ភ្នំពេញ៖ ស្ថានភាពព្រំដែនកម្ពុជា-ថៃ បានវិលទៅរកភាពប្រក្រតីវិញហើយ បន្ទាប់ពីមានភាពតានតឹងផ្នែក យោធារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះ នៅក្នុងពិធីចែកសញ្ញាប័ត្រនៅវិទ្យាស្ថានជាតិអប់រំថា ស្ថានភាពព្រំដែននៅតំបន់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃនៅក្បែរប្រាសាទព្រះវិហារមានភាពធម្មតាឡើងវិញ ដូចមុនថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០០៨ហើយ។ លោក ហ៊ុន សែនឲ្យដឹងថា៖
«សភាពការណ៍ធូរស្រាលហើយ។ ខ្ញុំមិនចង់ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអ្វីទេ។ ប៉ុន្តែខ្ញុំអាចនិយាយបានថា បញ្ហាត្រូវបានដោះស្រាយហើយ។ សភាពការណ៍បានវិលទៅរកមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ ខ្ញុំនិយាយត្រឹមប៉ុណ្ណឹងល្មមយល់ហើយ»។
កម្លាំងទ័ពកម្ពុជា និងថៃបានប្រមូលផ្តុំគ្នានៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើកដែលបានសម្លាប់កងទ័ពយ៉ាងតិចប្រាំបីនាក់ បន្ទាប់ពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅក្នុង ខែកក្កដា ឆ្នាំ២០០៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រក្រតីកម្មនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ មានលក្ខណៈពេញលេញហើយ បន្ទាប់ពីជំនួបបួនលើករវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចាប់តាំងពីខែវិច្ឆិកា។ លោក ហ៊ុន សែនថ្លែងថា៖
«សម្រួលគ្នានៅតាមព្រំដែន។ ការទាក់ទងរវាងការផ្លាស់ប្តូរទំនិញគឺស្រួល។ នាយករដ្ឋមន្ត្រីបានជួបគ្នាបួនដងដោះស្រាយសម្រួលគ្នានៅតាមបណ្តោយព្រំដែនទាំងមូល។ ប៉ុន្តែវាមិនមែនចប់ទាំងអស់នោះទេ។ ថ្ងៃក្រោយ វានៅមានបញ្ហាការវាស់វែងព្រំដែន នៅមានបញ្ហាការដោះមីន ហើយនៅបើកច្រក ព្រំដែនបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី»។
មន្ត្រីយោធាកម្ពុជា ដែលបានបោះទីតាំងនៅព្រះវិហារបាននិយាយថា កងទ័ពថៃ១០នាក់ បានដកចេញពីវត្តកែវសិក្ខាគីរីស្វារៈកាលពីសប្តាហ៍មុន។
កាសែត The Bangkok Post បានផ្សាយថា ក្រុមចលនានយោបាយជាតិនិយមថៃអាវលឿង បានប្រកាសធ្វើមហាបាតុកម្មនៅថ្ងៃទី១១ ខែធ្នូ ដើម្បីព្យាយាមឲ្យរដ្ឋសភាថៃបញ្ឈប់ការគាំទ្ររបាយការណ៍ ដែលកើតចេញពីកិច្ចប្រជុំនៃគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសនឹងប្រារព្វខួបអនុស្សាវរីយ៏៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជាថៃ នៅថ្ងៃទី១៩ ខែធ្នូ នៅក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីលោករដ្ឋមន្ត្រីការបរទេសថៃកាស៊ីត ភិរម្យ (Kasit Pirumya)៕