អង្គការនីតិប្បញ្ញត្តិកម្ពុជា បានចាត់តាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភាចំនួន២៤រូបនៅថ្ងៃពុធនេះ ឱ្យទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ានAIPA នៅទីក្រុងហាណូយ ក្នុងខែកញ្ញា ដែលប្រទេសកម្ពុជាគ្រោងនឹងលើកឡើងនូវសំណើផ្តួចផ្តើមគំនិតថ្មីៗទាក់ទងនឹងជម្លោះព្រំដែន ការប្រើប្រាស់ទឹកទន្លេមេគង្គ និងការជំរុញទេសចរណ៏ធម្មជាតិ។
អ្នកតាក់តែងច្បាប់ចំនួន២៤រូបដែលនឹងត្រូវចូលរួមមហាសន្និបាត AIPAនោះ រួមមានលោកហេង សំរិន ប្រធានរដ្ឋសភា លោកជាម យៀប ប្រធានក្រុមជាតិ AIPAកម្ពុជា លោកប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងប្រធានគណៈកម្មការជំនាញ និងសមាជិកព្រឹទ្ធសភា។
មហាសន្និបាតអន្តរសភាអាស៊ានAIPAប្រចាំឆ្នាំលើកទី៣១នេះ នឹងត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម សំដៅជួយជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរយោបល់ និងការយោគយល់គ្នាទៅវិញទៅមក នៅក្នុងសហគមន៏ AIPA ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អន្តរសភាអាស៊ាននេះ សម្រាប់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
លោកជាម យៀប ប្រធានក្រុមជាតិ AIPA កម្ពុជា បានថ្លែងថា លោកប្រធានព្រឹទ្ធសភា ជា ស៊ីម និងលោកប្រធានរដ្ឋសភា ហេង សំរិន បានចុះហត្ថលេខារួមគ្នាលើលិខិតចាត់តាំងសមាជិករដ្ឋសភា និង ព្រឹទ្ធសភាចំនួន២៤រូប ឱ្យទៅចូលរួមមហាសន្និបាតAIPA នៅរដ្ឋធានីហាណូយក្នុងខែកញ្ញាខាងមុខនេះ។
«សម្តេចអគ្គមហាពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន បានចុះហត្ថលេខា រួមគ្នាទៅលើលិខិតតែងតាំងតំណាងរាស្ត្ររបស់រដ្ឋសភា និងព្រឹទ្ធសភាចំនួន២៤រូប ចូលទៅក្នុងសមាជិកនៃក្រុមជាតិ AIPA កម្ពុជា។ ការងាររបស់ AIPA គឺសមាជិក២៤រូប ត្រូវយល់ដឹង និងចេះផ្តល់យោបល់គ្រប់យ៉ាងទាំងអស់។»
បណ្តារដ្ឋជាសមាជិកពេញសិទ្ធិរបស់ AIPAមាន ៩ប្រទេស ដែលរួមមាន ប្រទេសកម្ពុជា ឡាវ ហ្វីលីពិន ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី ឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ។ប្រទេសភូមាធ្វើជាអ្នកសង្កេតការណ៏ពិសេស ដោយសារប្រទេសនេះគ្មានរដ្ឋសភា។
លោក ជាម យៀប បានបញ្ជាក់ថា សមាជិកទាំង២៤រូប ត្រូវផ្តោតលើសសរស្តំទាំង៣របស់អាស៊ាន ឬ AIPA គឺទី១ផ្តោតលើបញ្ហានយោបាយ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលរួមមាន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការថែរក្សាសន្តិសុខ។ ទី២ ផ្តោតលើបញ្ហាសេដ្ឋកិច្ចតំបន់សេដ្ឋកិច្ចសេរីអាស៊ាន និងការលើកលែងពន្ធ និងទី៣ ផ្តោតលើបញ្ហាសង្គមកិច្ច។
លោក ជាម យៀប បានបញ្ជាក់ប្រាប់វីអូអេថា លោកកំពុងត្រៀមរៀបចំសំណើផ្តួចផ្តើមគំនិតថ្មី សម្រាប់ មហាសន្និបាត AIPA ស្តីពីដំណោះស្រាយបញ្ហាជម្លោះព្រំដែនប្រទេសជិតខាង បញ្ហាប្រើប្រាស់ទឹកទន្លេមេគង្គឱ្យមានប្រយោជន៏សម្រាប់ទាំងអស់គ្នា និងបញ្ហាជំរុញចលនាទេសចរណ៏ធម្មជាតិមកកាន់ប្រទេសកម្ពុជា។
សំណើអំពីដំណោះស្រាយជម្លោះព្រំដែននេះ សំដៅស្វែងរកបណ្តាប្រទេសអាស៊ានឱ្យជួយធ្វើជាអ្នកសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន ដែលបានអូសបន្លាយពេលរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
កងទ័ពកម្ពុជា និងថៃបានប្រយុទ្ធគ្នាទៅវិញទៅមកជាច្រើនលើក នៅតំបន់ជម្លោះព្រំដែនក្បែរ ប្រាសាទព្រះវិហារដែលបានសម្លាប់កងទ័ពយ៉ាងហោចណាស់៨នាក់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព លោក ក្នុងខែកក្កដា ឆ្នាំ២០០៨។
លោក ឡេង ប៉េងឡុងអគ្គលេខាធិការរដ្ឋសភា បានដឹកនាំគណៈប្រតិភូនៃមន្ត្រីបម្រើការនៅរដ្ឋសភា ចំនួន២០រូប ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនៅរសៀលថ្ងៃពុធនេះ ដើម្បីស្វែងយល់ពីនីតិវិធីនៃការរៀបចំមហាសន្និបាត AIPA សម្រាប់យកមកអនុវត្តនៅកម្ពុជាឆ្នាំ ២០១១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតនេះ។