ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បឹងកក់​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​បញ្ចេញ​យោបល់


​ច្បាប់​បាតុកម្ម​ឆ្នាំ​២០០៩​បាន​បញ្ជាក់​ថា​រាល់​ការធ្វើ​បាតុកម្ម​ជា​សាធារណៈ​ត្រូវ​តែ​មាន​ការសុំ​ច្បាប់​ពី​អាជ្ញា​ធរ​ជាមុន​សិន។
​ច្បាប់​បាតុកម្ម​ឆ្នាំ​២០០៩​បាន​បញ្ជាក់​ថា​រាល់​ការធ្វើ​បាតុកម្ម​ជា​សាធារណៈ​ត្រូវ​តែ​មាន​ការសុំ​ច្បាប់​ពី​អាជ្ញា​ធរ​ជាមុន​សិន។

តំណាង​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​មួយ​ក្រុម​បាន​អះអាង​ថា​នឹង​ធ្វើ​ការ​ទាម​ទារ​រហូត​ដល់​មាន​ដំណោះស្រាយ​បើ​ទោះ​បី​ជា​មាន​ការព្រមាន​ពី​អាជ្ញាធរ​មិន​ឱ្យ​មាន​ការជួប​ប្រជុំ​ក៏​ដោយ។

កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​និង​ចៅ​សង្កាត់​ស្រះចក​បាន​ធ្វើ​ឡើង​រយៈ​ពេល​ជិត​ពីរ​ម៉ោង។ បន្ទាប់​ពី​កិច្ចប្រជុំ​ត្រូវ​បាន​តំណាង​ប្រជា​ពលរដ្ឋ​បាន​ដក​ស្រង់​សំដី​លោក​ ឆាយ ធី​រិទ្ធ​ចៅ​សង្កាត់​ស្រះ​ចក​បាន​ព្រមាន​ប្រជា​ពលរដ្ឋ​ថា​រាល់​សម្មភាព​នៃ​ការជួប​ប្រជុំ​ឬ​ធ្វើ​សន្និសីទ​កាសែត​ចាប់​ពី​១០​នាក់​ឡើង​ទៅ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ឬ​ក៏​សុំ​ច្បាប់​ចំណែក​អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​ត្រូវ​ចូល​យក​ព័ត៌មាន​នៅ​សហគមន៍​បឹងកក់​ត្រូវ​តែ​ផ្តល់​ដំណឹង​ឬ​ដាក់​ច្បាប់​និង​ចំណុច​ចុង​ក្រោយ​ការត​វ៉ា​របស់​ពលរដ្ឋ​កុំ​ឱ្យ​មានពាក់ព័ន្ធ​នឹង​គណបក្ស​នយោ​បាយ។

អ្នក​ស្រី​ ទេព វន្នី​ តំណាង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​ផ្តល់​បទសម្ភាស​ដោយ​ផ្ទាល់​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អា​មេរិក​ថា​អ្នកស្រី​មិន​ខ្លាច​នឹង​ការព្រមាន​នេះ​ទេ​ហើយ​ជំហរ​របស់​ពួកគាត់​នៅ​តែ​ទាមទារ​រហូត​ដល់​មាន​ដំណោះស្រាយ។

«ប្រជាពលរដ្ឋ​និង​តំណាង​ទាំង​អស់​គាត់​គិត​ថា​អាហ្នឹង​វា​ប្រៀប​ដូច​ជា​ខ្សែចាប៉ី​កាល​ណា​វា​រឹត​តឹង​វាដាច់​ហើយ។​ ដូច​ពួក​ខ្ញុំ​អញ្ចឹង​កាល​ណា​វា​រឹត​តឹង​គឺ​កាន់​តែ​រើ​អញ្ចឹង​ពួក​ខ្ញុំ​អត់​មាន​រា​ថយ​ទេ»។

ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​មាន​តំណាង​ពីរ​ក្រុម។ ម្ខាង​ទាម​ទារ​ដី​ទំហំ​៤ម៉ែត្រ​គុណ​និង​១៦​ម៉ែត្រ​សម្រាប់​ធ្វើ​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ចំណែក​ឯ​មួយ​ក្រុម​ទៀត​ទាមទារ​ឱ្យ​កាត់​ដី​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​និង​ផ្តល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ។

ការទាមទារ​របស់​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​នេះ​សាលាក្រុង​ភ្នំពេញ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។

អ្នក​ស្រី​ តុល ស្រី​ពៅ​ តំណាង​ប្រជា​ពលរដ្ឋ​មួយ​រូប​ផ្សេង​ទៀត​បាន​និយាយ​ថា​សាលា​ក្រុង​ភ្នំពេញ​គួរ​តែ​ទទួល​ស្គាល់​ដី​ជា​កម្មសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ហើយ​នៅ​ពេល​ណា​ដែល​មាន​ការទទួល​ស្គាល់​ពួកគាត់​លែង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​តវ៉ា​ទៀត​ហើយ។

អ្នក​ស្រី​បាន​បញ្ជាក់​ថា​ការរារាំង​របស់​អាជ្ញាធរ​មិន​ឱ្យ​តវ៉ា​ជា​ការបំបិទ​សិទ្ធិ​របស់​ពលរដ្ឋ។

«បំបិទ​សិទ្ធិ​ពលរដ្ឋ​មិន​មែន​មាន​តែ​តំបន់​បឹងកក់​ទេ​ សឹង​តែ​ទូទាំង​ប្រទេស​ពីព្រោះ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​មិនមែន​ជា​ប្រទេស​អ្នក​កាន់​លទ្ធិ​ប្រជាធិប​តេយ្យ​ទេ​គឺ​ជា​ប្រទេស​មួយ​ដែល​កុម្មុយនីស្ត​ទៅ​វិញ​ទេ»។

លោក ឆាយ ធី​រិទ្ធ ​ចៅ​សង្កាត់​ស្រះចក​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​ការចោទ​ប្រកាន់​របស់​ពលរដ្ឋ​ទេ។ នៅពេលដែល​វីអូអេ​ព្យាយាម​ទាក់ទង​លោក​បាន​អះអាង​ថា​កំពុង​ជាប់​រវល់។

លោក សៀ ភារម្យ​ នាយក​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​បញ្ចាក់​ថា​ការរារាំង​មិន​ឱ្យ​មាន​សិទ្ធិ​ជួប​ប្រជុំ​គឺ​ជា​ការរំលោភ​ច្បាប់។

«ការ​បំពាន​ម្សិល​ម៉ិញ​បាន​ឆ្លុះ​ឱ្យ​ឃើញ​ពី​បរិបទ​នៅ​ក្នុង​ប្រទេស​របស់​យើង​កាន់តែ​តូច​ចង្អៀត​ហើយ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ ដោយសារ​តែ​លេស​របស់​អាជ្ញាធរ»។

លោក ចាន់ សាវ៉េត​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​ការកោះ​ហៅ​របស់​អាជ្ញាធរ​ដើម្បី​ធ្វើ​ការព្រមាន​ទៅ​លើ​ប្រជា​ពលរដ្ឋ​ជា​ការ​មិន​អនុវត្ត​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស។

«យើង​ខ្ញុំ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​បើក​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​យើង​សម្តែង​មតិ​យោបល់​ ទាក់​ទង​នឹង​ទំនាស់​ផ្សេងៗ​ហើយ​ការទាមទារ​មតិ​យោបល់សង្គម​លទ្ធិប្រជាធិប​តេយ្យ​គេ​ត្រូវតែ​ធ្វើ​អញ្ចឹង»។

យោង​តាម​ច្បាប់​បាតុកម្ម​ឆ្នាំ​២០០៩​បាន​បញ្ជាក់​ថា​រាល់​ការធ្វើ​បាតុកម្ម​ជា​សាធារណៈ​ត្រូវ​តែ​មាន​ការសុំ​ច្បាប់​ពី​អាជ្ញា​ធរ​ជាមុន​សិន។ ក៏ប៉ុន្តែ​ច្បាប់​នេះ​មិន​បាន​ហាម​ការជួប​ប្រជុំ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ឬ​ហាម​មិន​ឱ្យ​រៀបចំ​ធ្វើ​សន្និ​សីទ​កាសែត​ទេ៕

XS
SM
MD
LG