ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាន គីមូន​ សំដែង​ការគាំទ្រ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​និង​បាន​ធានា​រក​ថវិកា


អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន (Ban Ki-moon) (រូបស្តាំ) ​ជា​មួយ​នឹង​បុគ្គលិក​របស់​សាលាក្តី​ខ្មែរក្រហម​​ នៅ​​ក្នុង​អគារ​តុលាការ​ខ្មែរ​ក្រហម​នៅ​​ជាយ​​ក្រុង​​ភ្នំពេញ​។
អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​លោក បាន គីមូន (Ban Ki-moon) (រូបស្តាំ) ​ជា​មួយ​នឹង​បុគ្គលិក​របស់​សាលាក្តី​ខ្មែរក្រហម​​ នៅ​​ក្នុង​អគារ​តុលាការ​ខ្មែរ​ក្រហម​នៅ​​ជាយ​​ក្រុង​​ភ្នំពេញ​។

ភ្នំពេញ៖ លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន គីមូន (Ban Ki-moon) ​បាន​សំដែង​ការ​គាំទ្រ​ដល់​ដំណើរការ​សាលា​ក្តីខ្មែរក្រហម​ និង​បាន​ធានា​ស្វែងរក​ថវិកា​ជំនួយ​សម្រាប់​ដំណើរ​ការ​កាត់ទោស​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ​ឲ្យ​បាន​ចប់​ចុង​ចប់ដើម។​ សេចក្តី​អះអាង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង លោក​ បាន គីមូន ​ជាមួយ​និង​បុគ្គលិក​សាលាក្តី​ខ្មែរក្រហម​ នៅ​ជាយ​ក្រុងភ្នំពេញ។

លោក បាន គីមូន ​បាន​សំដែង​ជំហរ​គាំទ្រ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដោយ​បញ្ជាក់​ថា​ ​អង្គការ​សហ​ប្រជាជាតិ​ចង់​ឃើញ​សាលាក្តី​នេះ​ ធ្វើ​ដំណើរ​ដោយ​ចប់​អាណត្តិ​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ ​នេះ​បើផ្អែក​តាម​ក្រុម​អ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរក្រហម​ ​បន្ទាប់​ពី​ជំនួប​រវាង​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ជា​មួយ​នឹង​បុគ្គលិក​របស់​សាលាក្តី​ចំនួន​ជាង​៣០០​នាក់​ ​នៅ​ជាយ​ក្រុង​ភ្នំពេញ។

ជំហរ​នេះ​ត្រូវ​បាន​បង្ហាញ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរបាន​ព្រមាន​ដោយ​ចំៗ​មិន​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​ធ្វើការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​ជន​សង្ស័យ​សម្រាប់​សំណុំ​រឿង​០០៣ ​និង​០០៤ ​ត​ទៅ​ទៀត។

លោក​ឡាស អលសិន ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ ​បាន​ប្រាប់​អ្នក​កាសែត​ថា​ ​លោក ​បាន គីមូន ​ធានា​ទៅ​ដល់​បុគ្គលិក​របស់​សាលាក្តី​ខ្មែរក្រហម​ថា​ ​អង្គការ​សហ​ប្រជាជាតិ​បាន​ដាក់​នៅ​ក្នុង​ផែនការ​របស់​ខ្លួន​ ​ដើម្បី​រៃ​អង្គាស​ប្រាក់​ឧបត្ថម្ភ​ដល់​សាលាក្តី​ខ្មែរក្រហម។

«នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ ​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិបាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ដើម្បី​ធានា​ដល់​ការ​ផ្ដល់​ហិរញ្ញ​វត្ថុ​គ្រប់គ្រាន់​ដល់​សាលាក្ដី​ខ្មែរ​ក្រហម ​ដើម្បីឲ្យ​សាលាក្ដី​នេះបំពេញការងារ​ចប់ចុង​ចប់ដើម​ ​ហើយ​គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ដល់​បុគ្គលិក​សាលាក្ដី​ថា​ ​តម្រូវ​ការ​ហិរញ្ញវត្ថុ​ចាំបាច់​នោះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របៀប​វារៈ​របស់​អង្គការ​សហ​ប្រជាជាតិ»។

លោក​រាជ សម្បត្តិ​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហមខាង​ភាគី​កម្ពុជា​ ​ក៏​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ។

សាលាក្តី​ខ្មែរ​ក្រហម​ ​ជារឿយៗ​ ​តែងតែ​ប្រឈម​មុខ​នឹង​វិបត្តិ​ខ្វះ​ថវិកា​ ​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំដើម្បី​រៃអង្គាស​មូល​និធិ​ចុង​ក្រោយ​នៅទីក្រុង​ញ៉ូយក​ ​សហ​រដ្ឋ​អាមេរិក​ ​សហគមន៍​អន្តរ​ជាតិ​បាន​ផ្តល់​ជំនួយ​ តិចជាង​ការ​រំពឹង​ទុក​របស់​សាលាក្តី​ខ្មែរក្រហម។

លោក​ បាន គីមូន ត្រូវបាន​អម​ដំណើរ​ដោយ​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ ​សុខ អាន​ ដែល​ទទួល​បន្ទុក​កិច្ចការ​សំណុំ​រឿង​ខ្មែរ​ក្រហម​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​សាលាក្តី​ខ្មែរក្រហម​នេះ។

លោក​សុខ អាន​បាន​ផ្តោត​ទៅ​លើ​កេរ្តិ៍​ដំណែល​នៃ​សាលាក្តី​ពិសេស​នេះ​ ​បន្ទាប់​ពី​ត្រូវ​កាត់ទោស​ចប់​សព្វ​គ្រប់។

សូម​រំឭក​ថា ​ ​លោក​ បាន គីមូន ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ចំនួន​បួន​គឺប្រទេស​ថៃ​ ​ប្រទេស​កម្ពុជា​ ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន។

កាលពី​ព្រឹកមិញ​ ​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ហ៊ុន សែន​បាន​ព្រមាន​ទល់មុខ​នៅ​ក្នុង​ជំនួប​ជា​មួយ​ លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ថា​ ​លោក​មិនចង់​ឲ្យ​មាន​ការស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ ​ដែល​ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ដើម្បី​យក​មក​កាត់ទោស​នៅ​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ត​ទៅ​ទៀត​ទេ​ ​នេះ​បើ​យោង​ទៅ​តាម​លោក​ហោ ណាំហុង ​ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ដែល​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ ​ក្រោយពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ជាមួយ​លោក​បាន គីមូន។

«សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មិន​ឲ្យ​មាន​ករណី​០០៣​ទៀត​ទេ។ ​យើង​ត្រូវ​គិត​ថា​ ​បញ្ហា​សនិ្តភាព​នៅ​កម្ពុជា។ តុលាការ​នេះ​ត្រូវបរាជ័យ​ដោយ​ទាមទារ​ឲ្យ​មាន​ករណី​០០៣​តទៅ​ទៀតគឺ​មាន​ន័យ​ថា​ ​កាត់​ទោស​អ្នក​ផ្សេង​ទៀត​ ​ក្រៅ​ពី​បួន​នាក់​ជាប់​ឃុំ​សព្វ​ថ្ងៃនេះ​ ​ទី​មួយ​កាត់ទោស​ឲ្យ​មាន​ជោគជ័យ​ ចប់ត្រឹម​ករណី​០០២»។

លោក​ឡាស អលសិន​ មន្រ្តី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មិន​ធ្វើ​អត្ថា​ធិប្បាយ​ទៅលើ​សេចក្តី​ព្រមាន​របស់​លោក​ហ៊ុន សែន​នោះ​ទេ។

ទោះជា​យ៉ាងណា​ ​នេះ​មិនមែន​ជា​ការបង្ហាញ​ជំហរ​លើក​ទីមួយ​របស់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោកហ៊ុន សែន ​នៅ​ក្នុង​ការ​ជំទាស់​មិន​ឲ្យ​ពង្រីក​ការ​កាត់ទោស​អតីត​កម្មាភិបាល​ខ្មែរក្រហម​នោះ​ទេ៕

XS
SM
MD
LG