អ្នកភូមិដែលប្រឈមនឹងការបណ្តេញចេញពីបឹងកក់នៃរាជធានីភ្នំពេញ បានបើកយុទ្ធនាការប្រមូលស្នាមមេដៃចំនួន១.៥០០គ្រួសារនៅថ្ងៃច័ន្ទនេះ ដើម្បីជាភស្តុតាងសម្រាប់គម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងជូនសាលារាជធានីភ្នំពេញ បន្ទាប់ពីអាជ្ញាធរបានបដិសេធការផ្តល់គម្រោងអភិវឌ្ឍន៍នៅកន្លែងរបស់អាជ្ញាធរ។
ព្រឹត្តិការណ៍នេះបានធ្វើឡើងស្របពេលដែលលោក ស៊ូយ៉ា ប្រាសាដ ស៊ុបិឌី (Surya Prasad Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានមកដល់រាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះ ដើម្បីទស្សនកិច្ចជាផ្លូវការលើកទី៥របស់លោកមកកាន់កម្ពុជាចាប់ពីថ្ងៃទី៣០ខែឧសភា ដល់ថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០១១។
នៅអំឡុងទស្សនកិច្ចរយៈពេលប្រាំថៃ្ងរបស់លោក លោកនឹងធ្វើការវាយតម្លៃ និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកស៊ុបិឌីនឹងធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានាលើបញ្ហាសិទ្ធិមនុស្សនានានៅពេលបច្ចុប្បន្ន ដោយរួមបញ្ចូលទាំងសេរីភាពខាងការបញ្ចោញមតិ និងជួបប្រជុំ សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិមនុស្ស និងទំនាស់ដីធ្លី។ នេះបើតាមសេចក្តីថ្លែងការណ៍។
អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បានថ្លែងប្រាប់វីអូអេខ្មែរថា មេគ្រួសារចំនួន១.៥០០នាក់ បានផ្តិតមេដៃលើសំណើ ដើម្បីបង្ហាញពីឆន្ទៈផ្ទាល់ខ្លួនជូនដល់សាលារាជធានីភ្នំពេញសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង។ អ្នកស្រី ទេព វណ្ណី បានបញ្ជាក់ថា ស្នាមផ្តិតមេដៃនេះមានសារៈសំខាន់ណាស់សម្រាប់បង្ហាញពីជំហរចុងក្រោយអំពីការចង់បានពិតប្រាកដរបស់ប្រជាពលរដ្ឋបឹងកក់ និងជាភស្តុតាងសំខាន់ណាស់ដែលបញ្ជាក់ពីកម្មសិទ្ធិនៃមេផ្ទះនីមួយៗ ដែលចង់បានការអភិវឌ្ឍនៅនឹងកន្លែង។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖
«ការផ្តិតមេដៃលើកនេះគឺជាការផ្តិតមេដៃបង្ហាញពីភស្តុតាងដ៏ជាក់លាក់ពិតប្រាកដពីឆន្ទៈរបស់ប្រជាពលរដ្ឋនូវការសុំអភិវឌ្ឍនៅនឹងកន្លែងដែលសំណើរបស់គាត់នឹងដាក់ចូលទៅសាលាក្រុងភ្នំពេញនៅថ្ងៃស្អែក ហើយជំរុញឱ្យរដ្ឋាភិបាលឈប់បន្តការពន្យាពេលក្នុងដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បឹងកក់ ពីព្រោះឥឡូវនេះ វាដល់រដូវវស្សា ហើយភ្លៀងរហូត។ នៅពេលទឹកជន់ ពួកខ្ញុំមិនដឹងជារត់ទៅនៅកន្លែងណាទេ»។