នៅថ្ងៃច័ន្ទនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយដ៏ធំលើកទី១នៅរាជធានីភ្នំពេញដោយមានការចូលរួមពីប្រទេសចំនួន២៦ សំដៅពង្រឹងសមត្ថភាពរបស់កងទ័ពពហុជាតិសម្រាប់ គោលដៅថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មន្ត្រីយោធាខ្មែរបានឲ្យដឹងថា ប្រទេសចំនួន២៦ បានចូលរួមនៅក្នុងការហ្វឹកហ្វឺនប្រតិបត្តិការថែរក្សាសន្តិភាពពហុសាសន៍ដែលមានឈ្មោះថា «ឆ្មាំអង្គរ២០១០» ដោយប្រទេសចំនួន១៧ បានចូលរួមនៅក្នុងសកម្មភាពផ្ទាល់ និងប្រទេស៩ទៀតបានចូលរួមជាអ្នកសង្កេតការណ៍។
លោកនាយឧត្តមសេនីយម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងបើកសមយុទ្ធហ្វឹកហ្វឺនទីបញ្ជាការនៃកងកម្លាំងពហុសាសន៍ «ឆ្មាំអង្គរ២០១០» ថា សមយុទ្ធនេះបំណងលើកកម្ពស់សមត្ថភាពរបស់នាយទាហាននៃកងយោពលខេមរភូមិន្ទ និងទាហ៊ានមកពីបណ្តាប្រទេសផ្សេងៗតាមរយៈ ដំណើរការសមយុទ្ធប្រតិបត្តិការសន្តិភាពពហុសាសន៍ ក្នុងគោលបំណងបម្រើប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃលំហាត់ហ្វឹកហ្វឺនកងកម្លាំងពហុសាសន៍នេះ មិនត្រឹមតែផ្តល់ឱកាសដ៏ល្អប្រសើរដល់កងយោធពលខេមរភូមិន្ទ និងកម្លាំងពហុសាសន៏ធ្វើការហ្វឹកហ្វឺនរួមគ្នាក្នុងតំបន់បំពេញបេសកកម្មមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអនុញ្ញាតឱ្យយើងទាំងអស់គ្នាបញ្ចោញនូវសមត្ថភាពសម្របសម្រួល និងការសហការគ្នារបស់យើងដែលបានមកពីទស្សនៈផ្សេងៗគ្នារបស់នាយទាហាននៃប្រទេស ដែលបានចូលរួមទៀតផង ដើម្បីឱ្យយើងរួមសហប្រតិបត្តិ ការជាមួយក្រុមបំពេញការងាររួមគ្នាមួយ បើតម្រូវឱ្យមានការថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមតំបន់ និងសកលលោក»។
សមយុទ្ធយោធានេះ បានចែកចេញជាពីរផ្នែកគឺសមយុទ្ធទីបញ្ជាការដែលមានទីតាំងនៅ សណ្ឋាគារភ្នំពេញ និងសមយុទ្ធនៅលើទីលានដែលនឹងត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី១៧ខែកក្កដានេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅទីតាំងបន្ទាយកងរថក្រោះក្នុងខេត្តកំពង់ស្ពឺ ចម្ងាយជាង៣០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
លោកឧត្តមសេនីយឯកណឹម សុវត្ថិ ប្រធានអនុគណៈកម្មាធិការនៃលំហាត់ហ្វឹកហ្វឺនទីបញ្ជាការបានថ្លែងថា នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃកងទ័ពកម្ពុជាដែលកំពុងធ្វើជាម្ចាស់សមយុទ្ធនេះ ស្របតាមច្បាប់របស់អង្គការសហប្រជាជាតិទាំងស្រុង។
កងទ័ពចូលរួមជិត១.០០០នាក់ មកពីប្រទេសចំនួន២៦ ដូចជា សហរដ្ឋអាមេរិក ចិន ឥណ្ឌា អាឡឺម៉ង់ បារាំង អូស្ត្រាលី ថៃ ម៉ាឡេស៊ី ហ្វីលីពិន ប្រុយណេ និងតុងហ្គោ បានចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែ កក្កដា នេះ។