ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង់ក្លាដេស​គ្រោង​ទិញ​អង្ក​រកម្ពុជា


នៅ​ក្នុង​ឆ្នាំ​២០០៨​នៅ​ពេល​ដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ជាសកល​ប្រទេស​កម្ពុជា​សល់​ស្រូវ​ប្រមាណ​២,៥លាន​តោន ​ហើយ​នៅ​ក្នុង​ឆ្នាំ២០០៩ ​កម្ពុជា​សល់​ស្រូវ​ប្រមាណ​៣,៥​លាន​តោន៕
នៅ​ក្នុង​ឆ្នាំ​២០០៨​នៅ​ពេល​ដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ជាសកល​ប្រទេស​កម្ពុជា​សល់​ស្រូវ​ប្រមាណ​២,៥លាន​តោន ​ហើយ​នៅ​ក្នុង​ឆ្នាំ២០០៩ ​កម្ពុជា​សល់​ស្រូវ​ប្រមាណ​៣,៥​លាន​តោន៕

ភ្នំពេញ៖ ប្រទេស​បង់ក្លាដេស​ត្រូវការ​ទិញ​អង្ករចំនួន​ពីរសែន​តោន​ពី​ប្រទេស​កម្ពុជា​ និង​សន្យា​ថា​ នឹង​បង្កើន​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត ​ស្រប​ពេល​ការនាំ​ចេញ​ទំនិញ​នៅ​មាន​កម្រិតទាប​នៅ​ឡើយ។ ការអះអាង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​គ្នា​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ​រវាង​លោកស្រី​ ឌីពូ ម៉ូនី​ រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស​បង់ក្លាដេស​ ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្រ្តី ​ហោ ណាំហុង​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​ចំនួន​ពីរថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ កុយ គួង​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ប្រទេស​បង់ក្លាដេស​ក៏​មាន​គម្រោង​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​យូរ​ជាមួយ​នឹង​ប្រទេស​កម្ពុជា​លើ​ផលិតផល​កសិកម្ម​ផង​ដែរ។

លោក កុយ គួង​បាន​មាន​ប្រសាសន៍ថា៖

«ដោយសារ​តែ​ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់​ទំនង​ការទូត​ឡើងវិញ​ឆ្នាំ១៩៩៣​ហើយ​មាន​កិច្ចព្រម​ព្រៀង​ផ្នែក​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០៦​ដូច្នេះ​ភាគី​ទាំងពីរ​នឹង​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ជាពិសេស​គឺថា​ ខាង​បង់ក្លាដេស​នឹង​ផ្តើម​ឲ្យ​មាន​គណប្រតិភូ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​ឲ្យមាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យដឹង​ថា ​លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បង់ក្លាដេសបាន​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​ថ្ងៃ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​រហូតដល់​ថ្ងៃ​អង្គារ៍។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី ​ឌីពូ ម៉ូនី​នឹង​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ចូល​ជួប​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ លោក​ឧបនាយក​រដ្ឋមន្រ្តី ​ហោ ណាំហុង ​និង​ជួប​ជាមួយ​លោក​ចាន់ សារុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។

លោក​កុយ គួង ​បាន​មានប្រសាសន៍​ថា ​ប្រទេស​បង់ក្លាដេស​ បាន​សន្យាថា​ នឹង​ជំរុញ​អ្នក​វិនិយោគ​ទុន​មក​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត។

ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​បង់ក្លាដេស​តាំង​ពី​ឆ្នាំ​២០០៦​ ក៏​ប៉ុន្តែ​ការនាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ទាំងពីរ​នៅមាន​កម្រិតទាប​នៅ​ឡើយ។

នៅ​ក្នុង​ឆ្នាំ​២០០៩​ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស​បង់ក្លាដេស​ចំនួន​តែ​ជា​ង ៤០០.០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ប្រទេស​បង់ក្លាដេស ​បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​វិញ​ចំនួន​ជាង​ ១,៣​លាន​ដុល្លារសហរដ្ឋ​អាមេរិក។

លោក​កុយ គួង​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ទាំងពីរ​នឹង​បង្កើន​ចុះ​កិច្ចព្រមព្រៀង​បន្ថែម​ទៀត​ដូច​ជា​ វិស័យវប្បធម៌​ ការការពារ​វិនិយោគ​ទុន ​ហើយ​ជាពិសេស​ផ្តោត​ទៅលើ​វិស័យ​កសិកម្ម។

យោង​តាម​តួលេខ​របស់​ក្រសួង​កសិកម្ម​បាន​ឲ្យដឹងថា​ នៅក្នុង​ឆ្នាំ២០១០​នេះ​ កម្ពុជា​សល់​ស្រូវ​ចំនួន​៣,៧ ​លាន​តោន​និង​អង្ករ​ចំនួន​ ២,៤ ​លាន​តោន។

នៅ​ក្នុង​ឆ្នាំ​២០១០​ កសិករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន​៧,៩​លាន​តោន​និង​អង្ករ​ចំនួន​៤,៤​លាន​តោន។

យោង​តាម​តួលេខ​នេះ ​លោក​កុយ គួង ​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​អាច​មាន​លទ្ធភាព​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន។

នៅ​ក្នុង​ឆ្នាំ​២០០៨ ​នៅ​ពេល​ដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ជាសកល​ប្រទេស​កម្ពុជា​សល់​ស្រូវ​ប្រមាណ ​២,៥លាន​តោន ​ហើយ​នៅ​ក្នុង​ឆ្នាំ២០០៩ ​កម្ពុជា​សល់​ស្រូវ​ប្រមាណ​៣,៥​លាន​តោន៕

XS
SM
MD
LG