រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេស ប៉ូឡូញ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ រុស៊្សី ចិន អេស្ប៉ាញ ហុងកុង និងមីយ៉ាន់ម៉ា។
រូបភាពជុំវិញពិភពលោក ២ សីហា ២០១៥

១
ស្រមោលនៃស្ថានីយអវកាសអន្តរជាតិ ត្រូវបានគេឃើញហោះកាត់ឋានព្រះចន្ទ ខណៈយានដែលផ្ទុកសមាជិក៦នាក់នោះ បានហោះកាត់ក្នុងល្បឿន៥ម៉ាលយ៍ក្នុងមួយវិនាទី មើលពីតំបន់ Woodford រដ្ឋ Virginia សហរដ្ឋអាមេរិក។

២
ស្ថានីយអវកាសអន្តរជាតិ ត្រូវបានឃើញនៅក្នុងរូបថតមួយសន្លឹកដែលប្រើបច្ចេកទេសថតរូបក្នុងរយៈពេល ៣០វិនាទី ខណៈយាននេះបានហោះកាត់តំបន់ទីប្រជុំជន Elkton រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ NASA/Bill Ingalls)

៣
រូបថតពីលើអាកាសបង្ហាញពីទឹកជំនន់លិចផ្ទះនិងដំណាំជាច្រើននៅតំបន់ប្រជុំជន Kalay តំបន់ Sagaing ភាគខាងលើនៃប្រទេសមីយ៉ាន់ម៉ា។ ចំនួនមនុស្សស្លាប់ត្រូវគេរំពឹងទុកថានឹងកើនឡើង ដោយសារទឹកជំនន់ដ៏គំហុកនិងការរអិលបាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមការរំឭកដាស់តឿនរបស់អ.ស.ប. ខណៈពេលដែលភ្លៀងមូសុងបាននាំទុក្ខវេទនាទៅកាន់មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់។

៤
បាតុករពាក់អាវទ្រនាប់នៅក្នុងបាតុកម្មមួយ នៅខាងក្រៅទីស្នាក់ការប៉ូលីសក្នុងទីក្រុងហុងកុង។ បាតុករបានផ្តុំគ្នា ដើម្បីគាំទ្រស្រ្តីម្នាក់ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ខែកន្លះ ដោយសារប្រើប្រាស់ដើមទ្រូងរបស់នាងបុកនឹងប៉ូលីសក្នុងពេលបាតុកម្មមួយ។

៥
អ្នកពន្លត់អគ្គីភ័យដើរនៅលើផ្លូវហាយវ៉េលេខ២០ ខណៈដែលភ្លើងឆេះព្រៃនៅតំបន់ភ្នំ Rocky នៅក្បែរបឹង Clear Lake ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ភ្លើងឆេះព្រៃបានធ្វើឲ្យឆេះខ្លោចដើមឈើអស់២៧.០០០ហិចតា ហើយបច្ចុប្បន្នព្រៃឈើដែលនៅសល់មានតែ៥ភាគរយប៉ុណ្ណោះក្នុងតំបន់នោះ។

៦
អ្នកបង្ហោះម៉ូតូជនជាតិអេស្ប៉ាញ លោក Maikel Melero បង្ហាញការបង្ហោះម៉ូតូនៅក្នុងកម្មវិធីបង្ហោះម៉ូតូសេរី (Malaga Freestyle Motocross show) នៅឯវាលប្រកួត Malagueta ក្នុងទីក្រុង Malaga ភាគខាងត្បូងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

៧
មនុស្សជាច្រើនបានចូលលេងនៅសួនទឹកមួយក្នុងទីក្រុង Nanjing ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

៨
រូបភាពផ្គុំគ្នាបង្ហាញពីការចុះចតយ៉ាងលំបាកនៃឧទ្ធម្ភាគចក្រ Mi-28M របស់កងប៉ូលីសពិសេស Berkut (ក្រុមឥន្ទ្រីយពិសេស) ក្នុងអំឡុងពេលប្រកួតយោធាអាកាស នៅកន្លែងហាត់បាញ់ Dubrovichi ក្នុងតំបន់ Ryazan ប្រទេសរុស្ស៊ី។ ម៉ាស៊ីនខាងក្រោយនៃឧទ្ធម្ភាគចក្រនោះបានឈប់ដំណើរការហើយបានធ្លាក់ចុះ ដោយធ្វើឲ្យអ្នកបើកឧទ្ធម្ភាគចក្រម្នាក់បានស្លាប់ ក្នុងចំណោមអ្នកបើកបរទាំងពីរ នេះបើយោងតាមអ្នកថតរូបនៃទីភ្នាក់ងារសារព័ត៌មាន Reuters និងមន្រ្តីនាំពាក្យនៃការប្រកួតនេះ។

៩
រូបថតបញ្ចូលគ្នា២សន្លឹកបង្ហាញពី សិល្បករអាល្លឺម៉ង់ម្នាក់តោងកុងតឺន័រមួយ នៅក្នុងការសម្តែង «Tarzan/Standbein (Tarzan/ជើងទម្រ)» នៅក្នុងពិធីពិព័រណ៌បើកចំហក្រៅអគារមួយឈ្មោះថា «ទីក្រុងគឺជាតារា, សិល្បៈនៅឯការដ្ឋានសំណង់ (The city is the star, Art at the construction site)» ក្នុងទីក្រុងKarlsruhe ភាគនិរតី ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

១០
កម្អែលនៃភ្នំភ្លើង Piton de la Fournaise កំពុងផុសឡើង។ ភ្នំភ្លើងនេះស្ថិតនៅចំណោមភ្នំភ្លើងសកម្មជាងគេលើកោះដែលគ្រប់គ្រងដោយប្រទេសបារាំងឈ្មោះ Reunion ក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

១១
សត្វឆ្កែពូជ American Eskimo ឈ្មោះ Ziggy ផ្ទប់ខ្លួននឹងរលក នៅក្នុងការប្រកួតជិះក្តាររំអិលលើទឹកដោយសត្វឆ្កែប្រចាំឆ្នាំលើកទី១០ រៀបចំដោយក្រុមហ៊ុន Pecto Unleashed នៅឯឆ្នេរសមុទ្រ Imperial Beach ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

១២
រូបភាពនៃសត្វតោឈ្មោះ Cecil ត្រូវបានបញ្ចាំងនៅលើអគារ Empire State Building ជាផ្នែកមួយនៃការបញ្ចាំងរូបភាពសត្វជិតផុតពូជ ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។

១៣
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញស្នាដៃច្នៃប្រឌិតដោយសិល្បករ Anita Zmurko-Sieradzka នៅក្នុងកម្មវិធីបង្ហាញម៉ូត «Fashionable East - Fashion Week» នៅក្នុងទីក្រុង Bialystok ភាគខាងកើតនៃប្រទេសប៉ូឡូញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥។