រដ្ឋាភិបាលប្រទេសអូស្រ្ដាលីទើបតែបានប្រគល់គ្រឿងអលង្ការសម័យបុរាណដ៏កម្រមួយចំនួនដល់ប្រទេសកម្ពុជា។ ការប្រគល់នេះត្រូវមន្ដ្រីនៃប្រទេសទាំងពីរចាត់ទុកថាជាកិច្ចសហការមួយសម្រាប់ការទប់ស្កាត់ការជួញដូរវត្ថុបុរាណឆ្លងកាត់ប្រទេស។
វត្ថុបុរាណទាំងនោះរួមមានគ្រឿងអលង្ការសម្រាប់ការតុបតែងខ្លួន និងអដិ្ឋធាតុនៃប្រជាពលរដ្ឋសម័យបុរាណរបស់ប្រទេសកម្ពុជាសរុបចំនួន៣០បំណែកត្រូវរដ្ឋាភិបាលប្រទេសអូស្ដ្រាលីប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជាវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ទី១០ខែកុម្ភៈ) តាមរយៈស្ថានទូតប្រទេសកម្ពុជាប្រចាំទីក្រុងកង់ប៊ែរ៉ា (Canberra)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសិល្បៈរបស់ប្រទេសអូស្ដ្រាលីនិងតាមការឲ្យដឹងរបស់មន្ដី្រកម្ពុជា។
លោកស្រី Merran Aguilera មន្ដ្រីផ្នែកទំនាក់ទំនងសាធារណៈនៃការិយាល័យសិល្បៈរបស់ខុទ្ធកាល័យនាយករដ្ឋមន្ដ្រីអូស្ដ្រាលីបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិកនៅថ្ងៃសុក្រនេះថា ក្នុងចំណោមគ្រឿងអលង្ការទាំងនោះរួមមានក្រវិលកងដៃនិងកងជើងអំពីសំរឹទ្ធិ រួមទាំងអដ្ឋិធាតុមនុស្សមួយចំនួនរួមមានឆ្អឹងដៃនិងឆ្អឹងជើង។
លោក ស៊ីម៉ុន គ្រីន (Simon Crean) រដ្ឋមន្ដ្រីក្រសួងសិល្បៈប្រទេសអូស្ដ្រាលី មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការជួញដូរអដ្ឋិធាតុមនុស្សជាតិនិងវត្ថុវប្បធម៌ដោយខុសច្បាប់«បានដកហូតបុព្វបុរស និងប្រវត្តិសាស្រ្ដ»ពីប្រទេសដែលជាប់ពាក់ព័ន្ធទាំងនោះ។
គ្រឿងអលង្ការបុរាណ និងអដ្ឋិធាតុទាំងនេះទំនងជាត្រូវគេលួចចេញពីតំបន់ផ្នូរបុរាណនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាពិសេសផ្នូរបុរាណមួយចំនួនដែលទទួលរងការគាស់កកាយយ៉ាងខ្លាំងប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងខេត្តបន្ទាយមានជ័យ។ លោក ឌូហ្គាល អូរីលី (Dougald O'Reilly) នាយករបស់អង្គការ Heritage Watch ដែលជាអង្គការឃ្លាំមើលបេតិកភណ្ឌរបស់ប្រទេសអូស្ដ្រាលីមានប្រសាសន៍ថា គ្រឿងតុបតែងខ្លួនទាំងនេះមានចំណាស់ប្រហែលជា១០០ទៅ៣០០ឆ្នាំក្រោយគ្រិស្ដសករាជ ពោលគឺនៅចន្លោះពីសតវត្សរ៍ទី១និងសតវត្សរ៍ទី៣។
ប្រទេសកម្ពុជាដែលទទួលរងសង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ បានបាត់បង់នូវសម្បតិ្តបេតិកភណ្ឌជាច្រើនដូចជារូបចម្លាក់នៅប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប ប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យនិងរូបសំណាកឬរូបចម្លាក់នៅតាមប្រាង្គប្រាសាទជាច្រើនមួយចំនួនទៀត។ ការបាត់បង់ដោយសារការលួចនិងប្លន់ដោយឧក្រិដ្ឋជនឈ្មួញវត្ថុបុរាណសម្រាប់លក់ទៅក្រៅប្រទេស។
គ្រឿងអលង្ការនិងអដ្ឋិធាតុបុព្វបុរសខ្មែរត្រូវគេដាក់លក់តាមប្រព័ន្ធអ៊ីនធឺណែត មុននឹងត្រូវចាប់រឹបអូសដោយគយប្រទេសអូស្ដ្រាលី។
លោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ដា្រលីមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានរួមថា ការប្រគល់វត្ថុបុរាណពីសំណាក់រដ្ឋាភិបាលប្រទេសអូស្ដ្រាលីដល់ប្រទេសកម្ពុជានេះ «បង្ហាញពីកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសអូស្ដ្រាលីក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌និងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់»។
លោក ហាប់ ទូច អគ្គនាយកនៃនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាមានប្រសាសន៍ថាវត្ថុបុរាណទាំងនេះនឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។
«ខ្ញុំបានទាក់ទងជាមួយនឹងស្ថានទូតខ្មែរនៅអូស្ដ្រាលីហើយ ដើម្បីយើងចាត់ចែងយកវត្ថុទាំងនោះត្រឡប់មកវិញ។ ខ្ញុំត្រូវធ្វើលិខិតទៅរដ្ឋាភិបាលអូស្ដ្រាលីទៀតដើម្បីសុំជួយអន្ដរាគមន៍ក្នុងការយកវត្ថុនោះត្រឡប់មកវិញ»។
ទោះជាយ៉ាងណាលោក ហាប់ ទូច មិនទាន់អាចបញ្ជាក់ថា វត្ថុទាំងនេះនឹងត្រូវមកដល់ប្រទេសកម្ពុជានៅពេលណានោះទេ៕