កម្ពុជានិងថៃបានបន្តវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទី៥ នៅតំបន់មានជម្លោះក្នុងខេត្តឧត្តមានជ័យនិងខេត្តព្រះវិហារ។ នៅថ្ងៃអង្គារ៍នេះ កងទ័ពថៃបានប្រើយន្តហោះF16ចំនួន៣គ្រឿង បានហោះលើតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី និងបន្តឆ្ពោះទៅតំបន់ភ្នំទ្រព្យ វាលឥន្ត្រី និងតំបន់ចាក់ច្រែងនៃខេត្តព្រះវិហារ។ ចំណែកឯកម្ពុជាបានបាញ់កាំជ្រួចហ្វូងប្រតិកម្ម BM21 ដាក់ភាគីថៃផងដែរ។ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ គឺលោក ប្រាវីត វង្ស ស៊ូវ៉ាន់ បានទូរស័ព្ទមកលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដើម្បីសុំជួបចរចាអំពីបទឈប់បាញ់នាពេលខាងមុខ។ ក៏ប៉ុន្តែនៅមិនទាន់ដឹងថា ជំនួបនេះនឹងធ្វើឡើងនៅពេលណាទេ តែគ្រាន់តែបានដឹងថា ការពិភាក្សាគ្នានេះ និងធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃនេះ។
រូបភាពនិងសេចក្តីរាយការណ៍នៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រទី២២ខែមេសាសប្តាហ៍មុន៖
លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាពុំអាចទាក់ទងដើម្បីសុំបំភ្លឺបានទេនៅថ្ងៃអង្គារ៍នេះ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យតំបន់សមរភូមិមុខបានមានប្រសាសន៍ឲ្យដឹងថា ពិតជាមានទូរស័ព្ទហៅចូលពីខាងភាគីថៃសុំចរចាពិតប្រាកដមែន។ លោកមានប្រសាសន៍ទៀតថា កម្ពុជាបានស្វាគមន៍ចំពោះការចរចានេះក៏ប៉ុន្តែនឹងធ្វើឡើងដោយប្រុងប្រយ័ត្ន។
«អ្វីដែលជាការពិសោធន៍ ថៃច្រើនតែប្រើកល្បិចចរចាផង វាយផង។ ដូច្នេះយើងមានជំនឿ ក៏ប៉ុន្តែតាមដានមើលថាពិត ឬមិនពិត។ នេះជាការសាកល្បងសាថ្មីម្តងទៀត»។
កម្ពុជា និងថៃ បានវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទី៥ហើយ នៅថ្ងៃអង្គារ៍នេះ ក៏ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍អំពីចំនួនមនុស្សស្លាប់ និងរងរបួសរវាងភាគីទាំងពីរទេ។
ការវាយប្រយុទ្ធគ្នានៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី បានវិវត្តមួយថ្ងៃបន្តិចៗ ដោយភាគីថៃបានប្រើប្រាស់យន្តហោះ F16 និងកាំភ្លើងផ្លោងគ្រប់ប្រភេទ ផ្លោងចូលមកកម្ពុជា។ ចំណែកភាគីកម្ពុជាបានប្រើប្រាស់កាំជ្រួចហ្វូងប្រតិកម្មប្រភេទ BM21 នេះបើតាមការបញ្ជាក់របស់មន្រ្តីយោធាមួយរូបនៅកងពលធំលេខ៤២ក្នុងខេត្តឧត្តរមានជ័យផ្នែកកាំភ្លើងធំ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ។ លោកបានប្រាប់វីអូអេខ្មែរយ៉ាងដូច្នេះថា៖
«ពួកយើងកំពុងតែលេងៗ អាកញ្ច្រែង BM ដាក់ទៅរកគោលដៅរបស់ពួកវា គោលដៅរថគ្រោះ។ រថគ្រោះវាឡើងមកយូរហើយ វាឡើងមកចាំមុខខ្ញុំប៉ុន្មានថ្ងៃមុន។ បាទ កំពុងតែឆ្លងទៅឆ្លងមក កំពុងតែដាក់គ្នាទៅវិញទៅមក»។
ក្រសួងការពារជាតិកម្ពុជានៅថ្ងៃអង្គារ៍នេះ បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ភាគី ថៃបានប្រើប្រាស់យន្តហោះ F16 ចំនួន៣គ្រឿង ដោយបានហោះមកលើតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី រហូតដល់តំបន់ប្រាសាទព្រះវិហារចំនួនពីរលើក។ ហើយក្រោយមកបានបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ចូលតំបន់ភ្នំទ្រព្យ វាលឥន្រ្ទី និងចាក់ច្រែង ប្រមាណ២០នាទី។
ការវាយប្រយុទ្ធគ្នាចំនួនប្រាំថ្ងៃកន្លងទៅនេះបានធ្វើឲ្យជនភៀសសឹកកម្ពុជាកើនដល់ចំនួន៥.៩២០គ្រួសារ ស្នើនឹងចំនួន២៣.៧៤៥នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។
អ្នកនាំពាក្យទីពីររបស់យោធាថៃ គឺលោក ប្រាវីត ហួរ កែវ (Prawit Huo Kaew) ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្តីមកចុះផ្សាយថា ការវាយប្រយុទ្ធគ្នានៅថ្ងៃនេះ ទាហានថៃ យ៉ាងតិចចំនួន១០នាក់ បានរង របួសដោយសារការប៉ះទង្គិចគ្នាតាមព្រំប្រទល់ដែនក្នុងខេត្តសុរិន្ទ ដែលធ្វើឲ្យចំនួនអ្នករបួសរបស់ភាគីថៃបានកើនឡើងរហូតដល់៤២នាក់ ចាប់តាំងពីការវាយប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រកន្លងទៅនេះ។
លោក អាផាស៊ី វេចាជីវ៉ា (Abhisit Vejjajiva) នាយករដ្ឋមន្រ្តី ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សម្តីមកថា លោកបានណែនាំដល់ក្រសួងទាំងអស់ឲ្យពិនិត្យឡើងវិញលើវិស័យនានានៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា៕