ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី Biden បាន​ឆ្លង​កូវីដ១៩ និង​មាន​អាការៈ​ស្រាល


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ចុះ​​​ពី​យន្តហោះ Air Force One នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force Base ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ចុះ​​​ពី​យន្តហោះ Air Force One នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force Base ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២។

សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ដែល​ព័ត៌មាននេះ ​បាន​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​សុខភាព​របស់​មេដឹកនាំ​អាមេរិក​អាយុ​៧៩​ឆ្នាំ​រូប​នេះ និង​បង្ហាញ​ថា​ជំងឺ​កូវីដ១៩​នៅ​តែ​បន្ត​ជា​ការ​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក។

កាសែត​ New York Times បាន​ដកស្រង់​សម្តី​អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Karine Jean-Pierre ពីសេចក្តី​ថ្លែង​ការណ៍​មួយ​ថា លោក​ប្រធានាធិបតី​ Biden «បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ១៩។ លោក​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស និង​បាន​ចាក់​ដូស​ជំរុញ​ពីរ​ដង និង​កំពុង​មាន​អាការៈ​ជំងឺ​យ៉ាង​ស្រាល»។

សេតវិមាន​បាន​បន្ថែម​ថា លោក Biden កំពុង​ទទួល​ថ្នាំ Paxlovid ហើយ​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឬស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​សេតវិមាន ប៉ុន្តែ​លោក​នឹង​បន្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ទាំង​អស់តាម​អនឡាញ។

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា លោក Biden បាន​ចាក់​វ៉ាក់សាំង​ Pfizer និង​ថា ​ថ្នាំ Paxlovid ដែល​ផលិត​ដោយ Pfizer នៅ​ពេល​គេ​ប្រើ​ថ្នាំ​នេះ​នៅ​ក្នុង​អំឡុង​៥​ថ្ងៃ​ដំបូង​ដែល​ចេញ​រោគសញ្ញា​កូវីដ ថ្នាំ​នេះ​នឹង​អាច​មាន​ប្រសិទ្ធភាព​រហូត​ដល់​៩០%​ក្នុង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ឬ​ការ​ស្លាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​ដែលមាន​អាការៈ​ធ្ងន់ធ្ងរ។

AP បាន​ដក​ស្រង់​សម្តី​មន្ត្រី​សេតវិមាន​ថា លោក Biden នឹង​ត្រូវ​ស្ថិត​នៅ​ដាច់​ពី​គេ​រហូត​ដល់​លោក​ធ្វើ​តេស្ត​លែង​ឃើញវិជ្ជមាន​កូវីដ។ ដើម​ឡើយ​លោក Biden គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ Pennsylvania នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ថ្លែង​អំពី​ផែនការ​របស់​លោក​ក្នុង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម និង​មាន​គម្រោង​ចូលរួម​ពិធី​រៃអង្គាស​ប្រាក់​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ មុន​នឹង​លោក​ចំណាយ​ពេល​ចុង​សប្តាហ៍​នៅ​រដ្ឋ Delaware។ នៅ​ពេល​នេះ​គម្រោង​ទាំង​នេះ​ត្រូវ​លុប​ចោល។

​ដោយ​ឡែក​លោកស្រី Jill Biden ភរិយា​លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទី​ក្រុង Detroit រដ្ឋ Michigan ថា លោកស្រី​បាន​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​កូវីដ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

លោក Biden មិន​មែន​ជា​មេដឹកនាំ​អាមេរិក​ដំបូងដែល​បាន​បាន​ឆ្លង​កូវីដ​ទេ។ អតីត​ប្រធានាធិបតី​ Donald Trump បាន​ឆ្លង​វីរុស​នេះ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ នៅ​ពេល​ពិភពលោក​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​នៅ​ឡើយ។ ហើយ​ក្នុង​អាណត្តិ​លោក Biden ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​អាមរិក​ជា​ច្រើន​បាន​ឆ្លង​ជំងឺ​នេះ​ដែរ រួម​មាន​អនុប្រធានាធិបតី​របស់​លោក​គឺ​លោកស្រី Kamala Harris កាល​ពី​ខែ​មេសា ព្រម​ទាំងក្រុម​មន្ត្រី​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក មន្ត្រី​សេតវិមាន ហើយ​ថែម​ទាំង​ប្រធាន​រដ្ឋសភា លោកស្រី Nancy Pelosi ផង​ដែរ។ នេះ​បើ​តាម​ទី​ភា្នក់ងារ AP និង​ ​Reuters។

ក្រោយ​ការ​រាតត្បាត​ជាង​ពីរ​ឆ្នាំ​មក​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​១​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​មក វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​សម្លាប់​មនុស្ស​ជា​មធ្យមប្រមាណ​៣៥៣​នាក់​ក្នុង១ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាមតួលេខ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ CDC របស់​សហរដ្ឋ​អាមេរិក។ ទីភ្នាក់ងារ​សុខភាព​សាធារណៈ​នេះបញ្ជាក់​ទៀត​ថា អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មាន​ហានិភ័យ​ពី​ការ​ស្លាប់​ពី​កូវីដ១៩ ដល់ទៅ​៩​ដង​ច្រើន​ជាង​អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង​រួច៕

XS
SM
MD
LG