ក្រុមមន្ត្រីសុខាភិបាលបានអះអាងថាកម្ពុជាមិនទាន់ឃើញមានសញ្ញានៃការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សី AH5N1 ដែលបានកើតមាននៅវៀតណាមនោះទេ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នអំពីដំណើរការវិវឌ្ឍនៃមេរោគគ្រុនផ្តាសាយបក្សីនៅកម្ពុជា បន្ទាប់ពីមេរោគ AH5N1បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រាំបីនាក់នៅដើមឆ្នាំ២០១១នេះ។
អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ បានព្រមានមន្ត្រីសុខាភិបាលនៅក្នុងខែសីហាថា ការបម្លែងទៅជារូបភាពថ្មីមួយនៃមេរោគគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅវៀតណាម ហើយអាចឆ្លងចូលមកកម្ពុជា។
អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការរីករាលដាលនៃមេរោគគ្រុនផ្តាសាយបក្សីនៅវៀតណាមបង្កការគំរាមគំហែងដោយផ្ទាល់ដល់កម្ពុជា។ ហើយការបម្លែងទៅជារូបភាពថ្មីនេះមានគ្រោះថ្នាក់ដែលមិនអាចព្យាករណ៍បាន។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសផ្នែកជំងឺឆ្លងពីក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងអង្គការសុខភាពពិភពលោកបានពិនិត្យមើលមេរោគផ្តាសាយបក្សីនៅកម្ពុជា ហើយមិនទាន់ឃើញមានមេរោគនេះបម្លែងទៅជារូបភាពថ្មីដូចនៅវៀតណាមនោះទេ។
«យើងមិនទាន់បានរកឃើញមេរោគគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយបក្សី ដែលថា វាបម្លែងទៅជារូបភាពថ្មីនៅក្នុងប្រទេសវៀតណាមនោះ មាននៅក្នុងប្រទេសយើងនៅឡើយទេ។ ខ្ញុំពុំទាន់រកឃើញថា វាមានមេរោគគ្រុនផ្តាសាយនៅក្នុងបក្សីក៏ដូចជាមនុស្សមិនទាន់រកឃើញថា វាមានបម្លែងទៅជារូបភាពថ្មី នៅក្នុងប្រទេសយើងទេ»។
លោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី (Nima Asgari) អ្នកឯកទេសផ្នែកសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១៥ ខែកញ្ញានេះថា ការគំរាមគំហែងបានកើតមាននៅវៀតណាមហើតម្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងករណីប្រែប្រួលកើតឡើង។
លោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី បានបន្ថែមថា គ្មានការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅកម្ពុជាទេ ហើយការចម្លងមេរោគគ្រុនផ្តាសាយបក្សីពីមនុស្សទៅមនុស្សក៏មិនត្រូវបានគេឃើញមាននៅកន្លែងណាមួយក្នុងពិភពលោកនេះទេ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ និងលោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី បានបញ្ជាក់ថា គ្មានភស្តុតាងណាមួយ
បង្ហាញពីការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សីនៅវៀតណាមឆ្លងចូលមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាល និងកសិកម្មកំពុងតែតាមដានមើលយ៉ាងប្រុងប្រយ័ត្នអំពីមេរោគថ្មីនេះ។
លោកវេជ្ជបណ្ឌិតលី សុវណ្ណ បានកត់សម្គាល់ថា ជំងឺផ្តាសាយ AH5N1 បានរីករាលដាលចេញពីតំបន់ភាគខាងកើតទៅកាន់តំបន់ភាគខាងលិចកម្ពុជាក្នុងឆ្នាំ២០១១នេះ ប៉ុន្តែវាមិនទាន់ឈានចូលដល់ដំណាក់កាលមួយព្រួយបារម្ភខ្លាំងណាស់ណាទេ។
«ក្នុងឆ្នាំនេះ យើងបានរកឃើញករណីជំងឺគ្រុនផ្តាសាយបក្សីច្រើនខុសធម្មតាបើប្រៀបធៀបនឹងឆ្នាំមុនៗ។ ពីខែមករាដល់ខែសីហា យើងមានរហូតដល់ប្រាំបីករណី។ ប្រាំបីនាក់បានស្លាប់ទាំងប្រាំបីនាក់ ហើយក្នុងនោះមានកុមារប្រាំពីរនាក់ ហើយទី២ ជំងឺគ្រុនផ្តាសាយបក្សីជាធម្មតាកើតនៅក្នុងខែមេសា។ ប៉ុន្តែឆ្នាំនេះ វាបានពង្រីកដល់ខែសីហា ហើយទី៣ ពីមុនធ្លាប់តែឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះមាននៅតែតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសវៀតណាម ប៉ុន្តែឆ្នាំនេះ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះបានរីករាលដាលដល់ខេត្តបន្ទាយមានជ័យ។ យើងពង្រឹងការតាមដាន និងរុករកថែមទៀត ដើម្បីឲ្យរកឃើញទាន់ពេលវេលា និងព្យាបាលឲ្យទាន់ពេលវេលា»។
តួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ជំងឺគ្រុនផ្តាសាយបក្សីបានសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួនប្រាំបីនាក់ក្នុងរយៈពេលប្រាំបួនខែនៃដើមឆ្នាំ២០១១នេះ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់នៅកម្ពុជាឡើងដល់១៦នាក់ចាប់ពីឆ្នាំ២០០៣ដល់ខែកញ្ញា ឆ្នាំ២០១១នេះ។ ជំងឺគ្រុនផ្តាសាយបក្សីច្រើនកើតមាននៅតាមតំបន់ជនបទ ជាពិសេសខេត្តតាមព្រំដែនជាមួយវៀតណាម។
ចំពោះមូលហេតុនៃកំណើនអ្នកស្លាប់ដោយជំងឺផ្តាសាយបក្សីនេះ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី បានថ្លែងថា មូលហេតុនៃការកើនឡើងនេះនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេនៅពេលនេះ។ ប៉ុន្តែឥឡូវនេះ ក្រុមវេជ្ជបណ្ឌិតកំពុងតែយកចិត្តទុកដាក់កាន់តែច្រើនឡើងអំពើជំងឺនេះ ហើយកំពុងតែធ្វើពិសោធន៍ចង់ដឹងបន្ថែមទៀត។
ដើម្បីទប់ទល់នឹងការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សី និងកំណើនអ្នកស្លាប់នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងថា រដ្ឋាភិបាលបានផ្តល់ការបណ្តុះបណ្តាលដល់ក្រុមពេទ្យពិនិត្យអ្នកជំងឺផ្ទាល់នៅតាមបណ្តាខេត្តឆ្លើយតបបន្ទាន់ដើម្បីឲ្យពួកគេអាចព្យាបាលអ្នកជំងឺ និងបញ្ចូនអ្នកជំងឺមកកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រុមពេទ្យទាំងនេះក៏អង្កេតមើលករណីនីមួយៗដើម្បីឲ្យប្រាកដថា គ្មានករណីផ្សេងទៀតនៅក្នុងភូមិតែមួយកើតមានជំងឺទេ។
លោក ទេព សំអឿន ប្រធានក្រុមឆ្លើយតបបន្ទាន់ផ្នែកគ្រប់គ្រងជំងឺឆ្លង នៃមន្ទីរពេទ្យខេត្តព្រៃវែង បានថ្លែងថា មន្ត្រីសុខាភិបាលខេត្តជាង១០០នាក់ និងក្រុមឆ្លើយតបបន្ទាន់ថ្នាក់ភូមិជាង១.១៣០នាក់ ត្រូវបានទទួលការបណ្តុះបណ្តាលស្តីពីជំងឺផ្តាសាយបក្សី និងរោគសញ្ញាសំខាន់ៗ ដើម្បីព្យាបាលអ្នកជំងឺឲ្យទាន់ពេលវេលា។
«យើងមានការព្រួយបារម្ភអំពីការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះ ហើយយើងបានធ្វើការណែនាំដល់គ្រប់ស្រុកទាំងអស់ ដើម្បីមានវិធានទប់ស្កាត់រាល់រោគសញ្ញាដែលយើងសង្ស័យថា ជាជំងឺគ្រុនផ្តាសាយបក្សី ដូចជាអ្នកជំងឺមានប៉ះពាល់មាន់ទាឈឺងាប់ និងមានអាការៈក្តៅដង្ហក់។ សំខាន់ឥឡូវនេះ ថ្នាំតាមីប្លូមាននៅគ្រប់ស្រុកទាំងអស់»។
លោក ដន ថា ប្រធានមណ្ឌលសុខភាពឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននិយាយថា លោកព្រួយបារម្ភអំពីការកើតឡើងម្តងទៀតនៃជំងឺគ្រុនផ្តាសាយបក្សី ដែលបានសម្លាប់កុមារីអាយុបួនឆ្នាំម្នាក់ ចុងក្រោយនៅក្នុងខែសីហាកន្លងមកនេះ។ ប៉ុន្តែលោកបានប្រុងប្រៀបរៀបរួចជាស្រេចដើម្បីទប់ទល់នឹងជំងឺគ្រុនផ្តាសាយបក្សីនេះ។
អ្នកស្រី ឡុង ដឿម អាយុ៤៥ឆ្នាំ ជាម្តាយមីងរបស់កុមារីស្លាប់ដោយជំងឺគ្រុនផ្តាសាយបក្សី បានបញ្ជាក់ថា កុមារីម្នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សី បន្ទាប់ពីបានបានបរិភោគមាន់ឈឺងាប់។
«ខ្ញុំឈប់ហ៊ានហូបមាន់ងាប់ខ្លាចឆ្លងជំងឺគ្រុនផ្តាសាយបក្សី និងខ្ញុំព្រួយបារម្ភចំពោះការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះ បើមានមាន់ឈឺទៀត ត្រូវតែការពារ ឈប់យកមកហូប និងមិនហ៊ានប៉ះពាល់វា»។
ក្រុមមន្ត្រីសុខាភិបាល បានថ្លែងថា អង្គការសុខភាពពិភពលោកបានផ្តល់មូលនិធិសម្រាប់ធ្វើពិសោធន៍គ្រប់ករណី និងគាំទ្រក្រសួងសុខាភិបាលឲ្យតាមដានការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី។
អង្គការយូណេស្កូ ក៏បានផ្តល់មូលនិធិសម្រាប់យុទ្ធនាការផ្សព្វផ្សាយស្តីពីជំងឺគ្រុនផ្តាសាយបក្សីដែរ។ ក្រសួងកសិកម្ម ក៏បានចូលរួមក្នុងការធ្វើពិសោធន៍ទៅលើសត្វនេះដែរ៕