ព្រឹត្តិការណ៍ទម្លាក់មេដឹកនាំ ដែលកាន់អំណាចយូរដ៏ល្បីរន្ទឺពាសពេញពិភពលោកនៅប្រទេសអេហ្ស៊ីប បានធ្វើឲ្យកក្រើករញ្ជូយតិចតូចនៅក្នុងមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។
លោកហូស្នី មូបារ៉ាក់ អតីតប្រធានាធិបតីកាន់អំណាចរយៈពេល៣០ឆ្នាំរបស់សាធារណរដ្ឋអេហ្ស៊ីប បានចុះចេញពីតំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីត្រូវរុញច្រានដោយបាតុកម្មមហាជនអស់រយៈពេល១៨ថ្ងៃជាប់ៗគ្នារួចមក។
ក្រៅពីសារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយ ដែលមាននិន្នាការជំទាស់ ដែលមានចំនួនតិចតួចនៅក្នុងប្រទេសកម្ពុជា សារព័ត៌មាន ទូរទស្សន៍របស់រដ្ឋ ឬបណ្តាញផ្សព្វផ្សាយដែលមានទំនោរទៅកាន់គណបក្សកាន់អំណាចត្រូវគេសម្លឹងឃើញថា បានច្បិចយកព្រឹត្តិការណ៍រំលំអំណាចនៅក្នុងប្រទេសអាហ្រ្វិចខាងលើនេះ មានចំនួនតិចតូចណាស់។
នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននៅថ្ងៃច័ន្ទនេះ កាសែតកោះសនិ្តភាពមានទំនោររខាងរដ្ឋាភិបាល បានបង្ហាញអំពីការចាប់ផ្តើមបំបែកហ្វូងបាតុករដោយក្រុមយោធានៅក្នុងប្រទេសអេហ្ស៊ីប ហើយកងយោធាបានសន្យាថា ខ្លួនមិនរក្សាការកាន់អំណាចដឹកនាំប្រទេសទៀតទេ។
ដោយឡែកមួយថ្ងៃក្រោយពីការចុះចេញពីអំណាចដោយបង្ខំ កាសែតប្រចាំថ្ងៃកម្ពុជាថ្មី និងកាសែត រស្មីកម្ពុជា ក៏មិនបានផ្តល់តម្លៃខ្ពស់ទៅលើព្រឹត្តិការណ៍នេះនៅទំព័រមុខដែរ។
លោកប៉ែន សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹមអ្នកកាសែតកម្ពុជា បានបកស្រាយថា ការផ្តួលរំលំអំណាចនៅប្រទេសអេហ្ស៊ីបបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជាមានសង្គ្រាមជាមួយប្រទេសថៃអំពីបញ្ហាប្រាសាទព្រះវិហារ ដែលធ្វើឲ្យព័ត៌មានអន្តរជាតិនេះចុះតម្លៃរបស់ខ្លួន។
«ពីព្រោះកាសែតក្នុងស្រុក វិទ្យុ ទូរទស្សន៍ក្នុងស្រុកបានផ្តោតសំខាន់ទៅលើបញ្ហាសង្គ្រាមរវាងខ្មែរសៀមវិញ»។
ជាការណ៍ពិត ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទាហានថៃនៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៤ រហូតទៅដល់ថ្ងៃទី៧ ខែកុម្ភៈ បានក្លាយទៅជាព័ត៌មានធំនៅលើទំព័រមុខរបស់កាសែតនៅក្នុងស្រុកច្រើន។
ដោយឡែក វិទ្យុ និងទូរទស្សន៍នៅក្នុងស្រុក ដែលមានទំនោរទៅកាន់រដ្ឋាភិបាល បានផ្តល់ព័ត៌មានខ្លីៗបំផុតទាក់ទងទៅនឹងព្រឹត្តិការណ៍នៅប្រទេសអេហ្ស៊ីប។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការផ្តល់ព័ត៌មានតិចតួចដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងបញ្ហាខាងលើនេះគឺជាកង្វះខាតរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក។
«យើងពឹងផ្អែកទៅលើទូរទស្សន៍ និងវិទ្យុក្នុងការទទួលបានព័ត៌មាន។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមើលទូរទស្សន៍ច្រើនអញ្ចឹង។ អញ្ចឹងបើសិនជាការផ្សព្វផ្សាយនៅទូរទស្សន៍មិនឯករាជ្យ ប្រជាពលរដ្ឋយើងបាត់បង់ព័ត៌មាន»។
ចលនាមហាជនដែលងើបឡើងផ្តួលរំលំរបបគ្រប់គ្រងរបស់លោកប្រធានាធិបតីហូស្នី មូបារ៉ាក់ អាយុ ៨២ឆ្នាំ បានកើនឡើងបន្ទាប់ពីមានចលនាប្រជាពលរដ្ឋដូចគ្នា នៅក្នុងប្រទេសទុយនីស៊ី។
ប្រជាជននៃប្រទេសទាំងពីរនេះបានងើបឡើងប្រឆាំង ទាមទារឲ្យមានការផ្លាស់ប្តូរការគ្រប់គ្រងដើម្បីគេចផុតអំពីការគាបសង្កត់ គេចផុតពីភាពអត់ការងារធ្វើ និងដើម្បីបញ្ចប់នូវភាពអយុត្តិធម៌នៅ ក្នុងសង្គម។
កាសែតជំទាស់ពីរនៅក្នុងប្រទេសកម្ពុជា គឺកាសែតមនសិកាខ្មែរ និងកាសែតជាតិខ្មែរ បានផ្តិតយកព្រឹត្តិការណ៍នៃប្រទេសអេហ្ស៊ីប និងនៅប្រទេសទុយនីស៊ី នៅទំព័រមុខរបស់ខ្លួន ស្ទើរតែមិនលោះថ្ងៃ។
លោកបោយ រើយ ចាងហ្វាងការផ្សាយកាសែតជាតិខ្មែរ មានប្រសាសន៍ថា នេះគឺជាតម្លៃព័ត៌មាន ដែលបង្ហាញអំពីភាពក្លាហានរបស់ប្រជាពលរដ្ឋនៅក្នុងពិភពអារ៉ាប់នេះ។
«សន្ទុះនៃការចង់ឲ្យមានការផ្លាស់ប្តូរនៅក្នុងពិភពអារ៉ាប់ ដែលថ្នាក់ដឹកនាំកាន់អំណាចយូរពេក។ គេចង់ឲ្យមានការផ្លាស់ប្តូរ»។
លោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃនេះថា សារព័ត៌មាននៅក្នុងប្រទេសកម្ពុជារាប់ទាំងវិទ្យុ និងទូរទស្សន៍ផង បានចុះផ្សាយយ៉ាងគ្រប់គ្រាន់នៅព្រឹត្តិការណ៍នៅប្រទេសអេហ្ស៊ីប និងនៅប្រទេសទុយនីស៊ី ហើយព្រឹត្តិការណ៍នោះមិនមែនជាអ្វីដែលគួរឲ្យរស៊ើបសម្រាប់ការដឹកនាំនៅក្នុងប្រទេសកម្ពុជានោះទេ៕