ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្ពស់នៅក្នុងឆ្នាំ២០១០ បើប្រៀបធៀបនឹងឆ្នាំ២០០៩ ក៏ប៉ុន្តែបានទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១១មានកំណើនតិចជាងឆ្នាំ២០១១។ អ្នកសេដ្ឋកិច្ចកម្ពុជាមិនបានយល់ស្របនឹងការព្យាករណ៍នេះទេ។ អង្គការសង្គមស៊ីវិលបានស្វាគមន៍កំណើនសេដ្ឋកិច្ចនេះ ប៉ុន្តែព្រួយបារម្ភខ្លាចក្រែងកំណើននេះមិនបានទៅដល់ជនក្រីក្រនៅតាមជនបទ។
ធនាគារពិភពលោកបាននិយាយនៅថ្ងៃច័ន្ទនេះថា កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្ពស់ប្រមាណ៣ភាគរយនៅក្នុងឆ្នាំ២០១៩ ដល់៦,៧ភាគរយនៅក្នុងឆ្នាំ២០១០ ដោយសារកំណើនផ្នែកកសិកម្ម កំណើនការនាំចេញសម្លៀកបំពាក់ ភ្ញៀវទេសចរកើនឡើង និងការបង្កើនភាពចម្រុះនៃផលិតកម្ម។
ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កំណើនផ្នែកកសិកម្មបានកើនឡើង ៥,៣ភាគរយនៅក្នុងឆ្នាំ២០១០ ដោយការប្រមូលផលបានល្អ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ការនាំចេញផ្នែកសម្លៀកបំពាក់បានកើនឡើង២៤ភាគរយ នៅក្នុងឆ្នាំ២០១០ បន្ទាប់ពីធ្លាក់ចុះ២០ភាគរយក្នុងអំឡុងវិបត្តិឆ្នាំ២០០៩ និងការនាំចេញស្បែកជើងក៏ បានកើនឡើង៦០ភាគរយផងដែរក្នុងអំឡុងពេលដូចគ្នានេះ។ ឧស្សាហកម្មទាំងពីរនេះបានបង្កើត ការងារថ្មីចំនួន៥៥.៣០០នៅក្នុងឆ្នាំ២០១០ ដែលការងារភាគច្រើនបានបាត់បង់នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា វិស័យទេសចរណ៍ក៏បានងើបឡើងវិញខ្លាំងផងដែរ ជាមួយនឹងកំណើនភ្ញៀវទេសចរ១៦ភាគរយ (ស្មើនឹង២.៥លាននាក់ ) និងចំណូលពីវិស័យទេសចរណ៍បានកើនឡើង១៤ភាគរយ (ស្មើនឹង១,៨ពាន់លានដុល្លារ)។
សេចក្តីថ្លែងការណ៍នេះបានបន្តថា កំណើនដែលបានងើបឡើងច្រើនជាងការរំពឹងទុកនេះគឺបណ្តាលមកពីកំណើនដ៏រឹងមាំនៅអាស៊ី ដែលជាប្រភពនាំមកនូវភ្ញៀវទេសចរ៧២ភាគរយ ការធា្លក់ចុះនៃប្រាក់ដុល្លារដែលបណ្តាឲ្យមានផលចំណេញនៃប្រភពប្រកួតប្រជែង និងការលម្អរចនាសម្ព័ន្ធ ដូចជាទស្សនវិស័យនៃច្បាប់ប្រភពដើម ដែលកាន់តែមានការអនុគ្រោះសម្រាប់ការនាំចេញសម្លៀកបំពាក់ទៅកាន់សហភាពអឺរ៉ុប និងការកែលម្អជាបណ្តើរៗលើទំនាក់ទំនងនៃឧស្សាហកម្ម។
ធនាគារពិភពលោកបាននិយាយថា ប្រទេសកម្ពុជាបានផ្តួចផ្តើមឲ្យមានការបង្កើនភាពចម្រុះខ្លះនៃ ផលិតកម្មរបស់ខ្លួន និងមូលដ្ឋាននៃការនាំចេញ ជាមួយនិងបរិមាណអង្កនាំចេញស្ទើរត្រីគុណនៅក្នុង ឆ្នាំ២០១០។ ជាពិសេសការបង្កើនភាពចម្រុះនេះត្រូវបានគាំទ្រដោយការងើបឡើងវិញលើវិនិយោគទុនបរទេសដែលមានកំណើន១៦ភាគរយនៃទុនវិនិយោគដែលបានចុះបញ្ជី។
ធនាគារពិភពលោកបានកត់សម្គាល់ឃើញថា ប្រភពកំណើនជាប្រពៃណីដទៃទៀត ដូចជាផ្នែក សំណង់ និងអចនទ្រព្យបានងើបឡើងវិញបន្តិចម្តងៗ ដែលមានកំណើន១០ភាគរយក្នុងសំណើសុំសាងសង់ទាំងអស់ដែលបានអនុម័តនៅក្នុងឆ្នាំ២០១០។
ធនាគារពិភពលោកបានទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែល្អប្រសើរនៅក្នុងឆ្នាំ២០១១ ក្នុងកម្រិត៦,៥ភាគរយ ហើយការនាំចេញរបស់កម្ពុជាត្រូវបានរំពឹងថា នឹងនៅតែល្អប្រសើរដោយផ្នែក ដែលជាលទ្ធផលនៃច្បាប់ប្រភពដើមដែលមានលក្ខណៈអនុគ្រោះរបស់សហភាពអឺរ៉ុបស្តីអំពីពន្ធអនុគ្រោះសម្រាប់ការនាំចេញរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កំណើននៃការនាំចេញជារួមអាចត្រូវបានកំហិតដោយទ្រង់ទ្រាយ នៃការងើបឡើងវិញជាសកល ហើយការប្រើប្រាស់នឹងកើនឡើង នៅពេលដែលការងើបឡើងវិញចាប់ផ្តើម ខណៈដែលការវិនិយោគនឹងទទួលអត្ថប្រយោជន៍ពីការងើបឡើងវិញជាបន្តលើវិនិយោគផ្ទាល់ពីបរទេស និងឥណទានសម្រាប់វិស័យឯកជន។
បទរាយការណ៍របស់វីអូអ៖ ច្រករបៀងសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍និងក្តីកង្វល់
លោកជា ហួត អ្នកសេដ្ឋកិច្ចប្រចាំធនាគារពិភពលោកនៅកម្ពុជា បានថ្លែងថា កំណើនសេដ្ឋកិច្ចនៅ ក្នុងឆ្នាំ២០១១នេះនឹងមិនទទួលរងគ្រោះពីមហន្តរាយធម្មជាតិនៅប្រទេសជប៉ុន និងការបះបោរនៅ មជ្ឈឹមបូព៌ាប្រទេសនោះទេ។
លោកកង ច័ន្ទតារារ័ត្ន នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាដើម្បីសិក្សានិងការអភិវឌ្ឍ បានថ្លែងយ៉ាង ដូច្នេះថា «ឆ្នាំ២០១១មានកំណើនសេដ្ឋកិច្ចតិចជាងឆ្នាំ២០១០។ ខ្ញុំហាក់ដូចជាមិនយល់អញ្ចឹងទេ។ ខ្ញុំ ឃើញថា ឆ្នាំ២០១១មានភាពប្រសើរជាងឆ្នាំ២០១០ទៅទៀត ហើយនឹងអាចរក្សាកំណើនបានក្នុង រង្វង់ពី៦ទៅ៧ភាគរយ ដោយផ្អែកទៅលើកត្តាក្នុងស្រុកជាច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពាណិជ្ជកម្មក្រៅប្រទេសរបស់យើងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប បូកផ្សំជាមួយវិស័យទេសចរណ៍ជាដើម។
លោកឈិត សំអាត នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាលកម្ពុជា បានថ្លែងថា យើង សម្បាយរីករាយនឹងកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងឆ្នាំ២០១០។ ប៉ុន្តែអង្គការសង្គមស៊ីវិលនៅតែមាន ការព្រួយបារម្ភខ្លាចក្រែងកំណើនសេដ្ឋកិច្ចនេះមិនបានចែករំលែកទូលំទូលាយដល់អ្នកក្រីក្រនៅតាម តំបន់ជនបទ។
«អង្គការសង្គមស៊ីវិលចង់ឱ្យកំណើនសេដ្ឋកិច្ចនេះបានទៅដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ»។
លោក Vikram Nehru អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត បាន ថ្លែងតាមរយៈការធ្វើសន្និសីទកាសែតតាមវីដេអូពីប្រទេសសឹង្ហបូរីថា បើប្រទេសកម្ពុជាមានកម្មវិធី និងគោលនយោបាយសម្រាប់បន្តគាំទ្រកំណើន និងគាំទ្រវិស័យឯកជនលើសកម្មភាពវិនិយោគនានា «ខ្ញុំនឹងធានាថា សេដ្ឋកិច្ចកម្ពុជានឹងបង្កើតភាពចម្រុះនៃផលិតកម្ម។ វាមានកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាជាការកើតឡើងប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងកាលពីសប្តាហ៍មុនថា «ប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះអនាគតនៃកំណើនសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានព្យាករណ៍ថា កើនឡើងពីចន្លោះ៦ទៅ៧ភាគរយជាមធ្យមក្នុងមួយឆ្នាំ។ យើងរំពឹងថា កម្ពុជានឹងទាញចំណេញពីលំហូរវិនិយោគនិងសាច់ប្រាក់ក្នុងពិភពលោក»៕