ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នយោបាយ​ផ្ទៃក្នុង​ថៃ​ប៉ះពាល់​ដល់​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា


Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.
Supporters of the political and religious party Jamaat-e-Islami hold party flags as they march during a rally to mark Kashmir Solidarity Day in Lahore, Pakistan.

រដ្ឋធានីវ៉ាស៊ីនតោន៖ បញ្ហា​ប្រាសាទ​ព្រះវិហារ​ និង​ជម្លោះ​ព្រំដែន​ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការដណ្តើម​ប្រជាប្រិយ៍ភាព​គ្នា​រវាង​អ្នកនយោបាយ​ថៃ​ តាំងពី​ប្រទេស​ថៃ​បាន​ខកខាន​ក្នុង​ការរារាំង​កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាល​ពីខែ​កក្កដា​ឆ្នាំ​២០០៨។បាតុកម្ម​ប្រឆាំង​របស់​ក្រុម​អ្នកស្នេហា​ជាតិ​ថៃ​មួយ​ក្រុម ​ដែល​មាន​ពាក់អាវ​លឿង​បានកើត​ឡើង​ជា​បន្ត​បន្ទាប់​នៅក្នុង​ទីក្រុង​បាងកក​ក្តី​ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ក្តី​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ របស់​លោក​នាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត​ វីចាជីវ៉ា​មុនការបោះឆ្នោត​ដែល​ពួកគេ​ចាត់​ទុកថា​ទន់ជ្រាយ​រឿង​ព្រំដែន​ក្រៅពី​ទាមទារ​ឲ្យ​មាន​ការលុប​កិច្ច​ព្រម​ព្រៀង​អនុស្សរណៈ​ស្តីពី​ការយោគយល់​MOU ​ទ្វេរ​ភាគី។

លោក​ បណ្ឌិត​ឈាង ​ វណ្ណារិទ្ធិ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កិច្ចសហ​ប្រតិបត្តិការ​ ដើម្បី​សន្តិភាព​បាន​អះអាង​ថា​បញ្ហា​កម្ពុជា​គឺជា​បញ្ហា​ស្នូល​មួយ​ក្នុង​នយោបាយ​ ក្នុង​ស្រុក​របស់​ថៃ​តាំងពី​មាន​អំពើ​រដ្ឋប្រហារ​ផ្តួល​រំលំ​លោក​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​មក​គឺ​បានន័យ​ថា​គេ​យកជាតិ​និយម​ជ្រុល​ របស់​ថៃ​ដើម្បី​ទាញយក​សន្លឹក​ឆ្នោត​ក៏​ដូច​ជា​សំឡេង​គាំទ្រ​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ។

«ដូច្នេះ​បញ្ហា​កម្ពុជា​ហ្នឹង​នៅតែ​ជា​បញ្ហា​មួយ​ជា​ឧបករណ៍​មួយ​ក្នុង​នយោបាយ​ក្នុង ស្រុក​របស់​ថៃ​នៅ​ឡើយ​ទេ​ ហើយ​បញ្ហា​មួយ​ទៀត​ ប្រហែល​ជា​មានគណបក្ស​នយោបាយ​មួយ​ចំនួន ​ឬ​ក៏​អ្នក​នយោបាយមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​យក​បញ្ហា​កម្ពុជា​ គឺ​ថា​បញ្ជៀស​បញ្ហា​ក្នុង​ស្រុក​មក​បញ្ហា​កម្ពុជា​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ថៃ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​បង្ក្រាប​ទៅ​លើ​ក្រុមបាតុកម្ម​អាវ​ក្រហម​ជាដើម​នោះ ​ដូច្នេះ​យក​បញ្ហា​កម្ពុជា​ទៅជា​បញ្ហា​មួយ​ទៅ​ជា​គ្រប​ដណ្តប់​ទៅលើ​នយោបាយ​នៅក្នុង​ស្រុកថៃ​ដែល​មាន​ជម្លោះ​គណបក្ស​ជាមួយ​ខោ​ អាវ​ផ្សេងៗ​ក្នុង​ប្រទេស​ថៃ​នោះ»។

លោក​ វណ្ណារិទ្ធ​បាន​ធ្វើការ​បង្ហាញ​ពីការ​វិភាគ​ពីរ​បែប​របស់​លោក​ ចំពោះ​ក្រុម អាវ​លឿង​ដែល​ធ្លាប់​គាំទ្រ​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ីត​យ៉ាង​ដូច្នេះ​ថា៖

«ពួកហ្នឹង​ ពិតជា​ប្រឆាំង​លោក​អាប់ភីស៊ីត​មែន​ ក្នុង​ករណី​លោក​អាប់ភីស៊ីត​ ងាកមក​រកផ្លូវ​កណ្តាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ជំលោះ​ព្រំដែន​កម្ពុជា​ថៃ​ ហើយ​ការ​យល់មួយ​ទៀត​ គឺ​ប្រហែល​ជា​ល្បិច​របស់​អ្នក​នយោបាយ​ថៃ​ ដើម្បី​បង្កើតទៅ​ជាចង្វាក់​រាំមួយ ​ដើម្បី​ឲ្យ​អាប់ភីស៊ីត​ហ្នឹង ​ឬ​ក៏​គណបក្ស​របស់​លោក​ ឬ​ក៏​អ្នក​គាំទ្ររបស់លោក​ហ្នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​បញ្ហា​ព្រំដែន​កម្ពុជា​ថៃនេះ​ នៅ​ក្នុង​ការបោះឆ្នោត​ដែល​នឹង​កើត​ឡើង​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ»។

លោក ​បណ្ទិត ​រស់ ​ចន្ត្រាបុត្រ​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​រូប​បាន​អះអាង​ដែរ​ថា ក្រុមអ្នក​នយោបាយ​ថៃ​អាច​លេង​នយោបាយ​ដើម្បី​ប្រមូល​អំណាច​និង​ប្រជាប្រិយ៍ភាព​តាមរយៈ​ការបង្កើត​ក្រុម​អ្នក​ប្រឆាំង​ឲ្យ​បាន​ច្រើន៖

«ប៉ុន្តែ​នៅក្នុង​បញ្ហា​នយោបាយ​សៀម​គេ​អាច​ចែក​គ្នា​ដើរតួ​មួយ​ជា​អ្នក​សម្រប​សម្រួល​ជាមួយ​កម្ពុជា​មួយទៀត​ជា​អ្នក​ប្រឆាំង​នឹង​កម្ពុជា​ហើយ​គេ​ចែក​គ្នា​ដើរ​ អញ្ចឹង​ទៅ។​ ដើម្បី​យ៉ាងម៉េច​ ដើម្បី​ថា​បន្តិច​ទៀត​ដល់​ពេល​បោះឆ្នោត​ជា​សាកល​ដើម្បី​រើស​សភា​អញ្ចឹង​គឺថា​ពួកអ្នក​ដែល​គាំទ្រ​អាប់ភីស៊ីត​ជាពិសេស​ពួកអាវ​ក្រហម​ពួកអាវ​លឿង​ដែល​ធ្លាប់​តែ​ប្រឆាំង​អាប់ភីស៊ីត​ ឃើញ​ថា​អាប់ភីស៊ីត​ អាច​សម្រប​សម្រួល​ជាមួយ​កម្ពុជា​អាច​ហៅថា​មាន​លក្ខណៈ​ចាស់ទុំ​ អាច​បោះ​ឆ្នោត​ឲ្យ​អាប់ភីស៊ីត»។

ដោយសារ​ការបោះឆ្នោត​ក្នុង​ប្រទេស​ថៃ​នៅចុង​ឆ្នាំ​នេះ ​ហើយ​បាតុកម្ម​ប្រឆាំង​នឹង រដ្ឋាភិបាល​រឿង​ព្រំដែន​កម្ពុជា​ ថៃ​ កំពុង​ពុះ​កញ្ជ្រោល​ឡើងវិញ​ផង​នាំ​ឲ្យ​ក្រុម​អ្នកវិភាគ​កម្ពុជា​សុទ្ធតែ​មើល​ឃើញ​ថា​បញ្ហា​ព្រំដែន​នឹង​មិន​អាច​ដោះស្រាយ​បាន​មុន​រដ្ឋាភិបាល​ថ្មីមួយ​ត្រូវកើត​ឡើង​ចេញ​ពី​ការបោះឆ្នោត​ទេ។

លោក​ បណ្ឌិត ​រស់​ ចន្ត្រាបុត្រ​បាន​អះអាង​ថា៖

«យើង​ឃើញ​ថា​ រដ្ឋាភិបាល​ ថៃ​ក្តី​ អ្នក​នយោបាយ​ថៃក្តី​គ្រប់​កន្លែង​ទាំងអស់​គឺថា​នាំគ្នា​ពន្យា​ ពន្យា​ ការជជែក​ ពន្យា​ការដោះស្រាយ​ បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ ហើយ​ការពន្យា​ទាំងអស់​នេះ​ ការ​គេច​វេស​ទាំងអស់​នេះ​ដើម្បី​មិនរក​ដំណោះស្រាយ​នេះ​គឺ​ក្នុង​គោលដៅ​មួយ ​គោលការណ៍​មួយ​ដើម្បី​ធ្វើ​ដូចម្តេច​ចាំ​ឲ្យ​មាន​ការបោះឆ្នោត​ ជា​សាកល​មួយ​នៅ​ខាង​ប្រទេស​ថៃ​ហ្នឹង​គឺ​ថា បាន​រៀបចំ​សិន»។

លោក​ បណ្ទិត ​ឈាង ​វណ្ណារិទ្ធិ​វិញ​បាន​អះអាង​ថា៖

«បាទ! ​ខ្ញុំ​យល់ថា​បញ្ហា​ចម្រូងចម្រាស​នយោបាយ​ក្នុង​ស្រុក​នៅ​ប្រទេស​ថៃ​នេះ​វា​មិនអាច​ផ្តល់ឱកាស​ដល់​ភាគី​កម្ពុជា-ថៃ​ស្វែងរក​ដំណោះស្រាយ​ណា​មួយ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​បាន​នោះ​ទេ ​ដូច្នេះ​ល្គឹកណា​តែ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ក្រោយ​ពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​អាច​មាន​គោល​នយោបាយ​អ្វីមួយ​ច្បាស់​លាស់​ដូច្នេះ​ បញ្ហា​កម្ពុជា-ថៃ​អាច​ដោះស្រាយ​បាន​តែ​ក្នុង​ឋានៈ​នេះ​ខ្ញុំ​មិនអាច​យល់​ឃើញ​ថា មាន​ដំណោះ​ស្រាយ​ណាមួយ​ចំពោះ​បញ្ហា​ព្រំដែន​ហ្នឹង​ទេ»។

លោកវណ្ណារិទ្ធ​បាន​បន្ថែម​សេចក្តី​ថា​កម្ពុជា​ត្រូវ​រង់ចាំ​មេដឹក​នាំថៃ​ថ្មី​ដែល​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន។

លោក ​រស់ ​ចន្ត្រាបុត្រ​បាន​អះអាង​ថា​ប្រទេស​ថៃ​ទំនង​ជា​មាន​សម្ពាធ​ពី​ប្រទេស មហា​អំណាច​បានជា​ធ្វើ​ឲ្យ​មេដឹកនាំ​ថៃ​បច្ចុប្បន្ន​និង​ក្រុម​យោធា​ហាក់​ដូច​ជាមាន​ជំហរ​ប្រែប្រួល​ឆ្ពោះ​ទៅ​កាន់​ការសម្រប​សម្រួលច្រើន​ក្នុង​ទំនាក់​ទំនង​ជា​មួយ កម្ពុជា​ហើយ​ទុក​ចោល​ក្រុម​អាវ​លឿង​ឲ្យ​នៅ​ឯកោ។

«នៅ​ពេលណា​ដែល​លោក​អាប់ភីស៊ីត​និង​យោធា​សៀម​សម្របសម្រួល​ចុះ​សម្រុងគ្នា​ក្នុង​ការសម្រប​សម្រួល​ជាមួយ​កម្ពុជា​យើង​ឃើញ​ថា​ថៃ​អស់មាន​លេស​ អស់​មាន​អ្វីហៅ​ថា​នឹង​យក​កម្ពុជា​ធ្វើជា​ចំណាប់​ខ្មាំង​តទៅ​ទៀត​នៅ​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​បើ​ដូច្នេះ​ខ្ញុំ​ឃើញថា​អ្វី​ដែល​កើត​ឡើង​ក្នុង​ថ្ងៃនេះ​ហើយ​ទៅ​អនាគត ​យើង​ឃើញ​ថា​ទំនាក់​ទំនង​កម្ពុជា​នៅតែ​មាន​សន្ទុះ​ធម្មតា​ទៅវិញ​ទៅមក​ជា​លក្ខណៈ​ធម្មតា​ ដូចជា​ប្រក្រតី​ដូច​មុន​ថ្ងៃ​១៥ ​កក្កដាឆ្នាំ​២០០៨ដែរ»។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជា​រឿយៗ​ពី​ការមិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ។

លោក ​ផៃ ​ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​និង​ជា​រដ្ឋលេខា ធិការ​បានកត់​សម្គាល់​ពី​ការដែល​អ្នកនយោបាយ​ថៃ​បាន​ប្រើប្រាស់​សភាព ការណ៍​កម្ពុជា​ដើម្បី​ទំលាក់​នាយក​រដ្ឋមន្ត្រី​ពីរ​របស់ថៃ​ចេញ​ពីមុខ​តំណែង​ក្រៅពី​បញ្ជាក់​ថា​ពេលនេះ​លោក​ អាប់ភីស៊ីត​ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ពេល​ដែល​លោក​អាប់ភីស៊ីត​ បដិសេធ​មិនធ្វើ​តាម​សំណើ​ក្រុម​អាវ​លឿង​ ហើយ​ជា​ងាក​បែ​មក​រក​ការរឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិ​ការ​និង​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។

«អ្វី​ដែល​យើង​បាន​កើន​ទំនុក​ចិត្ត​មួយ​ទៀត​គឺ​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត​ វីចាជីវ៉ា​បាន​និយាយ​ប្រាប់​ពួកអាវ​លឿង​ថា​លោក​ មិន​បោះបង់​ចោល​ឬ​ក៏​លុនតួ​ចំពោះ​ក្រុមអាវលឿង​ដែល​បង្ខំ​ឲ្យ​លោក​បញ្ចប់​ឬ​ក៏ហែក​ចោល​នូវ​អនុស្សរណៈស្តីពី​ការយោគ​យល់​គ្នា»។

អនុស្សរណៈ​ស្តីពី​ការយោគយល់​ដែល​មេដឹក​នាំ​កម្ពុជា​ថៃ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០០០ គឺ​សំដៅ​ទៅ​លើ​ឯកសារ​ទាក់ទង​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​នានា​ និង​បញ្ហា​ព្រំដែន​ផងដែរ​រវាង​កម្ពុជា​និង​ថៃ។ ​មេដឹក​នាំ​ថៃ​រាប់​ទាំង​លោក​អតីត ​នាយក​រដ្ឋមន្ត្រី​ស៊ុន​ថារ៉ាវ៉េត ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​កម្ពុជា​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ទ​ពិភពលោក​និង​គោរព​តាម​ច្បាប់​អន្តរជាតិ​ហើយ​នឹង​សាលក្រម​របស់​តុលាការ​ក្រុងឡាអេ​ ឆ្នាំ​១៩៦២​ ដែល​បាន​កាត់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ដែល​ថៃ​ធ្លាប់​គ្រប់​គ្រង​មួយ​រយៈ​ពេល​នោះ​មក​ឲ្យ ខ្មែរ​វិញ។​ ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មាន​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​គ្នា​រាប់សិប​ទសវត្សរ៍​ដែល​មិនអាច​ដោះ​ស្រាយ​បាន។​ ពេលខ្លះ​ឈាន​ដល់​ការផ្តាច់​ទំនាក់​ទំនង​ការទូត​និង​ការផ្ទុះអាវុធ​រវាង​កងទ័ព​ប្រចាំ​ការជួរមុខ​របស់​ប្រទេស​ទាំងពីរ​ជា​ដើម​ផង។

លោក ​ស៊ានប៉េងសែ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​ស្រុក​បារាំង​បាន​អះអាង​ថា បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​មិនអាច​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់​បានទេ​ហើយ​ថៃ​នឹង​រករឿង​ឥត​ឈប់ឈរ​ពេលណា​កម្ពុជា​មិន​ធ្វើអ្វី​ឲ្យ​មាន​តុល្យភាព​ទាំងខាងលិចគឺ​ប្រទេស​ថៃ​និង​ខាង​កើត​គឺ​ប្រទេស​វៀតណាម​ដោយសារ​អាជ្ញាធរ​ កម្ពុជា​បាន​ប្រព្រឹត្ត​កំហុស​ច្រើន​រឿង​បញ្ហា​ព្រំដែន។

«ពីព្រោះ​សៀម​ឆ្លៀតឱកាស​ពេល​ណា​យួន​ចង់​បានអី​សៀម​ក៏​ចង់បាន​ដែរដូច្នោះ ខ្មែរ​យើង​មិន​ធ្វើ​ឲ្យ​មាន​ពាក្យ​បារាំង​គេ​ហៅថា​ Logicគឺ​ធ្វើ​ខាងកើត​និង​ខាង​លិច ឲ្យ​ដូចគ្នា​ដូច្នេះ​ហើយ​សៀម​ហ្នឹង​វាចេះ​តែ​បុកម្នេញ​មកខ្មែរ​យើង​ហ្នឹង​មិនចេះ​ឈប់​មិន​ចេះ​ឈរ។ ពីរឿង​ខាង​យួន​យើង​រក​គេហៅ​ថា​រក​បង្គោល​ចាស់​រក​មិន​ឃើញ​ ចំណែក​ខាង​សៀម​យើង​រកបង្គោល​ចាស់​មិន​ឃើញ​ដែរ​ប៉ុន្តែ​យើង​ចេះតែ​មានៈ​ត្រូវ​តែ​រក​អាហ្នឹង​ជាការ​ល្អ​ប៉ុន្តែ​ហេតុអី​បានជា​យើង​មិន​យក​សេចក្តី​សម្រេច​ហ្នឹង​ យើង​មិន​ធ្វើខាង​យួន​ផង​ធ្វើតែ​ខាង​សៀម​អញ្ចឹង?»។

ប្រទេស​វៀត ណាម​ និង​ថៃ​ធ្លាប់​បដិសេធ​ចំពោះ​ការទន្ទ្រាន​យក​ទឹកដី​កម្ពុជា ដោយ​អះអាង​ថា​គណៈកម្មការ​ព្រំដែន​ចម្រុះ​នៃ​ប្រទេស​នីមួយៗ​កំពុង​ធ្វើ​កិច្ចការ​នៅ​លើ​ទីតាំង​ដែល​មាន​ការខ្វែង​គ្នា។​ ប្រទេស​កម្ពុជា​វិញ​បាន​អះអាង​ថា​កម្ពុជា​ មិន​បាត់បង់​ទឹកដី​ទេ​តែ​កន្លែង​ខ្លះ​ដែល​ពុំទាន់​បានដឹង​ថា​បាត់​ឬ​យ៉ាង​ណា​ដោយ សារ​កន្លែង​ខ្លះ​តាម​បណ្តោយ​ព្រំដែន​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ជាមួយ ប្រទេស​ជិតខាង។ កម្ពុជា​និង​ថៃ​ក្នុង​គណៈកម្មការ​ចម្រុះ​កំពុង​រៀបចំ​ថា​នឹង​បន្ត​កិច្ចការ​ត្រួត​ពិនិត្យ​បញ្ហា​ព្រំដែន​និង​កិច្ចការ​បច្ចេក​ទេស​ខ្លះៗឡើង​វិញ​ទោះបី​ជា​សភា​ថៃ​មិនទាន់​ផ្តល់​សច្ចាប័ន​ឯកសារ​ព្រំដែន​ទាំងបី​ដែល​គណៈ​កម្មាធិការ​ចម្រុះ​នៃ​ប្រទេស​កម្ពុជា​ថៃ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បញ្ចប់​បញ្ហា​វិវាទ​ព្រំដែន៕

XS
SM
MD
LG