ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​គ្រោង​បញ្ឈប់​ការងារ​បុគ្គលិក​១០០០​នាក់


Gelia ជា​អ្នកបំរើ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​កូឡា ​ឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។
Gelia ជា​អ្នកបំរើ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​កូឡា ​ឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។

ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​គ្រោង​នឹង​បញ្ឈប់​បុគ្គលិក​ប្រមាណ​១០០០​នាក់​នៅ​ដំណាច់​ខែតុលានេះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​បញ្ជូន​ចេញ​ពលការិនី​មេផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ជា​បណ្តោះ​អាសន្ន​ ដោយសារ​តែ​មាន​រឿង​អាស្រូវ។

លោក​អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​បាន​ថ្លែង​ថា​ សមាជិក​នៃ​សមាគម​បាន​យល់ព្រម​បញ្ឈប់​ការ​បញ្ជូន​ពលករ​ស្ត្រី​មេផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​និង​បញ្ជូន​ពលករ​ស្ត្រី​មេផ្ទះ​ជាង​៤០០០០​នាក់​សម្រាប់​ត្រៀម​ទៅ​ប្រទេស​ម៉ាឡេស៊ី ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

លោក​អាន ​ប៊ុនហាក់​បាន​បន្ថែម​ថា​ សមាជិក​នៃ​សមាគម​បាន​បិទ​ក្រុមហ៊ុន​ និង​បិទ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ​ព្រមទាំង​បញ្ឈប់​បុគ្គលិក​ក្រុមហ៊ុន​ជា​បណ្តោះ​អាសន្ន។

«បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​តាម​ក្រុមហ៊ុន​ប្រហែល​១០០០​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នៅ​ចុង​ខែ​នេះ។ ​ធម្មតា ​យើង​បិទ​ក្រុមហ៊ុន​ និង​បិទ​មជ្ឈមណ្ឌល។​ ​ដូច្នេះ សូម្បីបុគ្គលិក​ ក៏​យើង​មិន​អាច​ទុក​បាន​ដែរ​ ពីព្រោះ​វា​ជា​ចំណាយ​មួយ​ដែល​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ។ ​ដូច្នេះ ​ចំនួន​បុគ្គលិក​ដែល​យើង​ត្រូវ​បញ្ឈប់​ពី​ការងារ​គឺ​ប្រហែល​ជា​១០០០​នាក់»។

លោក​អាន​ ប៊ុនហាក់​បាន​បញ្ជាក់​ថា​ ជា​ទូទៅ​នៅ​លើ​វិស័យ​នេះ ​ប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​ចូល​បម្រើការ​ដំបូង​ទទួល​បាន​១៥០​ដុល្លារ​អាមេរិក ​ អ្នក​គ្រប់គ្រង​ថ្នាក់​កណ្តាល​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ និង​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ប្រមាណ​១០០០​ដុល្លារ​អាមេរិក។

លោក​ចាន់​ សាក់​បុគ្គលិក​ទំនាក់​ទំនង​ជាមួយ​ម្តាយ​ឪពុក​របស់​ពលករ​នៅ​ក្រុមហ៊ុន ​UNG RITHY GROUP CO., Ltd ​ដែល​ជា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ ​បាន​និយាយ​ថា​ លោក​បាន​ទទួល​ប្រាក់​ខែ​១៥០​ដុល្លារ​អាមេរិក​ ហើយ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការងារ​នេះ​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​លោក។

«ពេល​បុគ្គលិក​អត់​ការងារ​ធ្វើ ​វា​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ ​ព្រោះ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​អញ្ចឹង។​ ពេល​គេ​ផ្អាក​អញ្ចឹង​ បុគ្គលិក​ក៏​ត្រូវ​ឈប់​តាម​ហ្នឹង​ដែរ​ ព្រោះ​អត់​មាន​ការ​បញ្ជូន​ពលករ​ចេញ។ ​បុគ្គលិក​អត់​ការងារ​ និង​អត់​ប្រាក់​ខែ»។

លោក​លី ​ហុក ​ប្រធាន​ក្រុមហ៊ុន ​Philimore Cambodia Co., Ltd ​ដែល​ជា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ បាន​ថ្លែង​ថា ​លោក​ត្រូវ​បញ្ឈប់​បុគ្គលិក​ជាង​៥០​នាក់​ ដែល​មាន​ប្រាក់ខែ​ចាប់​ពី​៩០​ដុល្លារ​អាមេរិក​រហូត​ដល់​៣៥០​ដុល្លារ​អាមេរិក ​និង​បាន​បញ្ជូន​ពលការិនី​មេផ្ទះ​ចំនួន​១៥០​នាក់​សម្រាប់​ទៅ​ប្រទេស​ម៉ាឡេស៊ី ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

«រដ្ឋាភិបាល​បាន​ផ្អាក​ការ​នាំ​ចេញ​ពលករ​ស្ត្រី​មេផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី។ ​តើ​យើង​មាន​ចំណូល​ឯណា​ទៅ​ជួល​បុគ្គលិក​ ហើយ​បើ​បិទ​ យើង​ជួល​បុគ្គលិក​មក​ធ្វើ​អ្វី?​ យើង​ត្រូវ​តែ​ផ្អាក​ការងារ​ពួក​គាត់​ហើយ ​ហើយ​មជ្ឈ​មណ្ឌល​(​បណ្តុះ​បណ្តាល​ពលករ)​ក៏​ត្រូវ​បាន​បិទ​ដែរ។​ វា​ប៉ះពាល់​មិន​ត្រឹម​តែ​ជីវភាព​គាត់​ទេ ​សូម្បី​តែ​ក្រុមហ៊ុន​ខ្ញុំ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ក្ស័យធន​ដែរ»។

លោក​អាន ​ប៊ុនហាក់​បាន​បញ្ជាក់​ថា ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ពិត​ជា​បាន​ជួប​ប្រទះ​នូវ​ការ​បាត់បង់​មែន​ចំពោះ​បញ្ហា​នេះ​ ប៉ុន្តែ​វា​ជា​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដែល​ទីភ្នាក់ងារ​ទាំង​អស់​ត្រូវ​តែ​គោរព។

លោកហូ ​វុទ្ធី ​នាយករង​នៃ​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ ​បាន​ថ្លែង​ថា​ក្រសួង​ការងារ​មិន​ដែល​បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទាំង​នោះ​បិទ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ​និង​បញ្ឈប់​បុគ្គលិក​ទេ។

«​យើង​មិន​ដែល​ឱ្យ​គេ​បិទ​មជ្ឈមណ្ឌល ​និង​មិន​ឱ្យ​គេ​បញ្ឈប់​បុគ្គលិក​ទេ។ ​យើង​មិន​ដែល​និយាយ​ទេ។ ​យើង​គ្រាន់​តែ​និយាយ​ថា​ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​មក​ឱ្យ​ផ្អាក​រើស​ ផ្អាក​បណ្តុះបណ្តាល ​និង​ផ្អាក​បញ្ជូន​ស្ត្រី​ជា​ជំនួយ​ការ​មេផ្ទះ​»។

លោក​អាន ​ប៊ុនហាក់​បាន​បញ្ជាក់​ថា​ ការ​បិទ​មណ្ឌល​បណ្តុះបណ្តាល ​និង​ការ​បញ្ឈប់​បុគ្គលិក​នេះ​មិនមែន​ជា​គោល​ការណ៍​របស់​ក្រសួង​ការងារ​ទេ ​ប៉ុន្តែ​វា​ជា​គោល​ការណ៍​របស់​សមាគម។

លោក​ចាន់​ សាវ៉េត ​ប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ ការ​បញ្ឈប់​បុគ្គលិក​របស់​ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG