តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះបានបញ្ចប់សវនាការរបស់ខ្លួននៅក្នុងសំណុំរឿងពុករលួយមួយពាក់ព័ន្ឋនឹងអតីតមន្ត្រីប៉ូលីសចំនួនប្រាំនាក់បន្ទាប់ពីបានបើកសវនាការសួរដេញដោលអស់រយៈពេលពីរថ្ងៃ។
មន្ត្រីប៉ូលីសទាំងប្រាំរូបត្រូវបានចោទប្រកាន់ពីបទទទួលសំណូកតាមមាត្រាទី៣៨នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ហើយប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុសពួកគេអាចនឹងអាចជាប់ព័ន្ឋនាគារពីបីទៅប្រាំពីរឆ្នាំ។
ជនជាប់ចោទដែលជាអតីតមន្រ្តីប៉ូលីសទាំងប្រាំរូបរួមមានលោកឧត្តមសេនីយត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្ត លោក ឈៀន សុន អតីតស្នងការរងប៉ូលីស លោក ហែន សុផល អតីតនាយការិយាល័យនគរបាលកម្រិតស្រាល លោក ខៀវ សារ៉ានាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន និងលោកម៉ម ឌឿន អតីតមន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ។
បន្ទាប់ពីបានបើកសវនាការជំនុំជម្រះអស់រយៈពេលចំនួនពីរថ្ងៃលោក អ៊ឹម វណ្ណៈ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថា តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ខែវិច្ឆកាខាងមុននេះ។ លោកបានមានប្រសាន៍ថាសំណុំរឿងនេះមានជនជាប់ចោទច្រើនពេកដូច្នេះតុលាការមិនអាចប្រកាសសាលក្រមភ្លាមៗបានទេ។
«ដូចគ្នាទេ អត់មានខុសគ្នាទេ គ្រាន់តែអង្គហេតុនីមួយៗ យើងយកមកពិនិត្យភស្តុតាងមានជនជាប់ចោទខុសៗគ្នាយើងឲ្យសាក្សីមកបំភ្លឺក្នុងអង្គហេតុនីមួយៗគឺពាក់ព័ន្ឋក្នុងករណីហ្នឹងដូចគ្នាហ្នឹង»។
សវនាការនៅថ្ងៃអង្គារនេះបានសួរដេញដោលពាក់ព័ន្ឋនឹងសំណុំរឿងពុករលួយដែលនាំឲ្យមានការសូកប៉ាន់និងដោះលែងជនសង្ស័យព្រមទាំងកែសំណុំរឿងគ្រឿងញៀនមួយចំនួនស្រដៀងគ្នានឹងការសាកសួរកាលពីថ្ងៃច័ន្ទដែរ។
លោកហ៊ុន ហ៊ាន បាននិយាយប្រាប់ក្នុងអង្គសវនាការថា លោកធ្លាប់បានដោះលែងជនសង្ស័យដែលជាប់ពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀនម្នាក់ឈ្មោះ លឹម ផាន ជាថ្នូរនឹងទឹកប្រាក់ចំនួន១៧.០០០ដុល្លារអាមេរិក។ ក៏ប៉ុន្តែលោកទទួលបានតែ៤.០០០ដុល្លាតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១០ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់ក្នុងការឆ្មក់ចូលបង្ក្រាបគ្រឿងញៀននៅស្ថានីយប្រេងឥទ្ទនៈមួយក្នុងខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែក្រោយមកបានដោះលែងជនសង្ស័យបីនាក់ជាថ្នូរនឹងទឹកប្រាក់ចំនួន២០.០០០ដុល្លារហើយលោកទទួលបានតែ៤.០០០ដុល្លារ។
ចំណែកលោក ឈៀន សុនអតីតស្នងការរងប៉ូលីសបានប្រាប់តុលាការថាលោកធ្លាប់បានទទួលប្រាក់សំណូកពីលោកលឹម ម៉ាប់ មន្រ្តីប៉ូលីសក្រោមឧិវាទរបស់លោកនូវទឹកប្រាក់ចំនួន១.៥០០ដុល្លារជាថ្នូរនឹងការដោះលែងជនជាតិចិនមួយរូបបន្ទាប់ពីចាប់ខ្លួនបាននៅប៉ោយប៉ែត្រ។ចំនែកសំណុំរឿងពុករលួយផ្សេងៗទៀតលោកមិនមានជាប់ពាក់ព័ន្ឋទេ។
លោកលឹម ម៉ាប់ អតិតមន្ត្រីប៉ូលីសប្រឆាំងគ្រឿងញៀនបាននិយាយប្រាប់តុលាការថា លោកពិតជាបានផ្តល់លុយឲ្យលោកហ៊ុន ហ៊ាន និងលោក ឈៀន សុន ពិតប្រាកដមែន។ លោកបានបញ្ជាក់ថាការទទួលសំណូកនេះដើម្បីកែបទចោទប្រកាន់ និងដោះលែងជនសង្ស័យមួយចំនួនដែលជាប់ពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀន។
លោក ភុន ឈីន អ្នកឃ្លាំមើលសិទ្ឋិមនុស្សរបស់អង្កការលីកាដូបាននិយាយថាសវនាការរយៈពេលពីរថ្ងៃនេះ តុលាការបានអនុវត្តទៅតាមនិត្តិវិធីត្រឹមត្រូវរួមទាំងការសាកសួរ និងការផ្តល់ឱកាសដល់មេធាវីការពារជនជាប់ចោទ៕