សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារលោកស្រី Barbara Bush បានឱ្យដឹងថា លោកស្រី បានស្លាប់កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដោយមានសមាជិកក្រុមគ្រួសារនៅក្បែរ។
លោកស្រី Barbara Bush គឺជាភរិយារបស់ប្រធានាធិបតីទី៤១របស់សហរដ្ឋអាមេរិកគឺ George H. Bush នឹងត្រូវជាម្តាយរបស់ប្រធានាធិបតីទី៤៣ របស់សហរដ្ឋអាមេរិកគឺ George W. Bush។
អតីតប្រធានាធិបតីលោក George W. Bush បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «អ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៩២ឆ្នាំ ហើយថាលោកស្រី Barbara Bush គឺជាស្ត្រីទី១ដ៏អស្ចារ្យ និងជាស្ត្រីម្នាក់ដែលនាំមកនូវការស្រលាញ់ដល់មនុស្សរាប់លាននាក់»។
ក្រុមគ្រួសារលោក Bush មិនបានផ្តល់សេចក្តីពិស្តារច្រើនទេអំពីសុខភាពរបស់លោកស្រី Barbara Bush ប៉ុន្តែ ពួកគេនិយាយថា អតីតស្រ្តីទី១រូបនេះ បានធ្លាក់ខ្លួនឈឺអស់ជាច្រើនឆ្នាំមកហើយ ដោយសារបញ្ហាបេះដូង និងជម្ងឺសួតរាំរៃ។
អ្នកស្រី Barbara Bush បានបដិសេធ មិនទទួលការព្យាបាលខាងវេជ្ជសាស្ត្របន្ថែមទៀតទេ នៅពេលដែលស្ថានភាពសុខភាពរបស់អ្នកស្រី បានធ្លាក់ដុនដាបកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕