ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​នឹង​ចុះ​ហត្ថលេខា​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ចិន


លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ចិន​​ Wen Jiabao​ ក្រោយពី​ពិធី​ស្វាគមន៍​នៅ​ឯមហាសាល​ប្រជាជន​ ក្នុង​ទីក្រុងប៉េកាំង​នៅ​ថ្ងៃច័ន្ទ ទី២៣ ធ្នូ ២០១០។
លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ចិន​​ Wen Jiabao​ ក្រោយពី​ពិធី​ស្វាគមន៍​នៅ​ឯមហាសាល​ប្រជាជន​ ក្នុង​ទីក្រុងប៉េកាំង​នៅ​ថ្ងៃច័ន្ទ ទី២៣ ធ្នូ ២០១០។

ភ្នំពេញ៖ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ចាក​ចេញ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​រយៈពេល​៥ថ្ងៃ​ នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​មេដឹកនាំ​ចិន​សំដៅ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​ដែល​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ច្រើន​ពាន់លាន​ដុល្លារ​អាមេរិក ​នៅក្នុង​គម្រោង​ថាមពល​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​កសិកម្ម។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​គ្រោង​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ Hu Jintao ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន ​Wen Jiabao ​និង​លោក ​Wu Bangguo​ ប្រធាន​សភា​ប្រជាជន​ចិន​ ព្រម​ទាំង​ចូល​ក្រាប​បង្គំ​គាល់​សម្តេចឪ ព្រះ​នរោត្តម​ សីហនុ ​និង​សម្តេចម៉ែ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​អម​ដំណើរ​ដោយ​លោក ​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​ លោក​ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ស៊ុយ សែម​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​រ៉ែ និង​ថាមពល​ លោក​ចាន់ សារុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក​លឹម គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ លោក​ត្រាំ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​វត្ត​ព្រះពុទ្ធ​សាសនា​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​អាទិត្យ​ថា​ កិច្ច​ព្រម​ព្រៀង​កម្ចី ​ជំនួយ​ និង​ពាណិជ្ជកម្ម​ចំនួន​ ១៥​ នឹង​អាច​ត្រូវបាន​ចុះហត្ថលេខារួម​ មាន​គម្រោង​ស្ថាបនា​ស្ពាន​ និង​ផ្លូវ ​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ការអភិវឌ្ឍរោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅពេល​នេះ​ សំដៅពង្រឹង​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន ​ហើយ​ចុះ​ហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ដោយ​ប្រទេស​ចិន​នៅ​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​បន្ថែម​ថា ​កិច្ចព្រមព្រៀង​មួយ​ចំនួនទាក់ទង​នឹង​ជំនួយ​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​ចិន ​ដើម្បី​កសាង​ផ្លូវ​ជាតិ​មួយចម្ងាយ​ ៣០០​គីឡូម៉ែត្រ​ ដែល​ចេញ​ពី​ចំណុច​ថ្នល់ទទឹង​នៃផ្លូវ​ជាតិ​លេខ​៤ទៅកាន់​ស្រុក​ជុំគីរី ​ខេត្តកំពត​ និង​ការជីក​ប្រឡាយ។ កិច្ច​ព្រមព្រៀង​ដទៃ​ទៀត​បាន​ផ្តោត​ទៅ​លើ​ការកសាង​ស្ពាន​ជ្រោយចង្វា​ទីពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់​នៅ​ស្រុក​ទឹកខ្មៅ ​ខេត្ត​កណ្តាល​ ព្រមទាំង​ការកសាង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ នៅ​ខេត្ត​ព្រះសីហនុ។

លោក​ ស៊្រី ថាមរុង្គ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ មុន​ពេល​ចេញ​ដំណើរ​ថា ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​ និង​ចិន​មាន​ការរីក​ចម្រើន​កាន់​តែល្អ​ប្រសើរ។

លោក​ ច័ន្ទ សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​ត្រូវ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដូចជា ​ស្ពាន ​ផ្លូវថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ ​និង​វារី​អគ្គិសនី​ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ។

«ប្រទេស​កម្ពុជា​ត្រូវការ​ហេដ្ឋា​រចនាសម្ព័ន្ធ​ចាំបាច់​បំផុត។​ យើង​នៅ​ខ្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ​ ស្ពាន និង​ផ្លូវថ្នល់​ច្រើន​ណាស់។​ ដូច្នេះ ​ខ្ញុំ​មើល​ឃើញ​ថា ​ការសាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងនេះ ​គឺ​ត្រូវ​ចំ​ ចំណុច​គ្រឹះ​ដែល​សេដ្ឋកិច្ច​យើង​ត្រូវការ»។

ក្នុង​រយៈពេល​១១ខែ ​នៃ​ឆ្នាំ២០១០ ​ការនាំចូល​របស់​ប្រទេស​ចិន​មក​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ជាង ៩៤៩​លាន​ដុល្លារ​អាមេរិក​ដែល​បាន​កើនឡើង​ពី​ជាង​៨៨១​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩ ហើយ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​តម្លៃ​ជាង​៤៨លាន​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង​ពីជាង​១៦​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩។

លោក ​Wu Bangguo ​ប្រធាន​សភា​ប្រជាជន​ចិន​បាន​ប្រកាស​កាល​ពី​ខែវិច្ឆិកា​ថា ​ប្រទេស​ចិន​បាន សន្យា​វិនិយោគ​ទឹក​ប្រាក់​១.៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា​ក្នុង រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ៕

XS
SM
MD
LG