ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង


ទិដ្ឋភាព​នៃ​ការ​ចាក់​លប់​បឹង​កក់​​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ​២០១០។
ទិដ្ឋភាព​នៃ​ការ​ចាក់​លប់​បឹង​កក់​​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ​២០១០។

ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​កំពុង​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹង។​ ឥឡូវ​នេះ​យ៉ាង​តិច​មានផ្ទះ​ចំនួន​ពីរ​កំពុង​កប់​ក្នុង​ភក់ខ្សាច់​ និង​ផ្ទះ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​លិចលង់។​ ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ​ប្រសិន​បើ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​មិន​ជួយ​អន្តរាគមន៍​ទេ​ ​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​នឹង​កប់​ក្នុង​ភក់​ខ្សាច់។

«ខ្ញុំ​ជា​ស្រ្តី​មេមាយ។ ​ប្តី​ខ្ញុំ​ធ្វើ​ប៉ូលិស​ជាង​២០​ឆ្នំា​ ​ហើយ​គាត់​ស្លាប់​ចោល​ខ្ញុំ​ជាង​បីបួន​ឆ្នាំ​មក​ហើយ។ ​នៅ​តែ​ដី​មួយ​ដុំ​ហ្នឹង​ទេ​ ដែល​ខ្ញុំ​ដោះស្រាយ​ជីវភាព​ខ្ញុំ»។

អ្នកស្រី​ឃុន សេរី ​អាយុ​៥៣ឆ្នាំ​ ជា​ស្រ្តី​មេមាយ​មាន​កូន​ម្នាក់​ ​រស់​នៅ​ក្នុង​ភូមិ​១ ​សង្កាត់​ ​ស្រះចក​ ​ក្រុង​ភ្នំពេញ។

អ្នកស្រី​គឺ​ជា​ជន​រងគ្រោះ​មួយរូបក្នុង​ចំណោម​ជន​រងគ្រោះ​ចំនួន​២៣៤​គ្រួសារ​ផ្សេង​ទៀត​រស់​នៅ​ក្នុង​ភូមិ​នេះ​ ​ដោយសារ​តែ​ការ​អភិវឌ្ឍតំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន។

កាល​ពី​សប្តាហ៍​មុន​ ​ក្រុមហ៊ុន​ស៊ូកា​កូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បន្ត​បូម​ដី​ដើម្បី​លប់​ផ្ទៃ​បឹង​កក់។

ដី​ដែល​បាន​បូម​ចេញ​ពី​ទុយោនោះ​បាន​កប់​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​បន្តិច​ម្តងៗ​ ​នៅក្នុង​ខណៈពេល​ដែល​ផ្ទះ​ផ្សេង​ទៀត​កំពុង​តែ​ប្រឈម​មុខនឹង​ការ​លិចលង់។

អ្នកស្រី​ឃុន សេរី​បាន​ចង្អុល​ទៅលើ​ភក់​ខ្សាច់​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នកស្រី​ ​ហើយ​អ្នកស្រី​បាន​និយាយ​ថា​ កាល​ពី​មុន​អ្នកស្រី​មិន​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទេ។​ ឥឡូវនេះ​ ​ផ្ទះ​ទាំង​មូល​ស្ទើរតែ​គ្រប​ដណ្តប់​ដោយ​ភក់។

«ពីមុន​មក​ ​ដី​ខ្ញុំ​ដី​គោក​ទេ។​ ​មិនមែន​ដី​អញ្ចឹង​ទេ។ ​ហើយ​ខ្ញុំ​រស់​នៅ​ទីនេះ​យូរ​ហើយ។ ​គ្រួសារ​ខ្ញុំ ​គាត់​ធ្វើ​ប៉ូលិស។ ​ឥឡូវ​គាត់​ស្លាប់​ហើយ»។

នៅ​ជាប់​នឹង​របង​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​មាន​សិប្បកម្ម​បណ្តុះ​ផ្សិត​មួយ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ឃី រ៉េត។

អ្នកស្រី​ឃី រ៉េត ​អាយុ​៥១​ឆ្នាំ​បាន​និយាយ​បណ្តើរ​យក​ដៃ​ទៅ​ចង្អុល​សិប្បកម្ម​បណ្តុះ​ផ្សិត​របស់​អ្នកស្រី​ ដែល​បាន​បិទទ្វារ​មិន​ឲ្យ​ដំណើរការ​ជាយូរ​មក​ហើយ។

អ្នកស្រី​បាន​និយាយថា ​សិប្បកម្ម​នេះ​បាន​ផ្អាក​អស់​រយៈ​ពេល​បួនខែ​មកហើយ​ ​ដោយសារ​តែ​មាន​សត្វ​ល្អិត​បំផ្លាញ​ផ្សិត​របស់​អ្នកស្រី។

អ្នកស្រី​ឃី រ៉េត​បាន​និយាយ​ទៀត​ថា​ ​សត្វ​ល្អិត​ទាំងនេះ​បាន​កើត​ឡើង​ចេញពី​ផ្ទៃ​ទឹក​បឹង​ ​ដោយសារ​តែ​ការ​ចាក់​ទឹក​បំពេញតាមរយៈ​ការ​បូម​ខ្សាច់​នេះ។

«ជួប​បញ្ហា​តាំង​ពី​បូម​ទឹក​ឡើង​មក​អញ្ចឹង​ទៅ​ ​ហើយ​អាសត្វ​ម៉ម៉ុង​ ​វាឡើង​ទៅ​រោម​ផ្សិត​ខ្ញុំ។ ​អញ្ចឹង​ទៅ​ ពេល​ដែល​វា​លូត​ចេញ​មក​ ​គឺវា​ខូច​ណា៎ ​ចា! ​វា​ទៅ​ជា​ដូច​ដង្កូវ​ ​ធ្វើ​វា​អត់​បាន​ផល។ ​ពេល​ដែល​វា​ចេញ​ច្រើន​ចំរុះ​ ​យើង​ធ្លាប់​មួយ​ថ្ងៃ​បាន​ផល​ ​មួយ​ថ្ងៃ​យើង​លក់​បាន​មួយ​លាន​ដែរ»។

រហូត​មក​ដល់​ពេល​នេះ​ ​ការ​បូម​ខ្សាច់​ដើម្បី​ចាក់​បំពេញ​ផ្ទៃ​បឹង​ដោយក្រុមហ៊ុន​ស៊ូកាកូអីនបាន​ប្រមាណ​៥០% ​ហើយ។

ប្រជា​ពលរដ្ឋ​ប្រមាណ​រាប់ពាន់​គ្រួសារ​ ​ដែល​បាន​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ និង​នៅ​លើ​គោក​ ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ថា​ ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់លិច​ផ្ទះ​របស់​ពួក​គេ​ ​ហើយ​ទឹក​នោះ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ។

អ្នកស្រី​លី មុំ ​អាយុ​៤៥​ឆ្នាំ​ ​បាន​និយាយ​ថា​ ​ផ្ទះ​របស់​អ្នកស្រីបាន​ដក់​ទឹក​រាប់ខែ​មក​ហើយ​ ​ដោយ​សារ​តែ​ទឹក​នេះ​បាន​ជ្រាប​ចេញ​ពី​ទឹក​បឹង។

អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ​កូន​របស់​អ្នកស្រី​បាន​កើត​រមាស់​ជើង​ ​ដោយសារ​តែ​ដើរ​ឆ្លង​កាត់​ទឹក​ដែល​មាន​ក្លិន​ស្អុយ​នេះ។

«ប៉ះពាល់​ដល់​សុខភាព។ ​កូនខ្ញុំ​ដើរ​លុយទឹក។​ ​ទំរាំ​តែ​អាទឹក​ហ្នឹង​វា​ជ្រាប​អស់ទៅ​ ​វា​នៅ​សល់​ដក់​ ដោយ​ដុំ​ហ្នឹង។​ ​យើង​កើត​រមាស​ជើង​ ​រមាស​ដៃ​ក្មេងៗ។ ​ ​ហើយ​ខ្ញុំ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​ដាក់​នៅ​ផ្ទះ​ម្តាយ​ខ្ញុំ»។

ចំណែក​អ្នកស្រី​ផាត ចិន្តា​ អាយុ​២២​ឆ្នាំ​ ​ដែលកំពុង​តែ​ស្អំ​ទឹក​កក​នៅ​លើ​ក្បាល​ជាមួយ​និង​កូន​ស្រី​តូច​មួយ​អាយុ​ប្រមាណ​មួយ​ឆ្នាំ​ ​បាន​និយាយថា​ ​អ្នកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ ​ដោយសារ​តែ​ក្លិន​ភាយ​ចេញ​ពី​ទឹក​បឹង។

«ទឹក​លិច។ ​ដោយសារ​ក្លិន​ស្អុយ​ពេក​ ​ឈួល​មក​ ​កូន​ក៏​ឈឺ​ ​ព្យួរ​សេរ៉ូម។ ​ហើយ​យប់មិញ​ក្តៅ​ទៀត»។

ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាលាក្រុង​ភ្នំពេញ​ដើម្បី​ជួល​ដី​បឹងកក់​រយៈពេល​៩៩​ឆ្នាំ​លើ​ទំហំ​ផ្ទៃ​ដី​សរុប​ប្រមាណ​១២៦​ហិកតា។

ក្រុមហ៊ុន​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​ ​សណ្ឋាគារ​ ​ ផ្ទះ​ល្វែង​និង​ផ្សារ​ ទំនើបៗ។

លោក​សៀ ភារម្យ ​នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​បាន​និយាយ​ថា​ ការ​អភិវឌ្ឍ​តំបន់​បឹងកក់​នេះ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​ដែរ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​អភិវឌ្ឍនេះ។

«ក្រុមហ៊ុន​ ​គាត់​ពុំ​បាន​ចរចា​ ​ឬ​ក៏​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទេ​ ​គឺ​គាត់​គិត​តែ​ពី​បូម​ខ្សាច់​បង្ហូរ​ ​ធ្វើ​ឲ្យ​លិច​លង់​ ​ធ្វើ​ឲ្យ​ស្ទះ​បង្គន់​ ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់នៅ​តែ​ម្តង»។

លោក​សៀ ភារម្យ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​ ​យ៉ាង​តិច​ មាន​ប្រជាជន​ចំនួន​២៥.០០០​នាក់​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍន៍​របស់​សាលា​ក្រុង​ភ្នំពេញ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​មាន​សហគមន៍​ចំនួន​៧៤​នៅ​ក្នុង​ចំណោម​៤០០​សហគមន៍​ផ្សេងៗ​ទៀតបាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​ឲ្យ​បង្ខំ​រុះរើ​ផ្ទះ​សម្បែង​ចេញ។

លោក​កែប ជុតិមា​ ​អភិបាល​ក្រុង​ភ្នំពេញ​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ដោយ​លោក​បាន​អះអាង​ថា​ ​កំពុង​ជាប់​រវល់៕

XS
SM
MD
LG