ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​បឹងកក់​បន់​ព្រះ​អង្គ​ដងកើ​ឲ្យ​ជួយ​ការពារ​ផ្ទះ​សម្បែង​របស់​គាត់


អ្នក​រស់​នៅ​តំបន់​បឹងកក់​តវ៉ា​ដោយ​បន់​ស្រន់​ចំពោះ​​ព្រះ​អង្គ​ដង​កើ​​នៅ​មុខ​ព្រះ​បរមរាជ​វាំង​កាល​ពី​ថ្ងៃ​អង្គារ ក្នុង​បំណង​បញ្ឈប់​​ការ​​វាយ​កម្ទេច​ចោល​ផ្ទះ​របស់​ពួក​គាត់​​ពី​សំណាក់​​ក្រុមហ៊ុន​​ស៊ូកាគូ​អ៊ីន។
អ្នក​រស់​នៅ​តំបន់​បឹងកក់​តវ៉ា​ដោយ​បន់​ស្រន់​ចំពោះ​​ព្រះ​អង្គ​ដង​កើ​​នៅ​មុខ​ព្រះ​បរមរាជ​វាំង​កាល​ពី​ថ្ងៃ​អង្គារ ក្នុង​បំណង​បញ្ឈប់​​ការ​​វាយ​កម្ទេច​ចោល​ផ្ទះ​របស់​ពួក​គាត់​​ពី​សំណាក់​​ក្រុមហ៊ុន​​ស៊ូកាគូ​អ៊ីន។

បន្ទាប់​ពី​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​វាយ​កម្ទេច​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ​ជន​រងគ្រោះ​បាន​ទៅ​បន់​ស្រន់​តាម​ព្រះ​ពុទ្ធ​សាសនា​នៅ​ព្រះ​អង្គដងកើ។​ ការ​បន់​ស្រន់​នេះ​ជា​ជំរើស​ចុង​ក្រោយ​ ​បន្ទាប់​ពី​អ្នក​ស្រុក​បាត់​បង់​ជំនឿលើ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រាំរ៉ៃកណ្តាល​ទី​ក្រុង​ភ្នំ​ពេញ។

ក្រុម​អ្នក​ស្រុក​រស់​នៅ​តំបន់​បឹងកក់​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​សម្រេច​ជម្រើស​ចុងក្រោយ​មក​បន់​ស្រន់​ទៅ​តាម​ជំនឿព្រះ​ពុទ្ធ​សាសនា​ ​នៅ​ព្រះ​អង្គ​ដងកើ​ ជាទី​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​មួយ​របស់​ប្រទេស​កម្ពុជា​ ​ដើម្បី​ឲ្យ​ពួក​គេ​បាន​រស់នៅ​តំបន់​បឹងកក់​ត​ទៅទៀត។

«សូម​ព្រះអង្គ​ជួយ ​ ​សូមឲ្យ​អ្នក​ពាក់​ព័ន្ធ សូម​ឲ្យ​តែ​រលាយៗ​ ​ តែ​សូម​ឲ្យ​កូន​ចៅ​មាន​សេចក្តី​សុខ។ ​ ប្រសិន​ជា​ព្រះ​អង្គ​មាន​វត្ថុ​ស័ក្តិសិទ្ធិ​ពិតមែន​ ​សូម​ឲ្យ​តែ​អ្នក​មាន​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន​សូម​ឲ្យ​រលាយ»។

ការ​បន់ស្រន់​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​នៅ​ភូមិ១​ ​សង្កាត់​ ស្រះចក​ ​ខណ្ឌ​ដូនពេញ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ ​របស់​លោក​ឧកញ៉ា​ឡាវ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធ​សភាខាង​គណបក្ស​ប្រជាជន​កម្ពុជាវាយ​កម្ទេច។

«ពេល​នេះ​ ​ប្រជាជន​អត់​មាន​ដឹង​ជម្រើស​ទៅណា​ទេ​ ​ហៅ​មេឃ​ ​មេឃ​ក៏​មិន​ឮ​ ​ហៅ​ដី​ ដី​ក៏​មិន​ឆ្លើយ។​ ​ពេលនេះ​មានតែ​ជម្រើស​ហ្នឹង​ហើយ​ ​មានតែ​ព្រះ​អង្គ​ទេ​ ​ដែល​ស័ក្តិ​សិទ្ធិ»។

ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ​មូល​ហេតុ​ដែល​ពួក​គេ​មក​បន់ស្រន់​នៅ​ព្រះ​អង្គ​ដងកើ​នេះ​ ​គឺ​ដោយសារ​តែ​ពួក​គេ​គ្មាន​ជំនឿ​ថា​ ​រដ្ឋាភិបាល​នឹងជួយ​អន្តរាគមន៍​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រាំរៃ​ ​នៅ​តំបន់​បឹងកក់​នេះ​ទេ។

អ្នកស្រី​លី មុំ ​អាយុ​៤៣​ឆ្នាំ​ ​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​២៤​ ​បាន​និយាយ​ថា​ ​មាន​តែ​ព្រះ​អង្គ​ដងកើ​ទេ​ ​ដែល​អាច​ជួយ​បន្ទន់ចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​ជួយ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដី​ធ្លី​នេះ។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ​ក៏​អ្នក​ស្រី​លី មុំបាន​ដាក់​បណ្តាសារ​ដល់​ក្រុមហ៊ុន​ ដែល​បាន​រំលោភ​បំពាន​មក​លើ​ប្រជា​ពលរដ្ឋ​តាម​សំនៀង​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​សូម​ដាក់​បណ្តាសារ​ថា​ ​បើ​សិន​ជា​អស់​អ្នក​ឯង​ទូល​ដី​ហើយឲ្យ​វិនាស​ ​ហើយ​អ្នក​ឯង​យក​ទៅ​ក៏​មិន​បាន​សេចក្តី​សុខដែរ។​ បើ​អ្នក​ឯង​ចង់​បាន​ ​សូម​ឲ្យ​យក​ទៅ​ដល់​ទី​កន្លែង​ណា​ ​អ្នក​ឯង​ជួប​តែ​វិនាស​ ព្រាត់ប្រាស់​ប្តី​ ​ប្រពន្ធ​ ​ក្រុមគ្រួសារ​អ្នក​ឯង​រហូត»។

តំណាង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ពុំ​អាច​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយសាលាក្រុង​ភ្នំពេញ​ ​ដើម្បី​ជួល​ដី​បឹងកក់​ ​ទំហំ​ជាង​១២៥​ហិកតា​រយៈ​ពេល​៩៩​ឆ្នាំ។ ​ក្រុមហ៊ុន​នេះ​មាន​គម្រោង​សាងសង់​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ទំនើបៗ​ ​សណ្ឋាគារ​ ​និង​ផ្ទះ​ល្វែង។

ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​រាប់ពាន់​គ្រួសារ​ ​បាន​ទទួល​រង​ផល​ប៉ះពាល់។

កាល​ពី​ថ្ងៃ​ច័ន្ទ ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​វាយ​កម្ទេច​ផ្ទះ​អ្នក​ស្រុក​ប្រមាណ​ប្រាំបី​ខ្នង​យ៉ាង​តិច​ និង​ជាច្រើន​គ្រួសារ​ផ្សេងទៀត​ ​កំពុងតែប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​ ​ដោយសារ​តែ​ការ​បូមខ្សាច់​កប់​ផ្ទះ​របស់​ពួក​គេ។

ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ផ្តល់​សំណង​ចំនួន​៨.០០០​ដុល្លារ​សហ​រដ្ឋអាមេរិក​ ​និង​ទឹក​ប្រាក់​ចំនួន​២.០០០.០០០​ រៀល​ ​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​រស់នៅ​លើ​ផ្ទៃ​បឹងកក់។ ​ក៏​ប៉ុន្តែ​អ្នក​ស្រី​លី មុំបាន​និយាយ​ថា​ ​ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​លើ​គោក​ទទួល​យក​គោល​ការណ៍​ទាំង​នេះ។

«ក្រុមហ៊ុន​បាន​បង្ខំ​ប្រជាជន​ ​បាន​យក​លេខកូដ​ទៅ​ចុច​ហៅ​ប្រជាជន​នៅ​ភូមិ១​ថា​ ​ត្រូវ​តែ​ទៅ​យក​ជម្រើស​គោល​ការណ៍​៨.០០០​ដុល្លារ​ និង​លុយ​២.០០០​.០០០​រៀល​ ​ប្រសិន​ជា​មិន​ទៅ​យក​ទេ​ ​ក្នុង​វេលា​ថ្ងៃ​ស្អែក​ហ្នឹង​ ​គឺ​ឱសានវាទ​ចូល​មកដល់គឺ​គេ​លុប​ ​គេ​បូម​ទឹក​ពន្លិច​ហើយ។ ​គេមិន​ដោះស្រាយ​ឲ្យ​លុយ​ទៀត​ទេ»។

អ្នកស្រី​លី មុំបាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នៅ​ពេល​ខាង​មុខ​នេះ​ ​ប្រជា​ពលរដ្ឋ​ចំនួន​ប្រាំពីរ​ភូមិ​ និង​ជួនដំណឹង​ទៅ​សាលាក្រុង​ភ្នំពេញ​ ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ទីលាន​សេរីភាព​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន៕

XS
SM
MD
LG