ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ជម្លោះ​អាជ្ញាធរ​កម្ពុជា​ប្រមូល​គ្រាប់​ដែល​ថៃ​បាញ់​ផ្លោង​


មន្ត្រី​ប្រឆាំង​នឹង​គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​ថៃ ពិនិត្យ​​មើល​​បំណែក​សល់​របស់​គ្រាប់​ផ្លោង​មួយ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ឯ​ចម្ការ​កៅស៊ូ​មួយ​នៅ​ភូមិ​​ហួ​អាង ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​នៅ​ជិត​ព្រំដែន​កម្ពុជា​និង​ថៃ។ ប្រទេស​កម្ពុជា​​​ក៏​កំពុង​ជួប​បញ្ហា​គ្រាប់​
មន្ត្រី​ប្រឆាំង​នឹង​គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​ថៃ ពិនិត្យ​​មើល​​បំណែក​សល់​របស់​គ្រាប់​ផ្លោង​មួយ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ឯ​ចម្ការ​កៅស៊ូ​មួយ​នៅ​ភូមិ​​ហួ​អាង ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​នៅ​ជិត​ព្រំដែន​កម្ពុជា​និង​ថៃ។ ប្រទេស​កម្ពុជា​​​ក៏​កំពុង​ជួប​បញ្ហា​គ្រាប់​

បី​ថ្ងៃ​បន្ទាប់​ពី​ស្នូរ​កាំភ្លើង​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា ​និង​កងទ័ព​ថៃ​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​ និង​ខេត្ត​សុរិន្ទ​របស់​ថៃបាន​បញ្ចប់ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ផ្ដើម​បោស​សម្អាត​គ្រាប់​កាំភ្លើង ដែល​បាញ់​ផ្លោង​ដោយ​ភាគី​ជម្លោះ​របស់​ខ្លួន។ គ្រាប់ ដែល​បានធ្លាក់​នៅ​រាយប៉ាយ​ យ៉ាងហោច​ណាស់​នៅក្នុង​ឃុំ​ចំនួន​៤​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ និង​មាន​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ហើយ​ដែល​គេ​ជឿ​ថា ​គ្រាប់​មួយ​ចំនួន​មិន​ទាន់​ផ្ទុះ​នៅ​ឡើយ​ ហើយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ ​និង​ដល់​កិច្ចការ​កសិកម្មរបស់​ពួក​គាត់​ក្នុង​រដូវ​វស្សា​នេះ។

លោក ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) មាន​ប្រសាសន៍​នៅថ្ងៃ​សុក្រ​នេះថា មជ្ឈមណ្ឌល​បាន​បញ្ជូន​កម្លាំង​មួយ​ចំនួន​ទៅ​សំអាត​គ្រាប់ មិន​ទាន់​ផ្ទុះ និង​អំបែង​គ្រាប់​ដែល​បាន​ផ្ទុះ​នៅ​ក្នុង​តំបន់​ជម្លោះ​ទាំង​នោះ។

«ចែក​ចេញ​ជា​យុទ្ធសាស្រ្ត​ពង្រាយ​កម្លាំង​ជា​ពីរ​ដំណាក់​កាល​ធំៗ​គឺ​ទី១​ ផ្តល់​ការ​អប់រំ​ និង​កសាង​បណ្តាញ​ស្ម័គ្រចិត្ត​តាម​ភូមិ​ ដើម្បី​ពេលណា​ដែល​គាត់​ជួប​ប្រទះ​គ្រាប់​យុទ្ឋភណ្ឌ​មិនទាន់​ផ្ទុះ ងាយ​ស្រួល​ទាក់ទង​គ្នា ​និង​ធ្វើ​អន្តរាគមន៍។ ចំណុច​ទី២ យើង​ចាប់ផ្តើម​ពង្រាយ​កម្លាំង​បោសសម្អាត​ អញ្ចឹង​ត្រឹម​តែ​ពីរ​បីថ្ងៃ។ កម្លាំង​យើង​ចល័ត​តូចៗ​អន្តរាគមន៍។ យើង​កំពុង​ធ្វើការ​ ហើយ​កម្លាំង​ធំ​នឹង ចាប់​ផ្តើម​បោស​សម្អាត​តំបន់​លំនៅដ្ឋាន​ សាលា​រៀន​ វត្តអារាម​ជាដើម។ល។»

ទោះជា​យ៉ាង​ណា​ លោក ហេង រតនា ​មិនទាន់​អាច​បញ្ជាក់​អំពី​ទំហំ​ដី​ដែល​ត្រូវ​បោស​សម្អាត គ្រាប់ ​និង​គ្រាប់​មិនទាន់​ផ្ទុះ​នោះទេ ​ដោយ​លោក​បាន​ឲ្យ​ដឹង​ថា ​ស៊ីម៉ាក់ កំពុង​តែ​ធ្វើការ​សិក្សា។

លោក​វ៉ាត់ ប៉ារ៉ានីន ​ប្រធាន​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​តិច​បំផុត​ផ្ទៃដី​ប្រមាណ​ជា​១ម៉ឺន​ហិកតា ត្រូវ​ធ្វើការ​សម្អាត​គ្រាប់​ផ្សេងៗ ដែល​បាន​ធ្លាក់​នៅ​ពេល​ប្រយុទ្ធ​គ្នា​ក្នុង​នោះ​ផ្ទៃដី​ប្រហែល​ជា​៤ពាន់​ហិកតា​ជា​ផ្ទៃដីក​សិកម្ម​របស់​ប្រជាពលរដ្ឋ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​មាន​ការ​អប់រំ​ណែនាំ​ ហើយ​វិធី​ល្អ​គេ​ហៅថា ​យើង​ទំាងអស់​គ្នា​រួម​គ្នា​ពិនិត្យ​អំបែង​គ្រាប់ ​និង​យុទ្ឋភណ្ឌ​មិន​ទាន់​ផ្ទុះ។ ស្រែ​ចម្ការ​របស់​គាត់ ​ពេល​ដែល​គាត់​ទៅ ​គាត់​មិន​អាច​ទៅ​ភ្ជួរ​ភ្លាមទេ។ គាត់​អាច​ដើរ​ពិនិត្យ​មើល បើ​មាន​ គឺ​គាត់​រាយការណ៍​ បើអត់​ទេ ​គាត់​អាច​ធ្វើ​ធម្មតា»។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ កងទព័​ថៃ​បាន​បាញ់ និង​ផ្លោង​ចូល​មក​ទឹកដី​កម្ពុជា​ចំនួន​ជាង​៥ម៉ឺន​គ្រាប់។ ក៏​ប៉ុន្ដែ​ ការ​វាយ​តម្លៃ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​មន្ដ្រី​យោធា​ថៃ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ធ្វើ​របាយការណ៍​ជា​ប្រចាំ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​កង​ទព័​ថៃ​ថា កងទព័​ថៃ​បាន​បាញ់​កាំភ្លើង​ធុនធ្ងន់​១៥៥​មីលីម៉ែត្រ​ ១០៥​មីលី​ម៉ែត្រ ​និង​កាំភ្លើង​ផ្លោង​ជាច្រើ​នប្រភេទ​ទៀត។

លោក ​រឿង វុទ្ធិន​ ជា​ប្រជាពលរដ្ឋ​នៅភូមិ​ថ្មដូន​ ឃុំ​គោកមន ​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​របស់​គាត់​មាន​ស្នាម​រណ្តៅ​គ្រាប់​ជាច្រើន​កន្លែង​ចំណែក។ ឯ​ផ្ទះ​មាន​ស្នាម​គ្រាប់​កាំភ្លើង​សុះ​ផ្ទះ​ ហើយ​ដើម​ឈើ​បាន​បាក់​រលំ​ជាច្រើន។ ដូច្នេះ​ លោក​មាន​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សុវតិ្ថភាព​ ដោយ​ខ្លាច​ទទួល​រងគ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​ដែល​មិន​ទាន់ផ្ទុះ។

លោក​បា​នបញ្ជាក់ថា​ នៅ​ពេល​នេះ មាន​ការប្រយ័ត្ន​មែនទែន​ស្ទើរ​តែ​មិនហ៊ាន​ដើរ​ទៅណា​ទេ​ ពីព្រោះ​ខ្លាច​មាន​គ្រាប់​មិនទាន់​ផ្ទុះ​បង្ក​គ្រោះថ្នាក់។ ប្រការនេះ​ធ្វើឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​ពីព្រោះ​មិនហ៊ាន​ទៅ​ធ្វើ​ស្រែ​ចំការ​ឡើយ។ លោក​បន្ត​ថា៖

«បារម្ភ​ទី១ គឺ​កូន​ក្មេង​ដែល​វា​អត់​ដឹង។ អញ្ចឹង​ខ្លាច​វា​ដើរ​ទៅ​ឃើញ​ វា​រើស។ អញ្ចឹង​វា​អាច​ផ្ទុះ។ ទី២ មនុស្ស​ចាស់​ដើរ​រក​ប្រកប​មុខរបរ ​ដូចជា​ច្រូត​ស្បូវ​ ដូចជា​បេះ​ផ្កា។ ខ្លាច​ដើរ​ទៅ​ប៉ះ​ផ្ទុះដែរ។ ទី៣ ដី​ខ្លះ​ដែល​យើង​សម្រាប់​ធ្វើ​កសិកម្ម ​ផលវិបាក​គឺ​មិន​ដឹង​ជា​មាន​ ឬ​មិន​មាន។ អញ្ចឹង​វា​ពិបាក។ ត្រង់នេះ​មួយ​ទៀត ​ដល់​ពេល​អញ្ចឹង​វា​ប៉ះពាល់​ជីវភាព​ អ្នក​ស្រុក​មិនអាច​ប្រកប​មុខរបរ​បាន​ទេ​ពីព្រោះ​គាត់​ខ្លាច»។

កម្ពុជា​និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​អស់​រយៈពេល​ជិត​៣ឆ្នាំ​ហើយ។ នៅ​ដើម​ឆ្នាំ​២០១១​នេះ មាន​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​នៃ​ប្រទេស​ទាំងពីរ​ចំនួន​ពីរ​លើក​ គឺ​លើក​ទី១​នៅ​ថ្ងៃ​ទី៤​រហូត​ដល់​ថ្ងៃទី៧​ខែ​កុម្ភៈ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​ហើយ​លើក​ទី២​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​០៣​ឧសភា​នេះ​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​តាក្របី​ខ្មែរ ​មុននឹង​រាលដាល​ទៅ​ដល់​ភូមិ​ថ្មដូន ​និង​ឃុំ​អូរស្មាច់៕

XS
SM
MD
LG