្យផ្តិតមេដៃដើម្បីទទួលយកដី។
លោកស្រីបានបញ្ជាក់ថាមន្ត្រីសាលាក្រុងភ្នំពេញបានប្រាប់ប្រជាពលរដ្ឋថាការផ្តិតមេដៃនេះគឺដើម្បីស្នើសុំការដោះលែងពួកគេចេញពីមណ្ឌលកែប្រែព្រៃស្ពឺនិងទទួលបានដីក្រោយពីបានចាកចេញពីមណ្ឌលកែប្រែនេះ។
អ្នកស្រីបាននិយាយថាប្រជាពលរដ្ឋចង់បានដីនៅតំបន់បុរីកីឡាមិនមែនដីនៅតំបន់ផ្សេងទេ។ អ្នកស្រីបាននិយាយទៀតថាប្រសិនណាបើប្រជាពលរដ្ឋមិនបានដីនៅតំបន់បុរីកីឡាពួកគេនិងចេញមុខធ្វើបាតុកម្មដដែលក្រោយពីចេញពីមណ្ឌលកែប្រែនេះ។
«ខ្ញុំថាបើសិនមិនបានផ្ទះឲ្យខ្ញុំទេ ខ្ញុំចេញពីនេះខ្ញុំនឹងតវ៉ា និងធ្វើសន្និសីទកាសែតឲ្យធំ»។
លោកស្រីស៊ុយ សាផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចត្រូវបានកូនស្រីរបស់លោកស្រីនិយាយថាលោកស្រីកំពុងលំហែកាយនៅក្រុងព្រះសីហនុ។ ចំណែកឯលោកកើត ឆែ នាយករងរដ្ឋបាលក្រុងភ្នំពេញត្រូវបានអ្នកលើកទូរស័ព្ទនិយាយថាលោកកំពុងវាយកូនហ្គោល។
«អត់ទេបង! គាត់កំពុងជាប់លេងកូនហ្គោលបង!»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងសប្តាហ៍នេះបានទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងប្រជាពលរដ្ឋចំនួនទាំង៣០នាក់ដែលកំពុងតែរស់នៅមណ្ឌលកែប្រែព្រៃស្ពឺឲ្យមានសេរីភាពឡើងវិញ៕