ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​នៅ​កម្ពុជា​ត្រូវ​បង្កើន​ទុន​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១០


ភ្នំពេញ៖ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​រំឭក​ឲ្យ​ធនាគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បង្កើន​ដើម​ទុន​ជា​បន្ថែម​ទៀតរហូត​ដល់​ដំណាច់​ឆ្នាំ​២០១០​នេះ។​ បទ​បញ្ជា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​ជា​ជំហាន​មួយ​ដើម្បី​ពង្រឹង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យ​បាន​រឹងមាំ​ថែម​ទៀត។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​កំហិត​ឲ្យ​ធនាគារ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បង្ហាញ​យុទ្ធ​សាស្ដ្រ​ស្ដីពី​ការ​បង្កើន​ដើម​ទុន​របស់​ខ្លួន​ យ៉ាង​យូរបំផុត​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ខាង​មុខ​ ស្រប​ពេល​ដែល​ឱសាន​វាទ​នៃ​ការ​បង្កើន​ដើម​ទុន​អប្បបរមា​សម្រាប់​ធនាគារ​និមួយៗ​ នឹង​មក​ដល់​នៅ​ដំណាច់​ឆ្នាំ​២០១០​នេះ​ដែរ។

កាល​ពី​ឆ្នាំ ​២០០៨​ ​ធនាគារ​ជាតិ​បាន​បញ្ជា​ឲ្យ​ធនាគារ​ទាំង​អស់ ​ដែល​មាន​ចំនួន​សរុប​៣០​ធនាគារ​ត្រូវ​បង្កើន​ដើម​ទុនអប្ប​បរមា​របស់​ខ្លួន​ពី​ជាង​១២​លាន​ដុល្លារ​អាមេរិក ​រហូត​ដល់​ជាង​៣៦​ លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំ​នេះ។​ ហើយ​នៅ​ក្នុងខណៈ​នេះ​ពុំ​ទាន់​មាន​ធនាគារ​ណា​មួយ​ បង្ហាញ​ពី​គោល​ការណ៍​នៃ​ការ​បន្ថែម​ទុន​នោះ​នៅ​ឡើយ។

នៅ​ក្នុង​សារាចរ​ណែនាំ​ស្តីពី​ការ​កំណត់​ចំណាត់​ថ្នាក់​វិនិយោគ​ ចុះ​ថ្ងៃ​ទី​៧​ ខែកក្កដា​ ផ្ញើ​ជូន​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​នានា​ដែល ​VOA ​សម្លេង​សហ​រដ្ឋ​អាមេរិក​ ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​នោះ​ ​ធនាគារជាតិ​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុទាំង​អស់​បង្កើន​ទុន​របស់ខ្លួន​ ​និង​បង្ហាញ​អំពី​យុទ្ធ​សាស្រ្ដ​សម្រាប់​ការ​វិនិយោគ​រយៈ​ពេល​វែង​លើក​លែង​តែធនាគារ​ណា​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ថា​ ​ជា​ធនាគារ​ដែល​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​យ៉ាង​ហោច​ណាស់​ពី​ភ្នាក់ងារ​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​អន្តរ​ជាតិ​ចំនួន​បី​សម្រាប់​ វាយ​តម្លៃ​ស្ដីពី​គុណ​ភាព​ការ​វិនិយោគ ​គឺ​ Moody’s ​Asia ​Pacific​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុងកុង,​ Standard​ & ​Poor’s​ Corporation​ នៅ​សហ​រដ្ឋ​អាមេរិក​ និង​ភ្នាក់ងារ​ចំណាត់​ថ្នាក់ ​Fitch​ ដែល​មានមូល​ដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​និង​ចក្រភព​អង់គ្លេស។

មួយ​វិញ​ទៀត​ ​ធនាគារ​ដែល​មាន​ដើម​ទុន​ច្រើន​ស្រាប់​នឹង​មិន​តម្រូវ​ឲ្យ​បន្ថែម​ដើម​ទុន​នោះ​ទេ​ ដូច​ជា​ធនាគារ​ធំ​ជាង​គេ​ទាំង​បួន​ ដែល​គ្រប់​គ្រង​ទី​ផ្សារ​ជាង​៩០​ភាគ​រយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺធនាគារ​ ANZ ​Royal​ របស់​អូស្ត្រាលី​ ​ធនាគារ​កម្ពុជា​សាធារណៈ​របស់​ម៉ាឡេស៊ី ​និង​ធនាគារ​ក្នុង​ស្រុក​ កាណាឌីយ៉ា ​និង​អេស៊ីលីដា​ជា​ដើម។​ ចំណែក​ធនាគារ​ដែល​មាន​ដើម​ទុន​តិច​តួច​ ដូច​ជា​ធនាគារ​ដែល​ប្រតិ​បត្តិការ​ដោយ​វិនិយោគ​គិន​កូរ៉េ​ ​ជប៉ុន ​ឥណ្ឌា​ កាហ្សាក់ស្ថាន​ និង​វិនិយោគ​គិនក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​បង្កើន​ដើម​ទុន។

លោក​ស្រី​តាល់ ណៃអ៊ីម ​អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ប្រាប់ ​VOA​ សម្លេង​សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃសុក្រ​ថា​ ​វិធាន​ការ​ដែល​កំហិត​ឲ្យ​ធនាគារ​នៅ​ក្នុង​ប្រទេស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ និង​ការ​រៀបចំ​យុទ្ធ​សាស្រ្ដ​វិនិយោគ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់នេះ​ គឺ​ជា​វិធាន​ការ​មួយ​ ដើម្បី​ធានា​បាន​នូវ​ភាព​រឹងមាំ​ក្នុង​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា។

«ឥឡូវ​យើង​កំពុង​តែ​ឲ្យ​គេ​ធ្វើ​ផែន​ការ​ ​ហើយ​យើង​កំពុង​តែ​តាម​ដាន​ ដើម្បី​ឲ្យ​យើង​ដឹង​ថា ​ធនាគារ​ណា​គេ​មាន​ផែន​ការ​យ៉ាង​ម៉េច​ខ្លះ​ក្នុង​ការ​បង់​ដើម​ទុន​ ព្រោះ​ការ​តម្លើង​ហ្នឹង​ដើម្បី​ឲ្យ​ធនាគារ​មាន​មូលដ្ឋាន​ដើម​ទុន​រឹងមាំ​ ​បើ​សិន​ជា​ធនាគារ​ណា​គេ​គ្មាន​លទ្ធ​ភាព​បង់​ ​គេ​អាច​នឹង​បញ្ចូល​គ្នា​ ឬ​ក៏​អាច​ Take​ Over​ ដោយ​ធនាគារ​ណាធំ​ផ្សេង»។

លោក​ស្រី ​តាល់ ណៃអ៊ីម​ មាន​ប្រសាសន៍​បន្ថែម​ថា​ មាន​ធនាគារ​មួយ​ចំនួន​កំពុង​បង្កើន​ដើមទុន​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ​ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ធនាគារ​ណា​មួយ​ បង្ហាញ​សញ្ញា​ច្របាច់​បញ្ចូល​គ្នា​ ឬ​ក៏​ប្រកាស​ក្ស័យ​ធន​នៅ​ឡើយ​ទេ។

ធនាគារ​ប៊ូយ៉ុង​ខ្មែរ​របស់​កូរ៉េ​ខាងត្បូង​ បាន​ដាក់​ទុន​វិនិយោគ​ចំនួន​១៨​លាន​ដុល្លារ​ ​កាល​ពី​២០០៨​ ប៉ុន្តែ​ធនាគារ​នេះ​មាន សកម្ម​ភាពអាជីវ​កម្ម​តិច​តួច​បំផុត។​ យ៉ាង​ណា​ក៏​ដោយ​ ​លោក​ Cho ​Chae​ Wan​ ប្រធាន​នាយក​ប្រតិ​បត្តិ​នៃ​ធនាគារ​នេះ ​បាន​និយាយ​ថា​ ​នៅ​ពេល​នេះ​ធនាគារ​របស់​លោក​កំពុង​ធ្វើ​ពង្រាង​លើ​ផែន​ការ​យុទ្ធ​សាស្ត្រ​ស្តីពី​គម្រោង​ធ្វើ​អាជីវ​កម្ម​រយៈ​ពេល​វែង​ដើម្បី​ផ្ញើ​ឲ្យ​ធនាគារ​ជាតិ។​ ហើយ​ជា​មួយ​គ្នា​នេះ ​ ភាគ​ទុនិករបស់​លោក​ដែល​ជា​ក្រុម​ហ៊ុន​សំណង់​ ប៊ូយ៉ុង​ បាន​សម្រេច​ជា​ផ្លូវការ​ថា បង្កើន​ដើម​ទុន​រហូត​ដល់​ជាង​៣៦​លាន​ដុល្លារ។

«ធនាគារ​របស់​យើង​នឹង​បង្កើន​ដើម​ទុន​គ្រប់​ចំនួន។​ បន្ទាប់​ពី​យើង​តម្កល់មូល​ធន​រួច​ហើយ​ ​យើង​ត្រូវ​តែ​បង្កើន​សកម្ម​ភាព​របស់​យើង។​ ពេលនេះ​ ​យើង​កំពុង​រៀបចំ​ផែន​ការ​ផ្តល់​កម្ចី​សម្រាប់​លំនៅ​ដ្ឋាន។​ ហើយ​មួយ​ជំហាន​ម្តង​ ​យើង​នឹង​បង្កើន​សេវា​កម្ម​ផ្សេង​ទៀត។ ​ខ្ញុំ​គិត​ថា ​ វា​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ ពីព្រោះ​យើង​ជឿ​ថា​ ​ទីផ្សារទៅ​ថ្ងៃ​អនាគត​គឺ​ល្អ។​ ដូច្នេះ​ គោល​បំណង​របស់​យើង​គឺ​យើង​នឹង​អាច​ក្លាយ​ជា​ធនាគារ​ធំមួយ ​ក្នុង​រយៈ​ពេល៥​ឆ្នាំ​ទៅ​មុខ»។

ដូច​គ្នា​ដែរ​ ​មន្ត្រី​ផ្លូវ​ការ​របស់​ធនាគារ​ ម៉ារ៉ូហាន់​ ជប៉ុន​ ដែល​ដំណើរ​ការ​ដោយ​មាន​ដើម​ទុន​ ២៥​លាន​ដុល្លារ ​បាន​ឲ្យ​ដឹង​ថា​ ​ធនាគារ​ជប៉ុន​មួយ​នេះ​ក៏​បាន​សម្រេច​បង្កើន​ដើម​ទុន​តាម​ការ​កំណត់​របស់​ធនាគារ​ជាតិ​ដែរ។

ដោយ​ឡែក​លោក ​Yun ​Chang ​Ho​ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ​ដែល​ជា​ធនាគារ​មួយ​ទៀត​របស់​កូរ៉េ​ខាង​ត្បូង​ បាន​និយាយ​ថា ​ធនាគារ​របស់​លោក​ក៏​ត្រៀម​ខ្លួន​សម្រាប់​ការ​តម្លើង​ដើម​ទុន​ពី​១៦​លាន​ដុល្លារ​ទៅ​ជាង​៣៦​លាន​ដុល្លារ​ដែរ។

ក៏​ប៉ុន្តែ​មន្ត្រី​នៃ​ធនាគារ​មួយ​ចំនួន​ទៀត​ ដែល​ VOA​ បាន​ទាក់​ទង​ ហាក់​ដូចជា​នៅ​ស្ទាក់​ស្ទើរ​នៅ​ឡើយ។ ​ពួក​គេ​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ​ការ​បង្កើន​ដើម​ទុន​មិន​មែន​ជា​បញ្ហា​ចោទ​សម្រាប់​ពួក​គេ​នោះ​ទេ ​ ប៉ុន្តែ​កត្តា​ទី​ផ្សារ​របស់​កម្ពុជា​គឺ​ជា​ក្តី​កង្វល់​ដ៏​ចម្បងមួយ​ ​ពោល​គឺ​ ពួក​គេ​ប្រហែល​ជាពិបាក​នឹង​រក​ទីផ្សារ​បញ្ចេញ​ប្រាក់​កម្ចី ​នៅ​ពេល​ដែល​ពួក​គេ​មាន​សាច់​ប្រាក់​ក្នុង​ដៃ​កាន់​តែ​ច្រើន​ផង​ ហើយ​ទីផ្សារ​ធនាគារ​ក៏​កាន់​តែ​ប្រកួត​ប្រជែង​គ្នា​ផង។

តំណាង​ធនាគារ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទំាង​នោះ​ព្រួយ​បារម្ភ​ថា​ ​ពួក​គេ​មិន​ប្រាកដ​ថា​ ​អាច​ឈរ​ជើង​រឹងមាំ​នា​ពេល​អនាគត​នោះ​ទេ​ ​នៅ​ពេល​ដែល​មាន​តម្រូវ​ការ​បង្កើន​ដើម​ទុន​បន្ថែម​នេះ។

កម្ពុជា ​គឺ​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​សេដ្ឋ​កិច្ច​តូច​ចង្អៀត​នៅ​ឡើយ​ ហើយ​ប្រព័ន្ធ​ធនាគារ​ក៏​នៅ​ទន់​ជ្រាយ។

កាល​ពី​ឆ្នាំ ​២០០០​ ​មាន​ធនាគារ​ចំនួន​២៣​បាន​បិទ​ទ្វារ ​បន្ទាប់​ពី​ធនាគារ​ជាតិ​តម្រូវ​ឲ្យ​គ្រឹះ​ស្ថាន​ធនាគារ​បង្កើន​ដើម​ទុន​វិនិយោគ​ ពី​៥​លាន​មក​ជាង​១២​លាន​ដុល្លារ។

លោក ​Stephen​ Higgins ​ប្រធាន​នាយក​ប្រតិ​បត្តិ​នៃ​ធនាគារ​ ANZ​ Royal​ បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិច​ថា​ ​ប្រទេស​កម្ពុជា​គួរ​តែ​មាន​ធនាគារ​តិច​ជាង​១០​ប៉ុណ្ណោះ។​ ប៉ុន្តែ​ ធនាគារ​របស់​លោក​គ្មាន​គម្រោង​ទិញ​យក​ធនាគារ​ណា​ទេ។

លោក​ អ៊ិន ​ចាន់នី ​ប្រធាន​នាយក​ប្រតិ​បត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ បាន​បន្ថែម​ថា​ ​ការ​ទិញ​ធនាគារ​បែប​នេះ​ប្រៀប​ដូច​ជា​នាំ​បញ្ហា​ដាក់​ខ្លួន​យ៉ាង​ដូច្នេះ​ដែរ​ ​ត្បិត​ពួក​គេ​ជា​ធនាគារ​ដែល​ទន់​ខ្សោយ។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​សំ ​ឃង្ទី ​សាស្ត្រា​ចារ្យ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ និង​ជា​សមាជិក​នៃ​គណៈ​កម្មាការ​មូល​ប័ត្រ​កម្ពុជាមាន​ប្រសាសន៍​ថា​ ​ការ​ប្រកាស​ក្ស័យ​ធន​ ឬ​ក៏​ការ​ច្របាច់​បញ្ចូល​គ្នា​របស់​ធនាគារ​ដែល​គ្មាន​លទ្ធ​ភាព​បង្កើន​ដើម​ទុន​ មិន​មែន​ជា​សញ្ញា​អាក្រក់​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​ វា​នឹង​បង្កើន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ ​ស្រប​ពេល​ដែល​កម្ពុជា​គ្មាន​មូល​និធិ​ធានា​រ៉ាប់រ៉ង​ លើ​ការ​បាត់​បង់​របស់​អតិថិ​ជន។

«នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​យើង​អត់​មាន​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ប្រាក់​សន្និច្ច័យ​របស់​ប្រជា​ពលរដ្ឋ​ ដូចជា​ប្រទេស​ដទៃ​ទៀត​ ​ខ្ញុំ​លើក​យក​សហ​រដ្ឋ​អាមេរិក​ ដែល​គេ​មាន​ការ​ធានា​រ៉ាប់រង​ទៅ​លើ​គណ​នេយ្យ​និមួយៗ​ដែល​ប្រាក់​សន្និ​ច្ច័យ​ដាក់​ចូល​មក​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​បើ​កាល​ណា​ ​ដូច​ខ្ញុំ​ដាក់​២០​ម៉ឺន​ ធនាគារ​ហ្នឹង​រលំ​ គឺមូល​និធិ​ហ្នឹង​សង​ខ្ញុំ​២០​ម៉ឺន​ដុល្លារ​តែ​ម្តង។​ ដល់​ប្រទេស​កម្ពុជា​យើង​ដោយ​យើង​ពុំ​ទាន់​អាច​បង្កើត​ប្រាក់​ធានា​រ៉ាប់រង​នេះ​ ​ការ​ពង្រឹង​ទុន​របស់​ធនាគារជាការ​ចំា​បាច់​ណាស់​ គឺ​ថា​ ​មាន​ការ​អ្ហី​ឲ្យ​ភាគ​ទុនិក​របស់​គាត់​ទទួល​ខុស​ត្រូវ។

លោក​ សំ ឃង្ទី ​បន្ថែម​ថា​ ​ធនាគារ​ដែល​នៅ​បន្ត​ប្រតិបត្តិ​ការ​បន្ទាប់​ពី​ពួក​គេ​មាន​ដើម​ទុន​រឹងមាំ​ នឹង​មិន​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​ផ្តល់​ឥណទាន​នោះ​ទេ​ ប្រសិន​បើ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​មាន​សន្ទុះ​រីក​ចម្រើន​ខ្លំាង៕

XS
SM
MD
LG