ដោយសារកង្វះឧបករណ៍តន្ត្រីសម្រាប់ប្រគំនៅទីធ្លាទូលាយ ក្រុមតន្ត្រីជនពិការចំនួនប្រាំក្រុម សម្រេចចិត្តមិនទៅប្រគំតន្រ្តីសាកល្បងនៅទីតាំងថ្មី ដែលសាលាក្រុងបានចាត់ចែងជូនដែល រួមមានទីតាំងវត្តភ្នំនោះទេ។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ចបញ្ជាក់ថា ឧបករណ៍តន្ត្រីដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងមកដល់ក្នុងរយៈពេលមិនយូរជាង ប្រាំមួយសប្តាហ៍ទៀតទេ។ ស្របពេលជាមួយគ្នានេះ តំណាងក្រុមតន្ត្រីជនពិការព្រួយបារម្ភអំពីការធ្លាក់ចុះខ្លាំងនៃចំណូលប្រចាំថ្ងៃរបស់ពួកគេ បន្ទាប់ពីពួកគេដូរទីតាំងប្រគំតន្ត្រីនោះ។
ក្រុមតន្ត្រីជនពិការ ដែលបានសន្យាថា នឹងប្តូរទីតាំងប្រគំតន្ត្រីពីនៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញទៅទីតាំងថ្មីចំនួនបីកន្លែងដែលកំណត់ដោយសាលាក្រុងភ្នំពេញនោះ បានព្យាករណ៍ពីការធ្លាក់ចុះចំណូលរបស់ពួកគេ នៅពេលពួកគេប្តូរទៅកាន់ទីតាំងទាំងបីនោះ។ ពួកគេក៏កំពុងរង់ចាំឧបករណ៍ភ្លេងដែលប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសន្យាថា នឹងផ្តល់ឲ្យ មុនពេលពួកគេសម្រេចប្តូរទៅប្រគំតន្ត្រីជាលក្ខណៈក្រុមនៅទីតាំងថ្មីទាំងនោះ។
ក្រុមអ្នកលេងភ្លេង និងអ្នកចម្រៀងពិការប្រមាណ២០០នាក់បានចុះកិច្ចសន្យាដែលហាមឃាត់ពួកគេមិនឲ្យប្រគំតន្ត្រីនៅតាមផ្លូវសាធារណៈ ក្រោយពីកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ ២០១៧។
លោក រ័ត្ន វិទូ តំណាងក្រុមតន្ត្រីក្តីសង្ឃឹមថ្មីនៃជនពិការភ្នែក បានប្រាប់ VOA កាលពីថ្ងៃពុធថា ក្រុមតន្ត្រីរបស់លោកមិនទាន់សម្រេចថា នឹងទៅប្រគំតន្ត្រីសាកល្បងនៅទីតាំងថ្មី ដូចដែលពួកគេបានព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញនោះទេ ដោយសារក្រុមប្រគំតន្ត្រីនានាមិនទាន់ទទួលបានឧបករណ៍សម្រាប់ការប្រគំតន្ត្រី។ លោកបន្តថា ទីតាំងថ្មីដែលអាចប្រគំតន្ត្រីបាននោះគឺមានតែទីតាំងវត្តភ្នំ ខណៈដែលទីតាំងពីរផ្សេងទៀតមិនទាន់ត្រូវបានធ្វើរួចរាល់នៅឡើយ។
«សាលាក្រុងហ្នឹង គាត់សន្យាជាមួយយើងថា ផ្តល់ទីតាំងឲ្យបីកន្លែង ប៉ុន្តែដល់ពេលសាកល្បង ដំបូងហ្នឹង គេទើបតែផ្តល់វត្តភ្នំឲ្យមួយកន្លែងទេ។ អីចឹងគ្នាពិបាកក្នុងការវិលជុំ ពីព្រោះក្រុមរបស់យើង វាដល់ទៅប្រាំក្រុម ណ៎ាបង! ហើយមានមួយកន្លែង យើងត្រូវលេងអស់ប្រាំក្រុម ហ្នឹងទីមួយ។ ទីពីរទៀត ដោយសារតែឧបករណ៍ដែលសម្តេចថា ទិញឲ្យហ្នឹង ឥឡូវអត់ទាន់ធ្លាក់មក អីចឹងយើងអត់មានឧបករណ៍គ្រប់គ្រាន់សម្រាប់ទៅលេងនៅទីតាំងវត្តភ្នំដែលធំហ្នឹងទេ។ យើងមានតែឧបករណ៍ ដែលអាចលេងនៅទីតាំងបានតូចៗ ដែលវាឮបានតិចៗណា៎បង»។
អាជ្ញាធរនៅរាជធានីភ្នំពេញ បានឲ្យដឹងកាលពីពេលមុនថា ការណ៍ដែលអាជ្ញាធរសម្រេចឲ្យក្រុមតន្រ្តីជនពិការឈប់ប្រគំតន្ត្រីតាមផ្លូវដើម្បីអង្គាសប្រាក់នោះគឺដើម្បីបញ្ចៀសការបង្កឲ្យកកស្ទះចរាចរនៅតាមផ្លូវ។
លោកឯម ចាន់មករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ VOA កាលពីថ្ងៃពុធថា ក្រុមតន្ត្រីជនពិការនឹងទទួលបានឧបករណ៍ភ្លេងតម្លៃជាង២ម៉ឺនដុល្លារបន្ថែមជាមួយរថយន្តដឹកទំនិញតម្លៃប្រមាណជា៧ពាន់ដុល្លារ សម្រាប់មួយក្រុម នៅមុនបុណ្យប្រពៃណីចូលឆ្នាំខ្មែរ។
«ទីមួយយើងត្រូវធ្វើការដេញថ្លៃ ជាវឧបករណ៍ភ្លេង។ ទីពីរយើងត្រូវការដាក់បញ្ជាការទិញ ហើយការទិញនេះឯង គឺយើងត្រូវប្រើរយៈពេលប្រាំមួយសប្តាហ៍ដើម្បីបញ្ជាការទិញនេះ។ មិនមែននៅក្នុងស្រុកខ្មែរទេ គឺយើងកំម៉ងមកពីក្រៅប្រទេស។ អីចឹងរយៈពេលប្រាំ ប្រាំមួយសប្តាហ៍ទៀតទើបយើងអាចយកឧបករណ៍ទាំងនេះ ជូនទៅបងប្អូនជនពិការនេះបាន បាទ»។
នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមតន្ត្រីជនពិការដែលមានលក្ខណៈតូចៗ បានសម្តែងនៅតាមដងផ្លូវសាធារណៈ តែពុំមានរបាយការណ៍និយាយអំពីគ្រោះថ្នាក់នានា ដែលបង្កដោយការប្រគំតន្ត្រីនោះឡើយ។ ក៏ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ថា អ្នកប្រគំតន្ត្រីពិការមួយចំនួនបានទទួលរងគ្រោះថ្នាក់ជាញឹកញាប់។
ទោះបីជាក្រុមមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាខិតខំរកទីតាំងច្បាស់លាស់ឲ្យក្រុមតន្ត្រីជនពិការសម្រាប់ប្រគំតន្ត្រីអង្គាសប្រាក់ក្តី អ្នកតំណាងក្រុមតន្ត្រីបង្ហាញការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ បន្ទាប់ពីពួកគាត់បានទទួលឧបករណ៍តន្ត្រីថ្មី ហើយទៅប្រគំនៅកន្លែថ្មីទាំងនោះ។
លោករ័ត្ន វិទូ តំណាងក្រុមតន្ត្រីក្តីសង្ឃឹមថ្មីនៃជនពិការភ្នែក និយាយថា ចំណូល ដែលបានមកពីការប្រគំតន្ត្រីរបស់ក្រុមលោក នឹងធ្លាក់ចុះ នៅពេលក្រុមតន្ត្រីរបស់លោកមកសម្តែងនៅទីតាំងដែលកំណត់ដោយរដ្ឋាភិបាល បើប្រៀបធៀបនឹងទីតាំងនៅចំណុចភ្លើងស្តុបតាមដងផ្លូវសាធារណៈនានា។
«រឿងពិបាកចំណាយប្រចាំថ្ងៃ វាត្រូវតែពិបាកហើយ។ បើទោះបីជាបាន៤០ម៉ឺន ៥០ម៉ឺន ដូចដែលកាលយើងលែងដំបូងក៏ដោយ ប៉ុន្តែកាលពីដំបូងយើងមានគ្នាតែបួនប្រាំនាក់ទេ ឥឡូវហ្នឹងគ្នារបស់យើងដល់ទៅ២៥នាក់។ អីចឹងការចែកគ្នាមកហ្នឹងក៏វាអត់បានប៉ុន្មានដែរ។ អារឿងប៉ះពាល់ វាច្បាស់ជាប៉ះពាល់ហើយ។ អាហ្នឹងធ្វើម៉េច អាហ្នឹងវាជាដំណោះស្រាយរបស់រដ្ឋាភិបាល។ អីចឹងយើងត្រូវទទួលយកបង។ ទោះបីជាយ៉ាងម៉េចក៏ដោយ ក៏យើងត្រូវទទួលយកសិនដែរ»។
លោកសារ៉ុម ឧត្តម តំណាងសមាគមតន្ត្រីជនពិការកម្ពុជា ក៏ព្រួយបារម្ភអំពីការធ្លាក់ចុះនៃចំណូលនេះដែរ។ លោកនិយាយថា៖
«កាលយើងនៅលេងនៅតាមទីផ្សារ ចំណូលរបស់យើងវា គ្នាយើងវាបួនប្រាំនាក់ អីចឹងណ៎ាបង ដល់ពេលចំណូលយើងវាបាន២០ម៉ឺនជាងទៅ៣០ម៉ឺនដែរ។ អីចឹងក្នុងមួយថ្ងៃ យើងអាចចំណាយទៅលើការដឹករបស់ និងសល់យើងចែកគ្នា។ ប៉ុន្តែដល់ពេលនេះ រដ្ឋាភិបាលលោកបង្រួមអីចឹង ការប្រគំវាមានតែមួយកន្លែងទៀតនៅវត្តភ្នំហ្នឹងបាទ។ ហើយវត្តភ្នំហ្នឹង បងដឹងទេ ក្នុងមួយអាទិត្យហ្នឹង គេឲ្យលេងតែបីថ្ងៃទេ ហើយមានដល់ទៅប្រាំក្រុមឯណោះ អីចឹង ទម្រាំដល់វិលជុំគ្នាហ្នឹង គឺវាជាច្បាស់ជាប្រឈមមុខនឹងការខ្វះខាតថវិកាហ្នឹងជាមិនខានទេបង»។
ក៏ប៉ុន្តែ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលនឹងបន្តរៀបចំទីតាំងថ្មីពីរផ្សេងទៀត សម្រាប់ក្រុមតន្ត្រីជនពិការទាំងនោះ។
«ពីរកន្លែងទៀតហ្នឹង យើងត្រូវគិតគូ។ ឧទាហរណ៍ ដូចជាទីលានប្រជាធិបតេយ្យចាស់ហ្នឹង យើងត្រូវគិតថា តើជ្រុង ចំណែកកន្លែងណាយើងត្រូវធ្វើសួន កន្លែងណាបានយកទុកជាវាលសម្រាប់ទីធ្លា សម្រាប់ឲ្យគាត់អាចធ្វើឆាក ធ្វើអីប្រគំតន្ត្រៃ»។
ទាក់ទិនការធ្លាក់ចំណូលរបស់ក្រុមតន្រ្តីជនពិការ លោកឯម ចាន់មករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច ថ្លែងថា ក្រុមតន្ត្រីជនពិការគួរខិតខំបង្កើនចំណូលពីការលេងឧបករណ៍តន្ត្រី ដែលរដ្ឋាភិបាលបានឧបត្ថម្ភនេះ។ លោកបន្តថា ពួកគេអាចយកឧបករណ៍ទាំងនេះទៅប្រគំក្នុងពិធីផ្សេងៗ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ដើម្បីរកចំណូល ក្រៅពីទីតាំងដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។
«ក្រុមគាត់ហ្នឹងពី២០ទៅ៣០នាក់ហ្នឹង លុយបីម៉ឺនដុល្លារ បើយើងបានហើយ យកទៅដោះស្រាយហើយ យើងមិនចេះ កើតជាលុយ កើតជាកូនទៅទៀតហ្នឹង ខ្ញុំអត់ដឹងថា តើបងប្អូនហ្នឹងគាត់ចង់បានយ៉ាងម៉េចទៀតទេ។ ប៉ុន្តែជាសំណូមពរគឺថា សូមឲ្យពួកគាត់ចូលទៅក្នុងក្រុម ដើម្បីយើងអាចងាយស្រួល»។
នៅពេល VOA សួរថា តើសាលារាជធានីភ្នំពេញមានផែនការបែបណា ដើម្បីដោះស្រាយវិបត្តិ ក្នុងពេលដែលក្រុមតន្ត្រីជនពិការទាំងនោះរំសាយក្រុមរបស់ពួកគេ មកប្រគំនៅតាមផ្លូវសាធារណៈវិញ និងប្រសិនបើពួកគេរកចំណូលមិនបានគ្រប់គ្រាន់នៅទីតាំងថ្មីនោះ លោក មាស ម៉េតភក្តីមានប្រសាសន៍ថា សាលារាជធានីមិនទាន់មានផែនការណាមួយដើម្បីបង្កាវិបតិ្តនេះជាមុននោះឡើយ។
«យើងមិនទាន់គិតគូដល់ហ្នឹងទេ ព្រោះយើងគិតថា ការរៀបចំហ្នឹង ពួកគាត់ទទូលបានសប្បាយចិត្ត ហើយនិងអាចរកចំណូលបាន ហើយដោយឡែក បើសិនថ្ងៃក្រោយមានអីប្រែប្រួលទៀត ចាំយើងគិតគូរពិភាក្សាគ្នាបន្តទៀត»។
ក្នុងកិច្ចខិតខំជំរុញឲ្យជនពិការទៅសម្តែងសិល្បៈតន្រ្តីនៅទីតាំងដែលរដ្ឋាភិបាលបានកំណត់ លោកហ៊ុន សែនបានឧបត្ថម្ភខាងហិរញ្ញវត្ថុដល់ជនពិការទាំងនោះ។ លោកផ្តល់ជូន១លានរៀលសម្រាប់ក្រុមនីមួយៗ។ យ៉ាងណាក៏ដោយ គេនៅតែឃើញក្រុមតន្ត្រីជនពិការដែលមានសមាជិកចំនួនតិចតួច សម្តែងនៅតាមដងផ្លូវសាធារណៈ នៅរាជធានីភ្នំពេញដដែល។ មន្ត្រីរដ្ឋាភិបាលក៏មិនទាន់អាចបញ្ជាក់ថា នឹងមានវិធានការបែបណានោះដែរ ចំពោះក្រុមតន្ត្រីជន ពិការដែលមានចំនួនសមាជិកតិចទាំងនោះ៕