ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តវ៉ា​បឹងកក​ស្នើ​ស្ថានទូត​អាមេរិក​ជួយ


រដ្ឋមន្ត្រី​ការ​​បរទេស​អាមេរិក​លោកស្រី​ ហ៊ីល្លឺរី ​គ្លីនតុន (Hillary Clinton) ខាងឆ្វេង​ ហើយខាងស្តាំ​គឺលោកស្រី​​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា​ ឃែរ៉ូល រ៉ដលី ​(Carol Rodley)​ នៅមុខ​ព្រះបរុម​រាជ​វាំង​ក្នុង​ទីក្រុង​ភ្នំពេញ។
រដ្ឋមន្ត្រី​ការ​​បរទេស​អាមេរិក​លោកស្រី​ ហ៊ីល្លឺរី ​គ្លីនតុន (Hillary Clinton) ខាងឆ្វេង​ ហើយខាងស្តាំ​គឺលោកស្រី​​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា​ ឃែរ៉ូល រ៉ដលី ​(Carol Rodley)​ នៅមុខ​ព្រះបរុម​រាជ​វាំង​ក្នុង​ទីក្រុង​ភ្នំពេញ។

ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ដែល​មាន​ជម្លោះ​ដីធ្លី​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ដើម្បី​ជំរុញ​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឲ្យ​យល់​ព្រម​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​បាន​សុំអភិវឌ្ឃ​នៅនឹង​កន្លែង​ផ្ទះ​ល្វែង​៤ម៉ែត្រគុណនឹង​១៦ម៉ែត្រ។ ការ​ស្នើ​សុំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​ដើម្បី​ដាក់​ញ្ញាត្តិ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ប្រមាណ​ជាង​១០០នាក់​នៅ​ថ្ងៃច័ន្ទ​នេះ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ

ពី​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ដាក់​ញ្ញាត្តិ​មួយ​ច្បាប់​ឲ្យ​ស្ថានទូត​ជូយ​ធ្វើ​អន្តរាគមន៍​រឿង​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​កណ្តាល​ក្រុង​ភ្នំពេញ។

នៅក្នុង​ញ្ញាត្តិ​មួយ​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ដែល​មាន​ស្នាម​ផ្តិត​មេដៃតំណាង​ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់​មក​ពី​ភូមិ​ចំនួន​ប្រាំពីរ បាន​ទទូច​ស្នើ​ដល់​លោក​ស្រី​ ឃែរ៉ូល រ៉ដលី (Carol Rodley)​ ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ជួយ​ធ្វើអន្តរាគមន៍​ជា​បន្ទាន់។

អ្នក​ស្រី​ ទេព វ៉ាន្នី​ តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយ​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​យក​ញ្ញាត្តិ​មក​ដាក់​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ​គឺ​ដោយសារ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ។

អ្នកស្រី​បាន​មាន​ប្រសាន៍​ទៀតថា៖ «ពី​ព្រោះ​ខ្ញុំមាន​ជំនឿថា ប្រទេស​សហរដ្ឋ​អាមេរិក​ជាប្រទេស​មហា​អំណាច​មួយ ហើយកាន់​លិទ្ឋិ​ប្រជាធិបតេយ្យ​ពិត​បា្រកដ។ ហើយ​គាត់​ជាម្ចាស់​ជំនួយ​ដែ​គូ​អភិវឌ្ឃ​ដល់​ប្រទេស​កម្ពុជា​ដែរ។ អញ្ចឹង​ខ្ញុំ​អាច​ជឿជាក់​ថា​ គាត់​នឹង​អាច​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ​ដូចជា​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​អញ្ចឹង»។

លោក ម៉ាក វីនិហ្ក (Mark Wenig) ប្រធានផ្នែក​កិច្ច​ការ​សារធារណះ​ និង​ជា​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​រយៈសារ​អេឡិច​ត្រូនិក​ថា ស្ថានទូត​អាមេរិក​បាន​ឈប់​សំរាក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ​លោក​នឹង​ព្យាយាម​ឆ្លើយ​តប​នៅ​ថ្ងៃ​ស្អែក។ ក៏ប៉ុន្តែ​ ក្រុម​ប្រជាពលរដ្ឋ​នៅ​ដំបន់​បឹងកក់​បាន​និយាយថា មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​មក​ទទួល​យក​ញ្ញាត្តិ​រួច​ហើយៗ​សន្យាថា នឹង​ជូនដំណឹង​នេះ​ទៅ​លោក​ស្រី​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ សួស​ ណារី អាយុ៤៤ឆ្នាំ​មក​ពី​ភូមិ​ទី​២០​នៅ​តំបន់​បឹងកក់​ដែល​កំពុង​ឈរ​នៅ​ពី​មុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា អ្នក​ស្រី​ចង់​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ដើម្បី​បញ្ចប់​ទុក្ខ​វេទនារបស់​ប្រជាពលរដ្ឋ​។ អ្នក​ស្រី​ថ្លែង​ថា៖ «ច៎ា ពិបាក​ដូច​ថា រកស៊ី​អី​ក៏​រក​មិន​បាន​ បូមដី​បាន​បណ្តាល​ឲ្យ​លូ​ស្ទះ។ ដល់​ពេល​អញ្ចឹង​ទៅ​ពិបាក​ចិត្ត។ កូន​រៀន​ប្រឡង​ឆ្នាំ​ហ្នឹង​ហើយ​អត់​បាន​រក​ស៊ី​អ្វី​គិត​តែ​ពី​រឿង​តវ៉ា​ រឿងផ្ទះ»។

ក្រុម​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​និយាយ​ថា គណៈកម្មការចម្រុះ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​វាស់​វែង​ដី​ជូន​ប្រជា​ពលរដ្ឋ​ធ្វើ​បាន​ផ្ទះ​ប្រមាណ​៧០​ខ្នង​ហើយ។

អ្នក​ស្រី​ ទេព វ៉ាន្នី​ បាន​និយាយ​ថា «គ្រាន់​តែថា មិន​មាន​តុល្យ​ភាព​ត្រឹម​ត្រូវ​ពី​ព្រោះ​ម៉ាស៊ីន​ដែល​វាស់​រវល់​តែ​បាត់។ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​គាត់​ចាក់​ម៉ែត្រ​វិញ​បើ​រវល់​តែ​បាត់។ ពី​ព្រោះ​ទំនើបពេក​រវល់​តែបាត់​ម៉ែត្រ»។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ធ្លាប់​បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​ស្ថានទូត​ជា​ច្រើន​ដូចជា​ស្ថានទូត​ចិន​ សហគមន៍អឺរ៉ុប​ ស្ថានទូត​បារាំង​ ស្ថាប័ន​ព្រឹទ្ឋសភា​ និងរដ្ឋ​សភា​ រហូត​ដល់​ខុទ្ឋ​ការល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដើម្បី​ស្នើ​សុំធ្វើ​អន្តរាគមន៍​អភិវឌ្ឃន៍​នៅ​នឹង​កន្លែង​ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅឡើយ៕

XS
SM
MD
LG