ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះបីប៊ីនឡាដិនស្លាប់ក្តី​ មន្ត្រី​ឥណ្ឌា​នៅតែ​បារម្ភ


ពលរដ្ឋឥណ្ឌា​​ដុត​រូបថត​មេដឹកនាំ​អាល់ ខៃដា​ (Al Qaeda) អូសាម៉ា​ ប៊ីន​ ឡាដិន​ (Osama bin Laden) ក្នុង​ពេល​ដែល​ពួកគេ​អបអរ​ដល់​ការស្លាប់​របស់​គាត់​ នៅក្រុង អាមេដាបាដ (Ahmedabad)​ភាគខាងលិចឥណ្ឌា នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១១។
ពលរដ្ឋឥណ្ឌា​​ដុត​រូបថត​មេដឹកនាំ​អាល់ ខៃដា​ (Al Qaeda) អូសាម៉ា​ ប៊ីន​ ឡាដិន​ (Osama bin Laden) ក្នុង​ពេល​ដែល​ពួកគេ​អបអរ​ដល់​ការស្លាប់​របស់​គាត់​ នៅក្រុង អាមេដាបាដ (Ahmedabad)​ភាគខាងលិចឥណ្ឌា នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១១។

នៅ​ប្រទេស​ឥណ្ឌា​ក្រុមមន្រ្តី​ជាន់ខ្ពស់​មាន​ប្រតិកម្ម​ដោយ​បង្ហាញ​ «ការព្រួយ​បារម្ភ​យ៉ាងខ្លាំង»​ទៅ​នឹង​ព័ត៌មាន​ដែល​ថា​ អូសាម៉ា​ ប៊ីន​ឡាដិន​ (Osama Bin Laden)​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​អាមេរិក​នៅ​ប៉ាគីស្ថាន។​ ពួក​អស់លោក​និយាយ​ថា​ ព័ត៌មាន​នោះ​ជា​ការ​បញ្ជាក់​ថា​ ប៉ាគីស្ថាន​បន្ត​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន។​ នាយក​ការិយាល័យ​វីអូអេ​នៅ​ទីក្រុង​ញូឌេលី​ លោក​ Kurt Achin ​រាយការណ៍​ថា​ ក្រុម​មន្រ្តី​ឥណ្ឌា​ជាន់ខ្ពស់​បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​នាំយក​អ្នក​ទាំងអស់​ដែល​បាន​រៀបចំ​ផែនការ​ភេរវ​កម្ម​នៅ​ក្នុង​ទីក្រុង​មិមបៃ​ (Mumbai)​កាលពី​ឆ្នាំ​២០០៨​នោះ​ មក​កាន់​តុលាការ។

រដ្ឋ​មន្រ្តី​ការបរទេស​ឥណ្ឌា​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ព័ត៌មាន​ដែល​ថា​ អូសាម៉ា​ ប៊ិន​ ឡាដិន​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ដោយ​និយាយថា វា​ជា​ «ជ័យជម្នះ​ជា​ប្រវត្តិសាស្រ្ត»​ មួយ​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម។​ ទោះ​យ៉ាងនេះ​ក៏ដោយ​ សេចក្តី​ថ្លែង​ការណ៍​ពី​លោក​អែស អិមគ្រីស្នា​ (S. M. Krishna) ​បាន​និយាយ​ថា​ ពិភព​លោក​ត្រូវ​ដាក់​សម្ពាធ​ដើម្បី​«លុប​បំបាត់ចោល​ទីជម្រក​ និង​កន្លែង​លាក់​ខ្លួន​សុខសាន្ត​ ​ផ្តល់​ឲ្យ​ភេរវជន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ឥណ្ឌា»។

ឥណ្ឌា​មាន​ការ​ព្រួយបារម្ភ​ជាយូរ​មក​ហើយ​អំពី​ការ​គំរាម​កំហែង​របស់​ភេរវជន​ ដែល​មាន​ប្រភព​នៅ​ប៉ាគីស្ថាន​ ហើយ​កង​កម្លាំង​ឥណ្ឌា​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​សងសឹក​ដែល​អាច​កើត​មាន​ឡើង​ ក្រោយ​ពី​ការ​ស្លាប់​របស់​ប៊ីន​ ឡាដិន។

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ឥណ្ឌា​ លោក​ភី ឈីតដាបារាម​ (P. Chidabaram)​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ប៊ីន​ឡាដិន​បាន​លាក់​ខ្លួន​នៅ​ក្នុង​ទីជម្រក​ដ៏ជ្រៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ហើយ​លោក​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ឥណ្ឌា​ដែល​ថា​ ប៉ាគីស្ថាន​ជា​ទីកន្លែង​លាក់​ខ្លួន​សម្រាប់​«ភេរវជន»​នៃ​ក្រុម​ផ្សេងៗ​គ្នា។

លោក​បារ៉ាត ខាណាដ (Bharat Karnad)​ នៃ​មជ្ឈមណ្ឌល​ញូឌេលី​សម្រាប់​ការ​ស្រាវជ្រាវ​គោល​នយោបាយ​ ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​ច្រើន​ឆ្នាំ​ហើយ​លើ​បញ្ហា​គោល​នយោបាយ​សន្តិសុខ​ជាតិ។​ លោក​ថ្លែង​ថា​ គ្មាន​នរណា​ម្នាក់​គួរ​ភ្ញាក់​ផ្អើល​អំពី​ការ​រក​ឃើញ​ប៊ីន​ឡាដិន​នៅ​ចម្ងាយ​តែ​ជិត​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​អ៊ិស្លាម​ម៉ាបាដ​នោះ​ទេ។

«វា​មិនមែន​ជា​ការ​លាត​ត្រដាង​រឿង​ថ្មី​ទេ​ទាំង​ស្រុង​ទេ។​ គ្រប់គ្នា​បាន​ដឹង​រួច​ហើយ​អំពី​រឿង​នេះ។​ ​រដ្ឋធានី​វ៉ាស៊ីនតោន​ ក៏​ដូច​ជាក្រុង​ញូដេលី​ដែរ​គឺបាន​ដឹង​ច្រើន​ដូចគ្នា។​ ពិតណាស់​សំនួរ​នៅ​ត្រង់​ថា​ តើ​ព័ត៌មាន​ច្បាស់​ការណ៍​កម្រិតណា ទើប​ស.រ.អា.​ចាត់​វិធានការ»។

ក្រុម​មន្ត្រី​ស.រ.អា.​បាន​សង្ស័យ​ថា​ ប៊ីន​ឡាដិន​លាក់ខ្លួន​ក្នុង​តំបន់​ព្រៃក្រាស់​តាម​ព្រំដែន​នៃ​ប្រទេស​ប៉ាគីស្ថាន​ និង​អាហ្វហ្គានីស្ថាន។​ លោក​ខាណាដ​ថ្លែង​ថា ​ក្រុម​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ឥណ្ឌា​បាន​ព្យាយាម​យូរមក​ហើយ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យស.រ.អា.​ជឿ​ថា​ ប៊ីន​ឡាដិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ មិនមែន​នៅ​អាហ្វហ្កានីស្ថាន​ទេ។​ ក៏​ប៉ុន្តែ​លោក​បាន​ត្អូញត្អែរ​ថា ​ស.រ.អា.​បាន​ពន្យារ​ពេល​ចាត់​វិធាន​ការ។

ពលរដ្ឋ​ឥណ្ឌា​ជាច្រើន​មើល​ឃើញថា ​ការ​ស្លាប់​របស់​ប៊ីន​ឡាដិន​បញ្ជាក់​ថា​ ការ​មិន​ទុកចិត្ត​ជា​មូលដ្ឋាន​របស់​ឥណ្ឌា​ចំពោះ​ប្រទេស​ប៉ាគីស្ថាន​គឺ​ជា​រឿង​ត្រឹមត្រូវ។​ការ​ព្យាយាម​បង្កើន​កិច្ច​សន្ទនា​ផ្នែក​ការទូត​រវាង​ប្រទេស​ជិតខាង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពីរ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត​ទៅមុខ​ទៀត៕

ប្រែ​សម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG