ភ្នំពេញ៖ អ្នកភូមិបឹងកក់បានបរាជ័យនៅថ្ងៃពុធនេះក្នុងការធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គដែលគ្រោងធ្វើនៅតំបន់បឹងកក់ជាទីកន្លែងដែលមានជម្លោះដីធ្លីដ៏រសើបមួយជាមួយក្រុមហ៊ុនស៊ូកាគូដោយសារតែអាជ្ញាធរបានរាំងខ្ទប់ព្រះសង្ឃមិនឱ្យចេញពីវត្ត។ ក៏ប៉ុន្តែប្រជាពលរដ្ឋបានសម្រេចមករាប់បាត្រនៅវត្តស្រះចកវិញក្រោមការតាមឃ្លាំមើលពីសមត្ថកិច្ចប្រដាប់ដោយអាវុធច្រើនរាប់សិបនាក់។
ការបរាជ័យនេះត្រូវបានអ្នកភូមិចោទប្រកាន់ថាដោយសារតែអាជ្ញាធរសង្កាត់ស្រះចកបានអនុញ្ញាតឲ្យច្បាប់រួចហើយក៏ប៉ុន្តែបែរជារាំងខ្ទប់ព្រះសង្ឃមិនឲ្យចេញពីវត្តទៅចូលរួមពិធីបុណ្យរាប់បាត្រនៅតំបន់បឹងកក់ជាទីកន្លែងដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស៊ូកាគូ។
លោកឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចក បានពន្យល់ប្រាប់ប្រជាពលរដ្ឋថាលោកបានអនុញ្ញាតច្បាប់ឲ្យធ្វើពិធីបុណ្យរាប់បាត្រនេះក៏ប៉ុន្តែលោកមិនបានរាំងខ្ទប់ព្រះសង្ឃមិនឲ្យនិមន្តចេញពីវត្តទៅចូលរួមរាប់បាត្រនោះទេ។
ប្រជាពលរដ្ឋបានសម្រេចចិត្តធ្វើដំណើរតាមផ្លូវខ្លះ តាមម៉ូតូកង់បីខ្លះ ដើម្បីមកធ្វើពិធីបុណ្យរាប់បាត្រនៅវត្តស្រះចកវិញ ក៏ប៉ុន្តែមានព្រះសង្ឃចូលរួមប្រមាណតែ៥៥អង្គតែប៉ុណ្ណោះ។
ព្រះតេជគុណឈឹង ប៊ុនឈា នាយកខុទ្ទកាល័យសម្តេចព្រះសង្ឃរាជទេព វង្ស និងជាព្រះចៅអធិការវត្តស្រះចកមានសង្ឃដីកាខ្លីប្រាប់អ្នកកាសែតថា ព្រះអង្គអនុញ្ញាតឲ្យយកទីតាំងវត្តស្រះចកនេះធ្វើពិធីបុណ្យរាប់បាត្រតែប៉ុណ្ណោះ។
«អានេះវាទាក់ទងទៅនឹងបុណ្យទាន។ អញ្ចឹងទៅរៀបចំរាប់បាត្រព្រះសង្ឃ ប្រគេនព្រះសង្ឃ បង្សុកូលទៅណ៎ា។ ឆ្នាំថ្មីបានសុខសប្បាយ»។
ប្រជាពលរដ្ឋដែលបានចូលរួមពិធីបុណ្យរាប់បាត្រភាគច្រើនមកពីតំបន់បឹងកក់បានស្តីបន្ទោសអាជ្ញាធរដែនដីដែលបានរារាំងព្រះសង្ឃមិនឲ្យនិមន្តរាប់បាត្រតាមការគ្រោងទុក។
«អាពត វាមិនឲ្យមានព្រះពុទ្ធសាសនាកើតឡើងទេ។ឥឡូវសម័យនេះទៀតហើយ។ សម័យនេះកើតឡើងទៀតហើយប្រជាជនធ្វើបុណ្យធ្វើទានអត់បានទេ។ យុត្តិធម៌នៅឯណា ខ្ញុំសួរសិន?»
អ្នកស្រីហេង មុំ អាយុ៤០ឆ្នាំមកពីភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថាពិធីបុណ្យរាប់បាត្រនៅថ្ងៃនេះគឺដើម្បីឲ្យប្រជាពលដ្ឋដែលរស់នៅក្នុងតំបន់បឹងកក់បានបន្តរស់នៅលើដីរបស់ពួកគេតទៅទៀតបន្ទាប់ពីពួកគេចំនួនប្រាំពីរភូមិបានប្រឈមនឹងការបណ្តេញចេញដោយបំពារបំពាន។
«ខ្ញុំមានការសោកស្តាយនិងឈឺចាប់ជាទីបំផុតហើយ។ ខ្ញុំឈឺចិត្តខ្លួនខ្ញុំជាខ្មែរ ហេតុអ្វីរស់នៅលើដីខ្មែរមិនបាន? ខ្ញុំធ្វើបុណ្យទៅតាមព្រះពុទ្ធសាសនាខ្មែរក៏មិនបាន។ តើហេតុអ្វី? ខ្ញុំឆ្ងល់ខ្លួនខ្ញុំ។ ខ្ញុំឆ្ងល់ទៅ រដ្ឋាភិបាលទាំងអស់។ ចុះហេតុអ្វីបានជាគាត់ធ្វើអញ្ចឹងចំពោះប្រជាពលរដ្ឋដែលពួកខ្ញុំដែលជាអ្នកក្រទន់ ខ្សោយបំផុត»។
អ្នកស្រីហេង មុំ បាននិយាយទៀតថា ពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គនេះគឺតំណាងឲ្យក្រុមហ៊ុនស៊ូកាគូដែលបានចុះកិច្ចព្រមព្រៀងជាមួយសាលាក្រុងភ្នំពេញក្នុងការជួលដីបឹងកក់ ទំហំជាង១៣០ហិកតារយៈពេល៩៩ឆ្នាំ។
ក្រុមហ៊ុនស៊ូកាគូ របស់លោកឧកញ៉ាឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលមួយនោះបានបន្តបូមដីដើម្បីចាក់បំពេញបឹងកក់និងបានលុបផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងកក់បានតវ៉ាជាច្រើនលើកច្រើនសារក៏ប៉ុន្តែពុំមានដំណោះស្រាយជាក់លាក់ណាមួយពីរដ្ឋាភិបាលទេ។
ក្រុមហ៊ុនស៊ូកាគូ បានផ្តល់សំណងដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារទឹកប្រាក់ប្រមាណ ៨.០០០ ដុល្លារសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅលើគោកភាគច្រើនបានជំទាស់ដោយសារតែពួកគេទាមទារសំណងសមរម្យទៅតាមតម្លៃទីផ្សារ។
ក្រុមហ៊ុនស៊ូកាគូនេះមានគម្រោងអភិវឌ្ឍបឹងកក់ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗសណ្ឋាគារ និងផ្ទះល្វែងក៏ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងកក់បានចាត់ទុកថាការអភិវឌ្ឍនេះបានធ្វើឲ្យពួកគេរស់នៅលើគំនរទឹកភ្នែក៕