ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជា​ពលរដ្ឋ​ចោទ​អាជ្ញាធរ​បំពាន​យក​ដី​នៅ​បឹង​ត្របែក


ពលរដ្ឋ​នៅ​​តំបន់​មួយ​ទៀត​របស់​ក្រុង​ភ្នំពេញ គឺបឹង​កក់ ​ធ្វើ​ពិធី​បន់​ស្រន់​ដាក់​បណ្តាសារ​ដល់​ក្រុមហ៊ុន Shukaku, Inc. ដែល​បាន​និង​កំពុង​បូម​ខ្សាច់​ដាក់​ក្នុង​បឹង​នោះ ធ្វើ​ឲ្យ​លិច​លង់​ផ្ទះ​ប្រជាពលរដ្ឋ។
ពលរដ្ឋ​នៅ​​តំបន់​មួយ​ទៀត​របស់​ក្រុង​ភ្នំពេញ គឺបឹង​កក់ ​ធ្វើ​ពិធី​បន់​ស្រន់​ដាក់​បណ្តាសារ​ដល់​ក្រុមហ៊ុន Shukaku, Inc. ដែល​បាន​និង​កំពុង​បូម​ខ្សាច់​ដាក់​ក្នុង​បឹង​នោះ ធ្វើ​ឲ្យ​លិច​លង់​ផ្ទះ​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ប្រមាណ១៨៤​គ្រួសារ​រស់​នៅ​បឹង​ត្របែក​ខាង​ត្បូង​បាន​ចោទប្រកាន់​អាជ្ញាធរ​ខណ្ឌ​ចំការមន ពី​ការ​ប៉ុនប៉ង​រំលោភ​យក​ដី​ចំនួន​ជាង​៩​ហិកតា​កណ្តាល​ក្រុង​ ​ភ្នំពេញទៅ​លក់​ឲ្យ​ក្រុម​ហ៊ុនឯកជន។

ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ខណ្ឌ​ចំការមន​ ដែល​ដឹក​នាំ​ដោយ​អភិបាល​រង​ខណ្ឌ​ ព្រំ សំខាន់​ បាន​នាំ​កម្លាំង​ប៉ូលីស​ និង​មន្រ្តី​កង​រាជអាវុធហស្ថ​ប្រដាប់​ដោយ​អាវុធ​ចុះ​ទៅ​ពិនិត្យ មើល​ការ​ជីក​ប្រឡាយ​បង្ហូរ​ទឹក​មួយ​នៅ​តំបន់​បឹង​ត្របែក​កាលពី​ថ្ងៃចន្ទ័។

លោក​ឃុត ប៊ុនឋាន ​អាយុ៦៨ឆ្នាំ​ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងត្របែក​ខាងត្បូង​ ​បាន​និយាយ​ថា ការ​ជីក​ប្រឡាយ​របស់​អាជ្ញាធរ​ខណ្ឌ​ចំការមន ​បាន​ហ៊ុំពទ័្ឋ​យក​ផ្ទៃ​បឹង​ ដែល​ជា​កម្មសិទ្ឋ​របស់​អ្នក​ស្រុក​ចំនួន​ប្រាំភូមិ ​ដែល​ពួកគេ​បាន​កាន់​កាប់​តាំងពី​ឆ្នាំ១៩៨០​មក​ម៉្លេះ។

លោក​បាន​មាន​ប្រសាសន៍ថា​ អាជ្ញាធរ​បាន​គំរាម​កំហែង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​តវ៉ា ប្រឆាំង​នឹង​គម្រោង​ជីក​ប្រឡាយ​នេះ។ លោក​ថ្លែង​ថា៖

«ប្រឡាយ​ធំ​របស់​រដ្ឋ​ហ្នឹង​ គឺ​បុក​ទៅ​ស្ថានីយ​បូម​ទឹក​មាន​មួយ​ហើយ​ ប៉ុន្តែ​គេកាយ​នេះ​ គេ​កាយ​ចូល​មក​ដី​ប្រជាជន​ប៉ែក​ខាង​លិច​វិញ។ ចូល​មក​ខាង​លិច​ រហូត​មក​ដល់​របង​ថ្ម​ផ្ទះ​គេ​ហ្នឹង​ ហើយ​បុក​មក​ជើង​ បាន​ន័យថា​ គេ​កាយ​ព័ទ្ឋ​យកដី​ប្រជាជន​ក្នុង​បឹង​ទាំងអស់»។

អាជ្ញាធរ​ខណ្ឌ​ចំការមន ​បាន​ចាប់ផ្តើម​ស្តា​ប្រឡាយ​មេ​មួយ​ ដែល​មាន​បណ្តោយ​ប្រវែង​ប្រមាណ ជាង​២០០​ម៉ែត្រ ​និង​ទទឹង​ចំនួន​១៥​ម៉ែត្រ​ រយៈពេល​ជាង​ពីរ​ខែ​មកហើយ​ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង ភ្នំពេញ​ ។

លោក​អ៊ីន សុខុន ​អាយុ៥៦ ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ២ ​សង្កាត់​ផ្សារ​ដើមថ្កូវ ​បាន​និយាយថា​ គម្រោង ស្តា​ប្រឡាយ​របស់​អាជ្ញាធរ​ហាក់​បី​ដូចជា​មាន​អ្វី​បិទ​បាំង​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ មើល​ដី​របស់​ខ្លួន។ លោក​បន្តថា៖

«ខ្ញុំ​នៅ​ខាង​ក្នុង​គេ​ទេ​ ប៉ុន្តែ​ការ​ហ៊ុមព័ទ្ធ​របង​កំពុង​តែ​កាយ​ វា​ព័ទ្ឋ​ដេញ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​រួម​គ្នា​ចេញ ​គេ​ព័ទ្ឋជុំវិញ​ គេ​កាយ​ព័ទ្ឋ​ជុំវិញ​មិន​ដឹង​គេ​មាន​គោលបំណ​អ្វី​នៅ​ក្នុង​ហ្នឹង​ មិន​ដឹង​ដល់ ទៅ​សួរ​គេ ​គេ​កំណត់​ថា​ជា​របស់រដ្ឋ»។

លោក​ព្រំ សំខាន់ ​អភិបាល​រង​ខណ្ឌ​ចំការមន ​ដែលបាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទៅចុះ​ពិនិត្យ មើល​ការជីកប្រឡាយ​កាលពី​ថ្ងៃច័ន្ទ​នោះ​ បាន​បដិសេធ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ដោយ​បាន​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​ជាប់​រាយការណ៍​ឲ្យមេ​ ចាំ​បន្តិច​ទៀតៗ​ណាស់»។

ចំណែក​លោក​ប៉ា សុជាតិវង្ស​ អភិបាលរង​ក្រុង​ភ្នំពេញ ​បាន​និយាយថា ​លោក​កំពុង​ជាប់​រវល់​ ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ឲ្យ​ទៅសួរ​មន្រ្តី​ខណ្ឌ​ចំការមន​វិញ។ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖

«យក​ល្អ ជួប​ជាមួយ​ខណ្ឌ​ចំការមន​ជាក់​ស្តែង​ជាង ឥឡូវ​ខ្ញុំ​នៅ​ឆ្ងាយ​សេវា​ស្តាប់​មិនសូវ​បាន»។

ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​១៨៤គ្រួសារ ដែលរស់នៅ​ក្នុង​តំបន់​បឹងត្របែក​ខាងត្បូងនេះ ​បាន​ព្យាយាម​ដាក់ពាក្យ​បណ្តឹង​ទៅ​គ្រប់​ស្ថាប័ន ​សមត្ថកិច្ច​ទាំងអស់ ​តែ​រហូតមកដល់​ពេលនេះ​នៅ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

XS
SM
MD
LG