លោក ចាន់ រស្មី អតីតនាយកអង្គការមូលនិធិកុមារកំព្រាកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯអតីតអគាររដ្ឋសភាជាតិនៅថ្ងៃច័ន្ទនេះថា ការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ដែលឈានទៅដល់បិទអង្គការរបស់លោក មិនត្រឹមត្រូវទេ ហើយលោកបានទទូចឲ្យក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអង្គការរបស់លោកដំណើរការឡើងវិញ។
«ចង់ឲ្យមហាផ្ទៃ លោកពិចារណាឡើងវិញដើម្បីឲ្យអង្គការរបស់ខ្ញុំមានដំណើរការល្អឡើងវិញ។ កុំឲ្យជឿទៅស្តាប់ជនតែម្ខាង ហើយគាត់ដើរនិយាយពីរឿងបរិហារកេរ្តិ៍របស់យើង គ្មានការពិចារណាអញ្ចឹង។ វាឥតត្រឹមត្រូវ»។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃ១៩ ខែសីហា កន្លងទៅនេះ បានចេញលិខិតមួយច្បាប់ ដោយមានចុះហត្ថលេខាដោយលោក នុត សាអាង រដ្ឋលេខាធិការ ដោយបានសម្រេចលុបឈ្មោះអង្គការមូលនិធិកុមារកំព្រាកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តសៀមរាបចេញពីបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយយោងតាមលិខិតរបស់សាលាខេត្តសៀមរាប និងស្ថានទូតអេស៉្បាញប្រចាំកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះអង្គការមូលនិធិកុមារកំព្រាចេញ ដោយសារអ្នកដឹកនាំអង្គការនេះ អសមត្ថភាព។ ក្រុមប្រឹក្សាភិបាលរបស់អង្គការបានប្រព្រឹត្តិអំពើអាសលើកុមារកំព្រា និងប្រើប្រាស់អនីតិជនសម្រាប់បម្រើផ្លូវភេទរបស់ខ្លួនហើយបច្ចុប្បន្ន ជនប្រព្រឹត្តិអំពើអាសកំពុងជាប់ពន្ធនាគារ។ លោក ខៀវ សុភ័ក្រ បានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបើកអង្គការនេះចំនួនតែមួយកន្លែងប៉ុណ្ណោះ ក៏ប៉ុន្តែអង្គការនេះបានពង្រីកទីតាំងរបស់ខ្លួនចំនួនពីរកន្លែងផ្សេងទៀត ដែលពុំមានច្បាប់អនុញ្ញាត។
«ការបិទនេះគឺយើងចង់បញ្ជាក់ថា ក្មេងៗរបស់យើងដែលគ្នាកំព្រាហើយទៅរស់នៅមណ្ឌលកុមារកំព្រា គ្នាមានភាពកក់ក្តៅ ក៏ប៉ុន្តែស្រ្តីរងគ្រោះដោយអំពើអនាចារអញ្ចឹងទៅទៀត។ ក៏ប៉ុន្តែ ដូច្នេះក្រសួងក៏បានពិចារណាលើហេតុផលនេះដើម្បីផ្អាកលុបបញ្ជីគាត់ចេញ»។
លោក ចាន់ រស្មី អតីតនាយកអង្គការមូលនិធិកុមារកំព្រា បានបញ្ជាក់ថា បទល្មើសដែលបានកើតមានឡើងកន្លងទៅនេះជាប់ពាក់ព័ន្ធនឹងលោក នីកូលឡាស់ ផាត់ទ្រីក (Nicolas Patrick) ជាអតីតប្រធានក្រុមប្រឹក្សាភិបាលដែលទទួលរងនៅការចោទប្រកាន់ពីបទអំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលបានប្រព្រឹត្តិទៅកាលពីឆ្នាំ២០០៧។ លោកបានបញ្ជាក់ថា អង្គការរបស់លោកដែលបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៩ មិនជាប់ពាក់ព័ន្ធទៅនឹងករណីអតីតប្រធានក្រុមប្រឹក្សាភិបាលទេ។
«ខ្ញុំឥតមានមកបរិហារ។ ខ្ញុំ ចង់ថា ខ្ញុំមកសម្តែងឆន្ទៈស្មោះត្រង់របស់ខ្ញុំ ដែលខ្ញុំមិនបានប្រព្រឹត្តិខុស ហើយអស់លោកតែងតែយល់ច្រឡំ ជឿតែតាមសម្តីមួយជំហៀង។ ហើយគាត់ឥតបានយកទៅពិចារណា ហើយគាត់ចេះតែចោទ ចេះតែបង្កើត។ រហូតដល់មានការយល់ច្រឡំ រហូតដល់មានការបិទអង្គការរបស់ខ្ញុំ លុបបញ្ជីពីមហាផ្ទៃទៅទៀត។
លោក ខៀវ សុភ័ក្រ បានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃនៅតែមិនយល់ព្រមតាមសំណើនេះទេ ពីព្រោះអង្គការនេះបានរំលោភច្បាប់។ អង្គការមូលនីធិកុមារកំព្រាកម្ពុជា មានទីតាំងនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានក្មេងកំព្រារស់ចំនួន ៥៩នាក់ ក្នុងនោះមានស្រ្តីចំនួន២០នាក់៕