ក្រុមហ៊ុន Levi's H & M និង Gap បានគាំទ្រសេចក្តីសម្រេចមួយដែលដាក់កំហិតការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីសម្រាប់កម្មករកាត់ដេរនៅកម្ពុជាដែលអ្នករិះគន់និយាយថា កិច្ចសន្យារយៈពេលខ្លីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីត្រួតត្រាបុគ្គលិកនិងបិទសិទ្ធិការប្រឆាំង។
ក្រុមហ៊ុនដែលស្ថិតនៅធ្វើផលិតផលសម្រាប់ក្រុមហ៊ុនយីហោល្បីៗទាំង៣នេះ នៅទូទាំងពិភពលោកបាននិយាយថា ពួកគេគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលថា រោងចក្រធ្វើផលិតឱ្យក្រុមហ៊ុនបីនេះត្រូវផ្តល់កិច្ចសន្យាជាអចិន្ត្រៃដល់កម្មករចំនួន ៤០៨នាក់ដែលក្រុមហ៊ុនជួលពួកគេរយៈពេលខ្លី។ សេចក្តីសម្រេចនេះមានសារៈសំខាន់ពីព្រោះវាអាចបង្ខំឱ្យក្រុមហ៊ុនដទៃរាប់រយទៀតធ្វើតាម ហើយបញ្ចប់នូវអ្វីដែលក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សបានថ្កោលទោសថា ជាការរំលោភបំពានលើកិច្ចសន្យារយៈពេលខ្លីនៅក្នុងឧស្សាហកម្មកាត់ដេរដែលមានទឹកប្រាក់ចំនួន៧ពាន់លានដុល្លារក្នុងប្រទេសនេះ។
លោកស្រី Ulrika Isaksson អ្នកនាំពាក្យក្រុមហ៊ុន H & M បានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថា រោងចក្រត្រូវតែគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
ម្ចាស់ក្រុមហ៊ុន Roo Hsing Garment Co. , Ltd ដែលមានមូលដ្ឋាននៅតៃវ៉ាន់មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺនោះទេ។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួននឹងតតាំងនឹងសេចក្តីសម្រេចនេះ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគាំទ្រការបកស្រាយរបស់តុលាការអាជ្ញាកណ្តាលដែលមានន័យថា ការប្តឹងឧទ្ធរណ៍នឹងមានឱកាសតិចតួចក្នុងការទទួលបានជោគជ័យ។
នោះគឺជាដំណឹងល្អសម្រាប់អ្នកស្រី សឿន សុភ័ស ដែលកំពុងមានផ្ទៃពោះកូនដំបូងនិងជាអ្នកទាមទារសំណងម្នាក់ក្នុងចំណោមអ្នកទាមទារសំណង៤០៨នាក់ក្នុងករណីនេះ។ កម្មការិនីអាយុ២៨ឆ្នាំនេះបានដេរខោខ្លីម៉ាកH & M អស់រយៈពេល៦ឆ្នាំ ហើយ ប៉ុន្តែតែងតែទទួលបានកិច្ចសន្យារយៈពេលខ្លី។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនដែលមានអារម្មណ៍ថាមានសុវត្ថិភាពការងារនោះទេ។
ឧស្សាហកម្មកាត់ដេរគឺជាសសរទ្រូងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលស្មើនឹង៤០%នៃផលិតផលក្នុងស្រុកសរុបនិងផ្តល់ការងារដល់កម្មករជាង៧០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី។ ក្រុមសិទ្ធិមនុស្សនិយាយថា វិស័យនេះមានការរំលោភសិទ្ធិមនុស្សច្រើន។
នៅក្នុងការស្ទង់មតិតាមរោងចក្រចំនួន៤៦៤ កម្មករជាង២ភាគ៣បាននិយាយថា ថៅកែប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីដោយខុសច្បាប់។នេះបើយោងតាមអង្គការ Better Factories Cambodia ដែលជាក្រុមឃ្លាំមើលរបស់អង្គការពលកម្មអន្តរជាតិ។
កម្មករមានកិច្ចសន្យារយៈពេលខ្លីត្រូវគេមើលឃើញថា មិនសូវមានការចូលរួមក្នុងសហជីព មិនសូវហ៊ានរាយការណ៍អំពីការរំលោភបំពាន ឬមិនសូវតវ៉ាប្រឆាំងចៅហ្វាយនាយទេដោយសារខ្លាចបាត់បង់ការងារ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ