ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ទាក់ទង​នឹង​ជម្លោះ​ដី​ធ្លី​នៅ​បឹងកក់​លោត​ទឹក​សម្លាប់​ខ្លួន


អ្នក​ភូមិ​បឹងកក់​ជាង​៤០០០​គ្រួសារ​ទទួល​រង​ការ​បណ្ដេញ​ចេញ តែអ្នក​ដែល​នៅ​ប្រឹងប្រែង​តស៊ូ​តវ៉ា​ជិត​១០០០​គ្រួសារ​បាន​ទទួល​ការ​សម្រេច​ប្រគល់​ចំណែក​ដី​ពី​រដ្ឋាភិបាល​ទំហំ​ជាង​១២​ហិចតា ​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ធនាគារ​ពិភព​លោក។
អ្នក​ភូមិ​បឹងកក់​ជាង​៤០០០​គ្រួសារ​ទទួល​រង​ការ​បណ្ដេញ​ចេញ តែអ្នក​ដែល​នៅ​ប្រឹងប្រែង​តស៊ូ​តវ៉ា​ជិត​១០០០​គ្រួសារ​បាន​ទទួល​ការ​សម្រេច​ប្រគល់​ចំណែក​ដី​ពី​រដ្ឋាភិបាល​ទំហំ​ជាង​១២​ហិចតា ​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ធនាគារ​ពិភព​លោក។

អ្នកស្រី​ជា ​តារា ​ស្រ្តី​វ័យ​៣៣​ឆ្នាំ​ ដែល​ជោគជាំ​ក្នុង​ជម្លោះ​ដី​ធ្លី​ក្នុង​សហគមន៍​បឹងកក់​ បាន​សម្រេច​ចិត្ត​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វា​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២២​ ខែ​វិច្ឆិកា។​ ប៉ុន្ដែ​មូល​ហេតុ​នៃ​ការ​លោត​ទឹក​សម្លាប់​ខ្លួន​នេះស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់​ជា​ខ្លាំង។

ជា ​តារា​គឺ​ជា​អ្នក​តវ៉ា​ក្នុង​ទំនាស់​ដី​បឹង​កក់​យ៉ាង​ស្វិត​ស្វាញ​ម្នាក់​អស់​រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​នៅ​ទី​បំផុត ​គាត់​មិន​ទទួល​បាន​ចំណែក​ដី​ណា​មួយ​ក្រោយ​ពី​ការ​បណ្ដេញ​ចេញ​នោះ​ទេ។​ ការ​ស្លាប់​របស់​គាត់​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ទី​នេះ​កើន​ដល់​ចំនួន​ពីរ​នាក់​ហើយ​ ខណៈ​ដែល​ទំនាស់​ដី​មិន​ទាន់​ដោះស្រាយ​បាន​ជ្រះ​ស្រឡះ​នោះ។

លោក​ឌឿង ​ភូ ​អាយុ​៥៣​ឆ្នាំ​ ជា​ប្ដី​របស់​ស្ដី្រ​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ រឿង​ហេតុ​បាន​កើត​ឡើង​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​ទៅ​លេង​ផ្ទះ​បង​ប្អូន​ក្នុង​សង្កាត់​ទួល​សង្កែ​ ខ័ណ្ឌ​ដូន​ពេញ​ ដែលនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​គាត់​ក្នុង​សហគមន៍​បឹងកក់។​ នៅ​ពេល​ដែលពួក​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ភរិយា​របស់​គាត់​បាន​ត្រឡប់​ចេញ​ទៅ​ក្រៅ​ផ្ទះ​វិញ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ។ ​ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ប្រពន្ធ​របស់​គាត់​បាន​ទូរសព្ទ័​មក​ថា​ គាត់​នឹង​លោត​ទឹក​សម្លាប់​ខ្លួន។​ នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយ​និង​ពិបាក​ជឿ​សម្រាប់​រូប​លោក។

«ពេល​គាត់​រៀប​លោត​នោះ​ គាត់​ថា​ «ពិបាក​ មិន​ចូល​ផ្ទះ»​ ទីពីរ​គាត់​ថា «ចេះ​តែ​ទៅ​សាលាក្រុង ​ចេះ​តែ​តវ៉ា​រឿង​ដី​ធ្លី​នេះ​ ត​វ៉ាមិន​ទាន់​បាន​ តវ៉ា​អត់​បាន​ទេ»។ ​ ខ្ញុំ​ថា​ «អូន​ឯង​កុំ​ទៅ​រវល់​ រឿង​តវ៉ាមិន ​តវ៉ា​នោះ។ ​ឥឡូវ​អូន​ឯង​ចុះ​មក​សិន​មក»។ ​និយាយ​ប៉ុណ្ណោះ​គាត់​ឈប់​តែ​ម្តង។​ ខ្ញុំ​ក៏​មិន​ជឿ​ថា​ ប្រពន្ធ​ខ្ញុំ​ទៅ​លោត​ទឹក​ណា​អញ្ចឹង។ ​បើ​ដឹង​ថា​ មាន​ឈ្លោះ​គ្នា​ មាន​អី​អញ្ចឹង​ ខ្ញុំ​ហៅ​អ្នក​ជិត​ខាង​ទៅ​ជួយ​ហើយ។​ មុន​ប៉ុន្មាន​ថ្ងៃ​ គាត់​ចេះ​តែ​ថា​ «តូច​ចិត្ត​ណាស់ៗ ​មិន​ចង់​ចូល​ផ្ទះ»។​ ខ្ញុំ​ចេះ​តែ​សួរ​ថា​ «មូលហេតុអ្វី?»​ ​ហើយ​ប្រពន្ធ​ខ្ញុំ​មិន​ប្រាប់​ទេ។​ គាត់ថា «មូលមិន​ចង់​ចូល​ផ្ទះ​ ចូល​មក​ស្មុគស្មាញ​ណាស់​ អត់​ចង់​ចូល​ ចង់​តែ​ស្លាប់»។ ​វា​មិន​ដឹង​មូល​ហេតុ​ដូចម្តេច​បាន​ជា​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន»។

លោក​ភូ​គឺជា​កម្មករ​សំណង់។ ​គាត់​និង​ប្រពន្ធ​របស់​គាត់​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​១៣​ឆ្នាំ​ហើយ។ ​ប្រពន្ធ​របស់​គាត់​បាន​បន្សល់​ទុក​កូន​ពីរ​នាក់ ​គឺ​ប្រុស​មួយ​អាយុ​ប្រាំមួយ​ឆ្នាំ​ ស្រី​មួយ​អាយុ​ប្រាំ​បួន​ឆ្នាំ។

សព​របស់​អ្នកស្រី​ជា ​តារា ​ទើប​តែ​បាន​រក​ឃើញ​ នៅ​ម្តុំ​វត្តកោះ​ប្រាក់​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​នេះ។

កាល​ពី​ឆ្នាំ​២០០៧​ រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ដី​ទំហំ​ជាង​១៣៣​ហិចតា​ស្ថិត​ក្រោម​ការ​វិនិយោគ​សម្រាប់​រយៈពេល​៩៩​ឆ្នាំ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡាវ ​ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​អ្នក​ភូមិ​បឹងកក់​ជាង​៤០០០​គ្រួសារ​ទទួល​រង​ការ​បណ្ដេញ​ចេញ។ ​ប៉ុន្ដែ​អ្នក​ដែល​នៅ​ប្រឹងប្រែង​តស៊ូ​តវ៉ា​ជិត​១០០០​គ្រួសារ​បាន​ទទួល​ការ​សម្រេច​ប្រគល់​ចំណែក​ដី​ពី​រដ្ឋាភិបាល​ទំហំ​ជាង​១២​ហិចតា ​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ធនាគារ​ពិភព​លោក។

ប៉ុន្ដែ​គ្រួសារ​របស់​លោក​ភូ ​និង​ប្រពន្ធ​របស់​គាត់​និង​ប្រជាពលរដ្ឋ​ចំនួន​៩៧​គ្រួសារ ​មិន​ទទួល​បាន​សំណង​នេះ​ទេ។ ​បើ​ទោះ​ជា​ប្រពន្ធ​របស់​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​ អ្នក​តវ៉ា​ចុង​ក្រោយ​គេ​ក៏​ដោយ។ ​មូលហេតុ​ដោយសារ​ផ្ទះ​របស់​ពួក​គាត់​ពុំ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បែងចែក​ចំណែក​ដី។

នៅ​ពេល​ដែល​VOA ​សំឡេង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​សម្ភាស៍​ជាមួយ​លោក ​ឌឿង​ ភូ​ អ្នក​ជិត​ខាង​ម្នាក់​បាន​ដើរ​ចូល​ទៅ​ផ្ទះ​បាយ​របស់​ជា ​តារា ​ដើម្បី​សុំ​ខ្ចី​ស្ករ​ ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​គ្រាប់​ស្លែង​ ដែល​នៅ​ទាំង​មូល​ប្រមាណ​ជា​២០​គ្រាប់​ និង​មាន​គ្រាប់ស្លែង​ជាង​១០​គ្រាប់​ទៀត​បាន​កាត់​ជា​បំណែក​តូចៗ​ រួច​ជា​ស្រេច​ហើយ។ ​នៅ​ពេល​នោះ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​បាន​ដឹង​អំពី​រឿង​នេះ​នោះ​ទេ។​ យ៉ាងណាក៏ដោយ​ លោក​ ឌឿង​ ភូ​នៅ​តែ​មិន​អាច​សន្មត់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រពន្ធ​គាត់​នោះ​ទេ។

អ្នកស្រី​ខែក ​ចាន់រស្មី ​ជា​អ្នក​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ភូមិ​២១​នេះ។ គាត់​បាន​ឱ្យ​ដឹង​ថា​ ជា ​តារា​គឺ​ជា​ស្រ្តី​ម្នាក់​បាន​ធ្វើ​ការតស៊ូ​តវ៉ា​យ៉ាង​ស្វិត​ស្វាញ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ អស់​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ​រហូត​ដល់​គាត់​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំឃាំង​អស់រយៈ​ពេល​មួយ​យប់​ទៀត​ផង។

អ្នកស្រី​បាន​ឱ្យ​ដឹង​បន្ត​ថា ​ជន​រងគ្រោះ​តែង​តែ​ត្អូញត្អែរ​ជា​ញឹក​ញាប់​ថា ​គាត់​ពិបាក​ចិត្ត​ថា ​ថ្ងៃ​ណា​មួយ​គាត់ប្រាកដ​ជា​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​នេះ។

អ្នកស្រី​ទេព​ វណ្ណី ​តំណាង​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ភូមិ​២២​ម្នាក់​ទៀត ​បាន​ឱ្យដឹង​ថា​ នៅ​អំឡុង​ពេល​តវ៉ា​នោះ​ ពួក​គាត់​មាន​ការ​ពិបាក​ចិត្ត​ជា​ខ្លាំង​រហូត​នៅ​ពេល​ខ្លះ​ មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ម្តងៗ​ដែរ។

ជាមួយ​គ្នា​នេះ​អ្នកស្រី​ជា ​ថាវី​ត្រូវ​ជា​បងស្រី​បង្កើត​របស់​ជា ​តារា ​ដែល​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា។ គាត់បាន​ឱ្យ​ដឹង​ថា​ ប្តី​ប្រពន្ធ​របស់​ប្អូន​ស្រី​គាត់​ស្រឡាញ់​គ្នា​ណាស់ ​ហើយ​មិន​ងាយ​មាន​ទំនាស់​ជាមួយ​គ្នា​នោះ​ទេ។ ​ហើយ​ថ្ងៃ​កើត​ហេតុ​ក៏​មិន​ឃើញ​មាន​ទំនាស់​អ្វី​នោះដែរ។

«ក្នុង​ក្រុម​គ្រួសារ​មិន​ដែរ​ឃើញ​មាន​ឈ្លោះ​គ្នា​បញ្ហា​អ្វី​ធំ​ដុំ​ទេ​ មាន​បញ្ហា​ជាង​គេ​គឺ​វា​ តវ៉ា​ តអី​រឿង​ដី​ធ្លី​នេះ​ណា។ ​គេ​បាន​គ្រប់​គ្នា​វា​អត់។ ​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​រឿង​នេះ។ ​វា​ដើរ​សួរ​គេ​រហូត​ប៉ុន្មាន​ថ្ងៃ​នេះ។​ ចេះ​តែ​ឆ្ងល់​ ហេតុអ្វី​គេ​កាត់​ចេញ​អញ្ចឹង? ​ម្តេច​បាន​គេ​អត់​ឱ្យ​ប្លង់​កម្មសិទ្ធិ? ដល់​អញ្ចឹង​វា​ចេះ​តែ​តវ៉ា ឡើង​សួរ​ឯគេ​លិច​ ឯ​កើតៗ។​ អញ្ចឹង​មក​វិញ​វា​ចេះ​តែ​អង្គុយ​មុខ​ជូរ​ មុខ​អី​អញ្ចឹង។ ប៉ុន្តែ​វា​មិន​ដែរពិបាក​ចិត្ត​យូរ​ទេ ​ដល់​ម្តង​នេះ​ វា​មាន​បញ្ហា​អី​ញ្ចឹង»។

ក៏ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​មន្ដ្រី​ប៉ូលិស​យាម​ស្ពាន​ជ្រោយ​ចង្វា​ម្នាក់​ បាន​អះអាង​ផ្ទុយ​ពីនេះ​ទៅ​វិញ។ ​មន្ដ្រី​ប៉ូលិស​ដដែល​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ ម៉ោង​ប្រហែល​ជា​ជិត​៩​យប់​ គាត់​បាន​ឃើញ​ស្រី្ត​រងគ្រោះ​ដើរ​ឡើង​ស្ពាន​បណ្តើរ​យំ​បណ្តើរ​ដោយ​ប្តី​របស់គាត់​ជិះ​ម៉ូតូ​តិចៗ​ពី​ក្រោយ។

«ឃើញ​គាត់​ដើរ​មក​ពី​លិច​ពីរ​នាក់​ប្តី​ប្រពន្ធ។​ ហើយ​មក​ដល់​នេះ​គាត់​ជជែក​គ្នា​តិចតូច​ ហើយ​ប្តី​ក៏​យក​ទូរស័ព្ទ​ឱ្យ​ប្រពន្ធ​និយាយ។​ និយាយ​ហើយ ​ប្រពន្ធ​ក៏​បោះ​ទូរស័ព្ទ​ឱ្យ​ប្តី ​ហើយ​ប្រពន្ធ​ក៏​លោត​ទៅ។​ ហើយ​ក៏​ប្តី​ស្រែក​ឱ្យ​ខាង​កម្លាំង​ខ្ញុំ​ពីរ​នាក់​ នៅ​អង្គុយ​យាម​នៅ​ទីនេះ​ទៅ​ជួយ ​ជួយ​អត់​ទាន់​ ទាន់​អី​បើ​គាត់​លោត​យូរ​ជើង​ស្តោក​ហើយ​មាឌ​គាត់​ធំ។ ខ្ញុំ​ជួយ​ម្តេច​រូច​ ពីព្រោះ​ ខ្ញុំ​ដើរ​ពីនេះ​ទៅ​ណោះ​ វា​ឆ្ងាយ​ដែរ​ ដី​ពី​នេះ​ ទៅ​ជាង​១០​ម៉ែត្រ​ ហើយ​មិនមែន​ស្រឡះអញ្ចឹង​ណា​ឡាន​ឡើង​ស្ទះ​កក ​ទៅ​មកៗ"។

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​ដ៏​សោកសៅ​នេះ។

លោក​សៀ ​ភារម្យ​ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ​នៅ​តែ​មាន​ជំនឿ​ថា​ ការ​សម្រេច​ចិត្ត​លោត​ទឹក​បែប​នេះ​ បញ្ហា​ចម្បង​គឺ​ការ​ទទួលបរាជ័យ​នៅ​ក្នុង​ការតវ៉ា​ទំនាស់​ដីធ្លី​របស់​គាត់​ ដែល​ជា​វិបត្តិ​ផ្លូវ​ចិត្ត​មួយ​ដ៏​ធ្ងន់ធ្ងរ។

«បើ​តាម​អ្វី​ដែល​យើង​ឃ្លាំង​មើល​ យើង​គិត​ថា​ ចេញ​ពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ ពីព្រោះ​អា​នេះ​ វា​ធ្វើ​ឱ្យ​មនុស្ស​យើង​ស្មុគស្មាញ​គំនិត​គឺ​ថា​ បាក់​ទឹក​ចិត្ត ​រស់​នៅ​ដោយ​អស់​សង្ឈឹម។ វា​ជា​ចលករ​មួយ​ដែល​ធ្វើ​ឱ្យ​គាត់​គិត​ច្រើន។​ ហើយ​កាលណា​បើ​គាត់​មាន​ប៉ះរឿង​អ្វី​ណា​មួយ​ទៀត ​វា​ធ្វើ​ឱ្យ​ការ​មួរម៉ៅ​ ការ​ដែល​ធុញ​ថប់​ក្នុង​ជីវិត​របស់​គាត់នេះ​ ​វា​កាន់​តែ​ពុះកញ្ច្រោល​ខ្លាំង​ឡើង​ថែមទៀត។ ​អញ្ចឹង​មូលហេតុ​ដំបូង​ ​ចំបង​គឺ​ចេញ​ពី​បញ្ហា​ដីធ្លី»។

ស្រប​គ្នា​នេះ​ដែរ ​លោក​ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ បាន​ឱ្យ​ដឹងដែរ​ថា ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​បង្ហាញ​ថា ​ការ​ស្លាប់​របស់​អ្នកស្រី​ជា ​តារា​បណ្តាល​មក​ពី​បញ្ហា​ទំនាស់​ដី​ធ្លី។

«វា​មាន​ហេតុផល​ច្រើន​យ៉ាង​ជាមួយ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​គាត់​អាច​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ បាន​ដោយសារ​ចំណុច​សំខាន់​នៅ​ក្នុង​ទំនាស់​ ដែល​កើត​មាន​នៅ​ក្នុង​ភូមិ​ឃុំ​របស់​គាត់​ ជាពិសេស​គ្រួសារ​គាត់​ផ្ទាល់។ ​គាត់​ទទួល​រង​សម្ពាធ​នោះ​វា​ធ្ងន់ធ្ងរ​ពេក។ ​ការ​បាត់បង់​តាំង​ពី​ការ​រកស៊ី ​បាត់បង់​តាំង​ពី​កូន​រៀន​សូត្រ​ បាត់បង់​តាំង​ពី​ចំណូល​ប្រចាំ​ថ្ងៃ ​អញ្ចឹង​គ្រួសារ​មួយ​គឺ​អាច​មាន​បញ្ហា​កើត​ឡើង។ ​ហើយ​បើ​សិន​ជា​គ្រួសារ​នោះ​ គាត់​មិន​បាន​គិតគូរ​ឱ្យ​បាន​ស៊ីជម្រៅ​ និង​មិនមាន​ភាព​អត់ធន់​ទេ​ គាត់​អាច​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​មែន»។

លោក​ឆាយ ​ធីរិទ្ធ​ ចៅ​សង្កាត់​ស្រះចក​ បាន​បញ្ជាក់​ថា​ មុនពេល​លោត​ទឹក​សម្លាប់​ខ្លូន ​ជា​ តារា​បាន​ផឹក​ស្រវឹង​ជា​ខ្លាំង​នៅ​ផ្ទះ​បង​ប្អូន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​វង្វេង​វង្វាន់​រហូត​ដល់​ថ្នាក់​ទៅ​លោត​ទឹក​បែប​នេះ។

«គាត់​ឈ្លោះ​ប្តី​ប្រពន្ធ​គាត់។ ​គាត់​ស្រវឹង​ស្រា ​គាត់​ទៅ​បង់​កេ​ (ជប់លឿង) ​ផ្ទះ​ប្អូនគាត់។ ​គាត់​ហូប​ស្រា​ច្រើន​ពេក។​ គាត់​វង្វេងវង្វាន់​អស់​ហើយ ​ហើយ​ដល់​នេះ​ទៅ​បាត់​បង់​ស្មារតី»។

ក្នុង​សប្តាហ៍​នេះ​ អង្គការ​Amnesty International ​បាន​បញ្ចាំង​ខែ្សវីដេអូ​មួយ​បង្ហាញ ​ពី​ផលវិបាក​មួយ​ចំនួន​ ដែល​ស្រ្តី​ភាគច្រើន​នៅ​តំបន់​បឹងកក់​បាន​ជាប់​រវល់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​តវ៉ា​រក​ដំណោះស្រាយ​ក្នុង​ទំនាស់​ដីធ្លី​នៅ​តំបន់​របស់​ពួក​គាត់។

ស្រ្តី​ទាំង​នោះ​បាន​ទទួល​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​ ដូច​ជា​ធ្វើ​ឱ្យ​ស្រ្តី​ទាំង​នោះ​ បាត់បង់​ឱកាស​មើល​ថែកូន ​បាត់បង់​ការ​រក​ចំណូល​ បាត់បង់​ការងារ​ និង​ប៉ះពាល់​ជា​ខ្លាំង​ដល់​សុខភាព​ផ្លូវ​ចិត្ត​ជា​ដើម។

គួរ​បញ្ជាក់​ដែរ​ថា​ កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១១​នេះ​ មាន​បុរស​ម្នាក់​រស់​នៅ​តំបន់​បឹងកក់​នេះ​ ក៏​បាន​លោត​ទឹក​ចូល​ទៅ​ក្នុង​បឹងកក់​សម្លាប់​ខ្លួន​ដែរ ​ដោយ​ត្រូវ​បាន​គេ​សនិ្នដ្ឋាន​ថា​ បណ្តាល​មក​ពី​គាត់​ឈឺ​ចាប់​ក្នុង​ការ​ទទួល​រង​ភាព​អយុតិ្តធម៌​ក្នុង​ដំណោះ​ស្រាយ​ជំល្លោះ​ដី​ធ្លី​នេះ៕

XS
SM
MD
LG