ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ដោះស្រាយ​បន្ទាប់​ពី​អ្នក​កំពង់ធំ​បិទផ្លូវ​រឿង​ទំនាស់ដី


ការ​តវ៉ា​របស់​អ្នក​ភូមិ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​ពេល​កន្លង​មក។
ការ​តវ៉ា​របស់​អ្នក​ភូមិ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ក្នុង​ពេល​កន្លង​មក។

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​ចាប់ផ្ដើម​វាស់វែង​ដី​មាន​ទំនាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ជាង​២០០​ គ្រួសារ​ក្នុង​ស្រុក​សណ្ដាន់​ បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន​បួនភូមិ​ក្នុង​ស្រុក​នេះ​បាន​សម្រេច​ចិត្ត​បិទ​ផ្លូវជាតិ​លេខ៦​អា​ កាល​ពី​ពីរ​សប្ដាហ៍​មុន។

លោក ​អ៊ុត ​សំអន​ អភិបាល​រង​ខេត្តកំពង់ធំ​ បាន​បញ្ជាក់​នៅ​ថ្ងៃពុធ​នេះ​ថា ​ចាប់តាំង​ពី​ថ្ងៃ​ច័ន្ទ​មក​អាជ្ញាធរ​ខេត្ត​បានវាស់វែង​ដីមាន​ទំនាស់​ជូន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ​ដើម្បី​យក​ទិន្នន័យ​សម្រាប់​ផ្ទៀងផ្ទាត់មុន​នឹង​សម្រេច​ចែកដី​ដល់​ពួកគាត់។

«ចាប់​ពីថ្ងៃ​បិទ​ផ្លូវ​មក​ យើង​បានធ្វើ​អ្វីតាម​ការអះអាង​របស់​យើង​ គឺចុះ​ស្រង់​ព័ត៌មាន​ជាថ្មី ​ហើយ​ជាបណ្ដើរៗ​យើង​បានចុះ​ទៅ​វាស់វែង​ដី​ដែល​ពួកគាត់​បាន​ឆ្លើយ​ប្រកាស ​បានជាង​២០០​គ្រួសារ​ហើយ»។

កាលពី​ថ្ងៃ​ទី៨​ ខែកក្កដា ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់​មក​ពី​ភូមិ​ចំនួន​បួន​ក្នុង​ស្រុកកំពង់ស្វាយ​ គឺភូមិសាន​គរ​ខ​ ភូមិប្រាសាទអណ្ដែត​ ​ភូមិស្លែង​ខ្ពស់​ ​និងភូមិ​ជ័យបាន​បិទ​ផ្លូវជាតិ​លេខ៦អា ​អស់រយៈពេលជាង​ប្រាំពីរ​ម៉ោង​នៅ​ចម្ងាយ​ប្រមាណ​២៥ ​គីឡូម៉ែត្រ​ ខាងជើង​ទីរួមខេត្តកំពង់​ធំ។​ ការបិទផ្លូវ​នេះ​ដើម្បីដាក់​សម្ពាធដល់​ក្រុមអាជ្ញាធរ​ឲ្យ​ដោះលែង​អ្នកភូមិ​សកម្ម​ក្នុង​ការតវ៉ា​មួយ​រូប​ ​និងដើម្បីជំរុញឲ្យ​មាន​ការដោះស្រាយការរំលោភ​បំពាន​ទៅ​លើ​ដីធ្លី​ពួកគាត់។ ដីដែល​មាន​ទំហំ​៨២៣ហិកតា​ និង​ពាក់ព័ន្ធជាមួយ​ប្រជា​ពលរដ្ឋចំនួន​២៥០​គ្រួសារ​ ហើយ​ដែល​ស្ថិតក្នុង​ការ​ប្រទាញ​ប្រទង់ជាមួយ​ក្រុមហ៊ុន ដួង​ហេង​ ​សេងស៊ុនណា ចាប់តាំងពី​ឆ្នាំ​២០០៥ ​មកម្ល៉េះ។

អ្នកតវ៉ា​ដ៏សកម្ម​លោក​ ឃាង​ សឿន​ ​ត្រូវក្រុម​ប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣​ ​ខែមិថុនា​ ​កន្លង​ទៅ​ក្រោម​បទ​ចោទប្រកាន់ពី​ការគំរាម​កំហែង​ ​និងធ្វើឲ្យខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃបន្ទាប់​ពី​ក្រុមប្រជា​ពលរដ្ឋ​បាន​ព្យាយាម​រារាំង​ភាគីក្រុមហ៊ុន​មិន​ឲ្យធ្វើការ​ឈូស​ឆាយ​ដី​ទំនាស់។

លោក​អភិបាល​រងខេត្ត​កំពង់ធំ ​អ៊ុត សំអន ​អះអាង​ថា ​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​ ២៥០​ គ្រួសារបានដាក់ពាក្យ​ស្នើឲ្យ​មានការវាស់វែង​និង​បែងចែក​ដីពួកគេ​ឡើងវិញ​ក្នុង​ចំណោម​ភូមិទាំងបួន​នេះ​ដើម្បី​ទទួល​បាន​ការបែងចែក​ដី​ស្រប​ច្បាប់។ របាយការណ៍​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ​ដែល​តាមឃ្លាំមើល​ដំណើរការ​បែងចែក​ដីធ្លី​ក្រុមប្រជា​ពលរដ្ឋ​មាន​ទំនាស់​ឡើងវិញ​នេះ​បានលើក​ឡើង​ថា ​មានប្រជា​ពលរដ្ឋ​សរុប​ចំនួន​២៤៦ ​គ្រួសារ​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ខេត្តកំពង់ធំបន្ទាប់ពី​ការតវ៉ារបស់​ពួក​គេ​កាលពី​ពីរ​សប្ដាហ៍​មុន។ ពួកគេ​បាន​ស្នើឲ្យ​មានការវាស់​វែង​និង​បែងចែក​ដី​ឡើងវិញ​ដោយសារ​តែ​ពួកគេ​សង្ស័យ​ថា ​អាច​មាន​ចំណែកដី​ជាន់គ្នា។

លោកអ៊ុត ​សំអន ​មានប្រសាសន៍​ថា ​ការវាស់វែង​ក្បាលដី​អាចនឹង​ត្រូវ​បញ្ចប់​នៅក្នុង​សប្ដាហ៍​នេះ​ ក៏ប៉ុន្ដែ​ការបែងចែក​ដី​នឹងត្រូវ​ស៊ីពេល​តទៅ​ទៀត​ដោយសារ​តែ​ក្រុមអាជ្ញាធរ​ត្រូវការ​ផ្ទៀងផ្ទាត់​ច្បាស់លាស់​មុននឹង​សម្រេច​ធ្វើការ​បែងចែក។

លោក ចែម ប៉ូ ​ជាអ្នកភូមិជ័យដែល​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ទាំងបួន​ដែល​មានទំនាស់។ លោក​មាន​ប្រសាសន៍​ថា ​កុ្រមប្រជា​ពលរដ្ឋ​នៅមិនទាន់​រីករាយ​នៅ​ឡើយ​ទេ។

«នៅ​ចាំមើល​លទ្ធផល​គាត់​ប្រកាស​មក ​មិនទាន់​សប្បាយចិត្ត​ទេ​ទាល់​តែ​ឃើញ​សេចក្ដី​សម្រេច​ធ្លាក់មក​ ប្រគល់​ដីដូច​ដើម​វិញ​ទើប​សប្បាយចិត្ត»។

លោក​ យី ​សុខសាន្ដ​ ​អនុប្រធានផ្នែកស៊ើប​អង្កេតរបស់​អង្គការ​អាដហុក ​បាន​ទទួល​ស្វាគមន៍​ចំពោះ​ចំណាត់ការដោយ​សន្ដិវិធី​របស់អាជ្ញាធរ​ខេត្តកំពង់ធំ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដី​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​នេះ។ ជាមួយគ្នា​នេះលោក​ យី ​សុខសាន្ដ ​បាន​ស្នើ​ឲ្យអាជ្ញាធរ​ខេត្ត​កំពង់ធំ​ផ្តល់​ជា​ប័ណ្ណកម្មសិទ្ធិដី​ដល់​ក្រុម​អ្នកភូមិ។

«យើង​សមាគម​អាដហុក​ទទូច​ថា ​នៅ​ពេល​ដែល​គាត់​វាស់វែង​រួចអាជ្ញាធរ​គួរតែ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឬក៏​ចុះ​បញ្ជី​ក្បាលដី​ឲ្យ​ពួកគាត់​ដើម្បី​កុំ​ឲ្យ​ពួកគាត់​តវ៉ា​ឬ​ទាមទារ​ដី​ទៀត»។

យ៉ាងណា​ក៏ដោយ​អ្នកភូមិ​ដែល​ត្រូវចាប់​ខ្លួន​នៅ​មិនទាន់​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញនៅ​ឡើយ​ទេ។

លោក​អភិបាលរង​ខេត្តកំពង់ធំ​ អ៊ុត​ សំអន​ មាន​ប្រសាសន៍​ថា ​ការដោះលែង​អ្នកភូមិ​រូប​នោះ​នឹង​ត្រូវធ្វើឡើង​នៅ​ពេល​បន្ទាប់។

ទំនាស់​ដីធ្លី​តែងតែ​កើត​ឡើង​ជា​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជាទូទៅ​ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវ​គេ​មើលឃើញ​ថា ​គឺ​ជា​អ្នករងគ្រោះ​ពី​ការរំលោភ​បំពាន​ទន្រ្ទាន​យកដី​ពី​ក្រុម​អ្នកមាន​អំណាច​និង​អ្នក​សម្បូរណ៍​ធនធាន៕

XS
SM
MD
LG